សង្គមអន្តរជាតិ
អន្តរជាតិ
ក្រោយរៀនអស់កន្លះសតវត្ស បុរសអ៊ីតាលីវ័យ៧០ឆ្នាំ ទទួលបរិញ្ញាបត្រដូចបំណង
× លោក Alberto Valente ជនជាតិអ៊ីតាលីវ័យ៧០ឆ្នាំ បានចុះឈ្មោះចូលរៀនសាកលវិទ្យាល័យ Florence កាលពីឆ្នាំ១៩៦៩ ហើយលោកមិនដែលបោះបង់នៅឡើយ។ ៥០ឆ្នាំក្រោយមក ពោលគឺកាលពីចុងខែមេសា លោកបានទទួលបរិញ្ញាបត្រសេដ្ឋកិច្ច និងពាណិជ្ជកម្មដូចបំណង។
រៀនយឺតប្រសើរជាងបោះបង់។ នេះជាគំនិតរបស់លោកតា Alberto Valente ដែលឈានចូលដល់វ័យ៧០ឆ្នាំទៅហើយ។ កាលពីឆ្នាំ១៩៦៩ គាត់បានចុះឈ្មោះរៀនមហាវិទ្យាល័យជំនាញសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យនៅក្នុងស្រុកកំណើតខ្លួន ប៉ុន្តែដោយសារគ្រួសារក្រីក្រ និងត្រូវបំពេញកាតព្វកិច្ចយោធា គាត់មិនបានរៀនពេញលេញនោះឡើយ។
ថ្លែងប្រាប់សារព័ត៌មាន La Repubblica លោកតា Alberto បានពន្យល់បន្ថែមពីភាពយឺតយ៉ាវរបស់ខ្លួនថា៖ «ក្រោយចប់វិទ្យាល័យ ខ្ញុំបានសម្រេចចិត្តបន្តការសិក្សា ប៉ុន្តែឪពុកម្តាយរបស់ខ្ញុំគ្មានលុយបង់ឡើយ។ ខ្ញុំបានឆ្លៀតធ្វើការ ហើយរកលុយបង់សាលាដូចខ្លួនឯង ប៉ុន្តែក៏នៅតែខកខាន ដោយសារខ្ញុំត្រូវបំពេញកាតាព្វកិច្ចយោធា។ ខ្ញុំបានសម្រេចចិត្តឃ្លាតពីការសិក្សាដើម្បីទទួលបានបទពិសោធន៍នៅក្រៅប្រទេស»។
ទោះបីជាយ៉ាងណាក៏ដោយ លោកតា Alberto អះអាងថា លោកមិនបានបោះបង់ចូលការសិក្សាឡើយ ដោយលោកភ្ជាប់ទំនាក់ទំនងជានិច្ចជាមួយសាលា។ ជាទូទៅ ប្រព័ន្ធអប់រំនៅសាកលវិទ្យាល័យ Florence អនុញ្ញាតឲ្យសិស្សប្រឡងរៀងរាល់៣ទៅ៤ខែម្តង ប៉ុន្តែលោកតា Alberto អាចប្រឡងនៅរៀងរាល់៣ ទៅ៤ឆ្នាំម្តង។ លោកបានបញ្ជាក់ថា៖ «៥០ឆ្នាំកន្លងមកនេះ ខ្ញុំឈប់ច្រើន ប៉ុន្តែមិនដែលបោះបង់ឡើយ»។
បច្ចុប្បន្នលោកតា Alberto ជាម្ចាស់សហគ្រាសមួយ ហើយគាត់មានឱកាសបន្តការសិក្សា ដោយសារតែមានការជំរុញលើកទឹកចិត្តផងដែរពីសំណាក់កូនៗរបស់ខ្លួន។ គាត់បានបញ្ចប់ការសិក្សាដោយជោគជ័យនៅឆ្នាំ២០១៩ ហើយគាត់ការពារសារណាជោគជ័យកាលពីថ្ងៃទី៣០ ខែមេសា តាមរយៈប្រព័ន្ធវីដេអូ ដោយសារបណ្តាសាលានៅអ៊ីតាលី បានបិទ។
ក្រោយទទួលបានសញ្ញាបត្រដែលជាបំណងប្រាថ្នា ៥០ឆ្នាំ លោកតា Alberto គម្រោងចូលនិវត្តពីការងារនារយៈពេល៣ ទៅ៤ខែខាងមុខទៀត។ លោកបញ្ជាក់បន្ថែមប្រាប់ La Repubblica ថា៖ «ខ្ញុំចង់រៀនបន្តផ្នែកវិទ្យាសាស្ត្រនយោបាយផងដែរ ប៉ុន្តែបើមានឱកាសខ្ញុំនឹងរៀនឲ្យបានលឿនជាងនេះ»៕
© រក្សាសិទ្ធិដោយ thmeythmey.com