នៅលើដងខ្លួនរំលេចទៅដោយពណ៌ត្នោតចម្រុះ «ត្រីដំរី» Oxyeleotris marmorata ជាប្រភេទត្រី ដែលអាចរស់នៅក្នុងទឹកសាបផង និងទឹកភ្លាវផងដែរ។ ត្រីនេះ មានស្តង់ដាប្រវែងដងខ្លួនអតិបរមា ៦៥សង់ទីម៉ែត្រ និងប្រវែងដងខ្លួនទូទៅសរុប ៣០សង់ទីម៉ត្រ។ ពួកវារស់នៅតាមទន្លេ បឹងទន្លេសាប ព្រែក អូរ ទីដែលពួកវារកពពួកត្រីតូចៗ បង្គារ វារិជាតិ ខ្យង និងក្តាមធ្វើជាអាហារបាន។
នៅក្នុងសង្គមខ្មែរ មានរឿងនិទានមួយដែលជាប់ទាក់ទងនឹង «ត្រីដំរី» គឺរឿង «មរណមាតា»។ រឿងនេះ ត្រូវបានចងក្រងឡើងជាបទកំណាព្យ ដោយព្រះភិក្ខុសង្ឃមួយអង្គព្រះនាម អ៊ុក ក្នុងពេលព្រះអង្គមានព្រះជន្ម ២២ព្រះវស្សា នៅក្នុងឆ្នាំ១៨៧៧។ ដំណើររឿងនេះវែងណាស់ តែគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សូមដកស្រង់ត្រឹមម្តាយ និងឪពុករបស់តួអង្គជួបគ្នា ដល់ម្តាយរបស់តួអង្គបានស្លាប់ ហើយក្លាយជា «ត្រីដំរី» ប៉ុណ្ណោះ។
«មរណមាតា» គឺជាឈ្មោះទីពីរ របស់កុមារីម្នាក់ ដែលមានឈ្មោះដើម «កុមារី»។ នាងគឺជាចំណងដៃស្នេហាក្រៅអាពាហ៍ពិពាហ៍ របស់កម្លោះក្រមុំមួយគួ ដែលរស់នៅផ្ទះក្បែរគ្នា ហើយបានជម្រត់គ្នា នៅពេលពួកគេចេញទៅចាំចាបនៅឯស្រែ ទៅរស់នៅក្នុស្រុកផ្សេង ដែលជាស្រុករបស់ចោរ។ រស់នៅទីនោះបានមួយរយៈ ពួកគេទាំងពីរ ក៏សុំមេស្រុកចោរធ្វើជាឪពុកធម៌។ មេស្រុកចោរក៏យល់ព្រម ហើយគាត់ក៏ចែកទ្រព្យសម្បតិ្ត និងអ្នកបម្រើជាច្រើនាក់ដល់ពួកគេទាំងពីរផងដែរ។
ដោយចង់សាងគ្រួសារមួយរស់នៅក្នុងជីវិតពីរនាក់ប្តីប្រពន្ធ ម្តាយរបស់កុមារី បានសុំឪពុកធម៌ជាមេស្រុក ទៅតាំងទីលំនៅក្នុងភូមិថ្មីមួយ។ ពួកគេទាំងពីរ ក៏ទទួលបានកូនស្រីម្នាក់ជាចំណងដៃសេ្នហា ដោយដាក់ឈ្មោះថា៖ «កុមារី» ។ ការកើតចាស់ ឈឺ ស្លាប់ ជារឿងធម្មតារបស់សត្វលោក ឪពុកធម៌ និងជាជីតាធម៌ដែលជាមេស្រុកក៏បានស្លាប់ទៅ។ ឪពុករបស់កុមារី ក៏បានឡើងជាធំនៅក្នុងស្រុកនោះ ជំនួសលោកតាធម៌របស់នាង។
ពេលកុមារី អាយុបាន៧ឆ្នាំ មានស្រី្ដម្នាក់ជាមេម៉ាយកូនពីរ និងមានបងស្រីម្នាក់ទៀត តែងតែព្យាយាមមកប្រលោមសុំស្នេហ៍លោកមេស្រុក ដែលជាឪពុករបស់កុមារី រហូតបានសម្រេច ហើយពួកគេក៏បានមករស់នៅជុំគ្នាទាំងអស់។ ក្រោយមក ឪពុករបស់កុមារីបានធ្លាក់ខ្លួនក្រ បាត់បង់អស់ទ្រព្យសម្បត្តិ។ ឯក្នុងគ្រួសារ ក៏ចេះតែមានរឿងរកាំរកូសកើតឡើង ដោយសារស្រីមេម៉ាយ ដែលជាម្តាយចុងរបស់កុមារីនោះ តែងតែមួលបង្កាច់ ចាក់ឆ្កឹះឆ្កៀល ធ្វើឲ្យឪពុកកុមារីខឹង និងវាយធ្វើបាបម្តាយរបស់នាងជារៀងរាល់ថ្ងៃ។
សម័យថ្ងៃមួយ ឪពុករបស់កុមារី បាននាំម្តាយរបស់នាងនៅបង់ត្រី ហើយក៏វាយគាត់ទម្លាក់ទឹកស្លាប់បាត់ទៅ។ ពេលនោះ ម្តាយនាងកុមារី ក៏បានកើតជា «ត្រីដំរី»។ ពេលសម្លាប់ហើយ ឪពុករបស់កុមារី ក៏វិលត្រឡប់មកផ្ទះវិញ។ ដោយពុំឃើញម្តាយមកជាមួយ កុមារី ក៏យំរត់ទៅរកម្តាយរហូតដល់កំពង់ទឹក។ ពេលនោះ នាងទេពធីតាមួយអង្គ បានបង្ហាញខ្លួន ហើយប្រាប់នាងថា៖ «ម្តាយរបស់ឯងស្លាប់ហើយ»។ ពេលនេះ គាត់បានចាប់កំណើតជា «ត្រីដំរី»។ កុមារី ក៏ស្រែកហៅម្តាយរបស់នាង។ ម្តាយរបស់នាង ដែលចាប់កំណើតជាត្រីដំរីនោះ ក៏ហែលមកជិត ហើយប្រាប់កូនអំពីដំណើររឿងរបស់ខ្លួនគ្រប់សព្វ។
ការរស់នៅជាមួយឪពុក និងម្តាយចុង កុមារីត្រូវទទួលបន្ទុកការងារធ្ងន់ៗ ជាច្រើនជាប្រចាំថ្ងៃ។ ប៉ុន្តែ ទោះយ៉ាងណា នាងមិនដែលភ្លេចយកកន្ទក់ទៅបាចឲ្យត្រីដំរី ជាម្តាយឆីឡើយ។ តាំងពីនោះមក អ្នកស្រុកបានហៅឈ្មោះកុមារីថា៖ នាង «មរណមាតា» វិញ។
ទោះឆ្លងកាត់ពេលវេលាជាងមួយមួយសតវត្សរ៍ទៅហើយក្តី រឿងមរណមាតានេះ នៅតែមានប្រជាប្រិយភាពរហូតមកដល់បច្ចុប្បន្នក្នុងចំណោមប្រជាជនខ្មែរ ហើយមានអ្នកខ្លះមិនហ៊ានបរិភាគ «ត្រីដំរី» ដោយមានជំនឿថា «ត្រីដំរី» គឺជាមនុស្សចាប់ជាតិ ព្រោះដោយសារសាច់រឿង មានជាប់ទាក់ទងនឹងវា៕