ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
Sage Northcutt ត្រឡប់មកវិញ​ក្នុង​ទម្ងន់ Featherweight ដោយ​ទម្លាក់​ពីរ​ប្រភេទ​ទម្ងន់​
16, May 2020 , 7:19 pm        
រូបភាព
ដោយ​៖ ស៊ី​ធី​
 
ONE Championship នឹង​ត្រឡប់មកវិញ​ដើម្បី​ស្វែងរក​ជើង​ខ្លាំង​ក្នុង​ទម្ងន់ featherweight ខណៈដែល Sage Northcutt ប៉ង​មក​ប្រកួត​ក្នុង​ទម្ងន់​នេះ​នៅ​ឆ្នាំ​២០២០​។  Northcutt បានបង្ហាញ​ខ្លួន​ដំបូង​កាល​ខែឧសភា ឆ្នាំ ២០១៩ ក្នុង​ទម្ងន់ welterweight ប៉ុន្តែ​រូបគេ​មានបំណង​ទម្លាក់​រហូតដល់​ពី​រគ​ន្លា​ក់​ទម្ងន់​ដើម្បី​ស្វែងរក​ខ្សែក្រវាត់​នៅ​សង្វៀន The Home Of Martial Arts (ONE)​។

 

 
Northcutt បាន​ថ្លែងថា ៖«​ខ្ញុំ​ពិតជា​រីករាយ​ក្នុងការ​ត្រលប់​មកវិញ​។ ការប្រកួត​ចុងក្រោយ របស់ខ្ញុំ​គឺជា​ការប្រកួត​ដំបូង​នៅ ONE Championship​។ ពេល​ឡើង​ទម្ងន់ welterweight គឺជា​ទម្ងន់​ធ្ងន់​មួយ​សម្រាប់​ខ្ញុំ​។ ដូច្នេះ​ខ្ញុំ​ត្រូវ​ទម្លាក់​ចុះ​ក្រោយ​វិញ​។ ខ្ញុំ​នឹង​ប្រកួត​ក្នុង​ទម្ងន់ featherweight»​។ 
 
​កីឡាករ​សញ្ជាតិ​អាមេរិក​វ័យ​២៤ ឆ្នាំ បាន​រៀបរាប់ថា​៖«​ពេល​ខ្ញុំ​ប្រកួត​ក្នុង​ទម្ងន់ lightweight និង welterweight  គឺ​ញុំ​ា​អាហារ​ច្រើន​ដើម្បី​ទទួលបាន​ទម្ងន់​នេះ​។ ឥឡូវនេះ​ខ្ញុំ​ត្រលប់មក​ប្រកួត​ទម្ងន់​ដើម​របស់ខ្ញុំ​វិញ​។ ខ្ញុំ​គិតថា​វា​នឹង​ប្រសើរឡើង និង រហ័ស​ជាង​មុន​។ កម្លាំង​អំណត់​របស់ខ្ញុំ នឹង​ល្អប្រសើរ ព្រោះ​ខ្ញុំ​បាន​ហ្វឹកហាត់​ល្អ​។ ការប្រកួត​ទម្ងន់​ដើម​របស់ខ្ញុំ​គឺ​នឹង​ល្អ​ជាង​មុន​»​។ 
 
​កូនសិស្ស​មកពី Evolve និង Team Alpha Male មិនមាន​បញ្ហា​ក្នុងការ​បញ្ចុះទម្ងន់​ដែល​ពីមុន​មាន​ទម្ងន់ ៨៣,៩ គីឡូក្រាម​។ រូបគេ​នឹង​ទម្លាក់ មក​ត្រឹម featherweight ដែល​កំណត់​ត្រឹម​ទម្ងន់ ៧០,៣ ប៉ុណ្ណោះ​។ Northcutt នឹង​សម្រក​ទម្ងន់​ដោយមាន​ក្បួនខ្នាត​ត្រឹមត្រូវ​ដោយ​ប្រើ​ឧបករណ៍​ស្ដង់ដារ​របស់ ONE ហើយ​មានការ​ប្រកួត​កាន់​តែមាន​ទំនុកចិត្ត​។ 


 
​កីឡាករ​រហស្សនាម “Super” បាន​គូសបញ្ជាក់​បែបនេះ ៖«​វា​នឹងមាន​ឱកាស​រងរបួស​តិចតួច​។ ខ្ញុំ​គិតថា​ពិតជា​ល្អ​ជាង​មុន​។ ការ​សម្រក​ទម្ងន់​នេះ​ធ្វើ​ឲ្យ​កីឡាករ​កាន់តែ​ល្អ​ឡើង​»​។ បែបណា​ក្ដី “Super” កំពុង​សម្រាក​ហ្វឹកហាត់​នៅផ្ទះ​ដោយសារតែ​រដ្ឋាភិបាល​ដាក់​កំហិត​ព្រោះតែ​មេរោគ COVID-19 ។ យ៉ាង​ក៏ដោយ រូបគេ​នៅតែ​ធ្វើការ​ជាប្រចាំ​ដើម្បី​រក្សា​កម្លាំង និង​កាយសម្បទា​ឲ្យ​រឹងមាំ​។ 
 
​កីឡាករ​ដដែល​ពិពណ៌នា​ដូច្នេះ ៖«​វា​ពិបាក​បន្តិច​ហើយ​កីឡាករ​ជាច្រើន​បានធ្វើ​បែបនេះ និង​ហាត់​នៅផ្ទះ​។ ប៉ុន្តែ​ត្រូវ​យកចិត្តទុកដាក់​សម្រាប់​សុខភាព​។ សម្រាប់​ខ្ញុំ ខ្ញុំ​ចាត់ទុក​វា​ការលើកទឹកចិត្ត ហើយ​ការ​ត្រលប់​មកវិញ​កាន់តែ​ខ្លាំងក្លា​។ ខ្ញុំ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ក្នុងការ​សម្រក​ទម្ងន់ និង​ត្រៀម​រួចរាល់​ទាំង​កម្លាំង​និង​ស្មារតី​»​។
 
​ម្ចាស់​ខ្សែក្រវាត់ Karate World Champion ច្រើន​សម័យកាល​នឹងធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ក្នុង​ទម្ងន់ featherweights នៅពេល​រូបគេ​ត្រលប់​មកវិញ​។ កីឡាករ​មកពី​រដ្ឋ​Texas ក៏បាន​ដឹង​ដែរ​ថា​វា​មិន​ងាយស្រួល​នោះឡើយ ប៉ុន្តែ​គោលដៅ​របស់ខ្លួន​នៅ​ដដែល​។ 
 
«​ខ្ញុំ​ចង់​ឈ្នះ​ជើងឯក​។ នោះ​ជា​គោលដៅ​របស់ខ្ញុំ​។  ខ្ញុំ​មិន​ខ្វល់​ថា​ជួប​នរណា​នោះឡើយ​។ ខ្ញុំ​បាន​ទស្សនា​វីដេអូ​ជាច្រើន​ក្នុង​ទម្ងន់​នេះ​រួមទាំង  Martin Nguyen ផងដែរ​ដែលជា​ម្ចាស់​ខ្សែក្រវាត់​។ គេ​ពិតជា​ល្អ​ណាស់​។ ខ្ញុំ​បាន​មើល​វីដេអូ​ជារឿយៗ ដែល Nguyen បាន​ប្រកួត​។ ខ្ញុំ​មិន​ចុច​ឈ្មោះ​អ្នកណា​ដែល​ចង់​ប៉ះគ្នា​ទេ ប៉ុន្តែ​ពួកគេ​ជា​កីឡាករ​គួរកត់សម្គាល់​»​។ Northcutt ពន្យល់​យ៉ាង​ដូច្នេះ​។ .
 
​លោក Chatri Sityodtong ដែលជា​ប្រធាន និង នាយ​ប្រតិបត្តិ​របស់ ONE Championship បាន​និយាយថា​សង្វៀន​ធំ​លំដាប់​ពិភពលោក​នេះ​មាន​កីឡាករ​កីឡាការិនី​ល្អៗ​ជាច្រើន ហើយ​ពួកគេ​សម្បូរ​ដោយ​ក្បាច់​ជំនាញ​ផ្សេងៗ​គ្នា​ដូចជា កា​រ៉ា​តេ​, kickboxing, ចំបាប់​, ជឺ​ជិត​ស៊ូ​, ឬ ប្រដាល់សកល​ជាដើម​។ ពួកគេ​ជា​កីឡាករ​ខ្លាំង​ជុំវិញ​ពិភពលោក​។ 
 
​កីឡាករ​អាមេរិក​រូប​នេះ​ខកខាន​ឡើង​ប្រកួត​រយៈពេល ១២ ខែ​មកហើយ​។ ឥឡូវនេះ​ដល់ពេល​វេលា​ដែល Northcutt ត្រៀម​ជំនាញ​គុន​ចម្រុះ​របស់ខ្លួន​ត្រលប់​មកវិញ​នៅ​ឆ្នាំ ២០២០ នេះ​។ “Super” និយាយថា ៖«​ខ្ញុំ​មាន​បច្ចេកទេស​ច្រើនណាស់ ដែល​មិនបាន​ប្រើ​ពីមុនមក​។ ហើយ​ខ្ញុំ​ក៏មាន​ស្ទិល​ប្រកួត​ខុសៗ​គ្នាច្រើន​ដែរ​។ ខ្ញុំ​នឹង​បង្ហាញ​ភាពខុសប្លែក​ជាក់​ជាមិនខាន​»​។ 
​តារា​គុន​ចម្រុះ​សញ្ជាតិ​អាមេរិក​សង្កត់ធ្ងន់ថា​៖«​ខ្ញុំ​បាន​រៀន​ច្រើន​ពី​ការប្រកួត​លើក​មុន​របស់ខ្ញុំ​។ ខ្ញុំ​រំពឹងថា​កាន់​តែមាន​ភាពខុសប្លែក​ពេល​ឡើង​ប្រកួត​ម្ដងទៀត​។ ខ្ញុំ​នឹង​ប្រកួត​កាន់តែ​រំជើបរំជួល​ជាង​ពេលមុន និង ដាក់​គោលដៅ​ឡើង​សង្វៀន​គ្រប់គ្រង​គូប្រកួត​ឲ្យ​ជាប់​»៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com