កីឡាជាតិ
ជាតិ
ក្រោយលើកពេលម្តង អាស៊ានប៉ារ៉ាហ្គេមនៅហ្វីលីពីន អាចផ្អាកដំណើរការ ដោយសារកូវីដ-១៩ អត្តពលិកកម្ពុជាថតជុំគ្នានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយត្រឡប់មកពីចូលរួម ASEAN Para Games នៅម៉ាឡេស៊ី
× ព្រឹត្តិការណ៍កីឡាសម្រាប់ជនមានពិការភាពដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEAN Para Games លើកទី១០នៅប្រទេសហ្វីលីពីន អាចត្រូវបានផ្អាកដំណើរការដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្រុមប្រឹក្សាភិបាល និងសមាជិកប្រតិបត្តិនៃគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ីអាគ្នេយ៍ នឹងរៀបចំកិច្ចប្រជុំនៅអំឡុងខែកក្កដា ឆ្នាំ២០២០ ដើម្បីពិភាក្សាពាក់ព័ន្ធបញ្ហានេះ។
ក្រោយពន្យាអស់រយៈពេលជាច្រើនខែ ដំណើរការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១០នៅប្រទេសហ្វីលីពីនបន្តស្ថិតនៅក្នុងភាពស្រពេចស្រពិលនៅឡើយ។ បើតាមលិខិតរបស់គណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ីអាគ្នេយ៍ ដែលផ្ញើជូនគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រឹត្តិការណ៍នេះ អាចនឹងត្រូវបានលុបចោល បើសិនករណីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅតែបន្តកើនឡើង។
លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានបញ្ជាក់ថា ក្រុមប្រឹក្សាភិបាល និងសមាជិកប្រតិបត្តិនៃគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ីអាគ្នេយ៍ នឹងរៀបចំកិច្ចប្រជុំនៅអំឡុងខែកក្កដា ឆ្នាំ២០២០ ដើម្បីពិភាក្សាពាក់ព័ន្ធការសម្រេចផ្អាក ឬបន្តរៀបចំព្រឹត្តិការណ៍ ASEAN Para Games និងកិច្ចការងារសំខាន់ៗ ដែលត្រូវធ្វើបន្ទាប់។
អគ្គលេខាធិការរូបនេះអះអាងថា លោកមានតែការសោកស្តាយប្រសិនបើព្រឹត្តិការណ៍នេះត្រូវបានផ្អាកដំណើរការ ដោយសារអត្តពលិក គ្រូបង្វឹក និងថ្នាក់ដឹកនាំកម្ពុជាបានខិតខំយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍សមត្ថភាព ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ខាងលើ។ «រាល់ថ្ងៃបងប្អូនអត្តពលិកយើងនៅតែបន្តហ្វឹកហាត់ទោះបីមិនដឹងថាព្រឹត្តិការណ៍នេះត្រូវផ្អាក ឬបន្តរៀបចំក៏ដោយ។ វាមិនអីនោះទេ ព្រោះគាត់រំពឹងទុកថា ការហ្វឹកហាត់នេះ គឺត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗ និងការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១នៅវៀតណាម និងលើកទី១២នៅកម្ពុជា»។ នេះជាការបន្ថែមរបស់លោក យី វាសនា។
តាមគម្រោងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១០នៅហ្វីលីពីនគ្រោងធ្វើឡើង១ខែបន្ទាប់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមក្នុងខែមករា តែត្រូវលើកពេលទៅនៅខែមីនា ឆ្នាំ២០២០។ បន្ទាប់មកដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រឹត្តិការណ៍នេះ ត្រូវបានលើកពេលម្តងទៀតទៅរៀបចំនៅអំឡុងខែតុលា ឆ្នាំ២០២០។ គិតត្រឹមថ្ងៃទី១៥ ឧសភា ឆ្នាំ២០២០ ហ្វីលីពីនមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១២,០៩១នាក់ ដោយព្យាបាលជាសះស្បើយចំនួន២,៤៦០នាក់ និងអ្នកស្លាប់ចំនួន៨០៦នាក់៕
Tag:
ASEAN Para Games
យី វាសនា
ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com