ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
វេជ្ជបណ្ឌិត តាន់ ឥន្ទដ្រាវីណា ប្រើជំនាញនិងឱកាសទីផ្សារ បើកអាជីវកម្មលក់«ឯកសណ្ឋានពេទ្យ»
× ភ្នំពេញ៖ វេជ្ជបណ្ឌិត តាន់ ឥន្ទដ្រាវីណា បានចាប់ផ្តើមអាជីវកម្មលក់ឯកសណ្ឋានពេទ្យ អំឡុងនៅពេលដែលកញ្ញាសិក្សាថ្នាក់បរិញ្ញាជំនាញវេជ្ជសាស្ត្រទូទៅ នៅឆ្នាំទី៦ ជាមួយនឹងមិត្តភក្តី៣នាក់ផ្សេងទៀត។ ស្ថាបនិកវ័យ២៨ឆ្នាំ ឥន្ទដ្រាវីណា មើលឃើញឱកាសទីផ្សារនៅកម្ពុជាដែលមានត្រូវការច្រើន ក្រោយពេលដែលកញ្ញាបានឃើញពីគំរូអាជីវកម្មបែបនេះមានច្រើននៅប្រទេសថៃ និងកូរ៉េ។ ម្ចាស់អាជីវកម្មលក់ឯកសណ្ឋានពេទ្យដែលមានស្លាកយីហោ «អេច & វី» យល់ឃើញថា នៅពេលដែលគ្រូពេទ្យកម្ពុជាមានឯកសណ្ឋានសុខាភិបាលនេះទាំងអស់គ្នា គឺជាផ្នែកមួយជួយបង្កើនសោភ័ណ្ឌភាព និងផាសុភាព។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាង ទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ និង វេជ្ជបណ្ឌិត តាន់ ឥន្ទដ្រាវីណា នាយិកាមណ្ឌលវេជ្ជសាស្ត្រដេវ៉ាល់រ៉ា ដូចតទៅ៖
មិនមែនជារឿងចេដន្យទេដែលស្ថាបនិកហាង«អេច & វី» វ័យ២៨ឆ្នាំ ឥន្ទដ្រាវីណា ហ៊ានចាប់យកអាជីវកម្មផ្នែកសុខាភិបាល ទាំងខ្លួនមិនទាន់រៀនចប់។ ជានិស្សិតពេទ្យជំនាញផ្នែកសុខាភិបាលស្រាប់ បានធ្វើឱ្យកញ្ញា តាន់ ឥន្ទដ្រាវីណា យល់ច្បាស់ពីតម្រូវការរបស់អថិតិជន ដែលធ្វើឱ្យកញ្ញាមើលឃើញឱកាសកាន់តែច្រើនលើជំនួញនេះ។
«ខ្ញុំមើលឃើញពីចំនុចខ្វះខាតមួយចំនួន ទាក់ទងនឹងសំលៀកបំពាក់ផ្នែកសុខាភិបាល ដោយសារ២ឆ្នាំមុនអត់ទាន់មានកន្លែងណាដែលគេផ្គត់ផ្គង់ទេ។ យើងឃើញប្រទេសថៃ ប្រទេសកូរ៉េ គេមានសំលៀកបំពាក់ពេទ្យស្អាត អីចិងធ្វើឱ្យមន្ទីរពេទ្យគេមានផាសុភាព ដូចនេះ ទើបខ្ញុំនិងមិត្តភិក្កបង្កើតអាជីវកម្មហ្នឹងទៅ»។ វេជ្ជបណ្ឌិត តាន់ ដ្រាវីណា មើលឃើញពីត្រូវការទីផ្សារសម្ភារសម្លៀកបំពាក់ពេទ្យនៅកម្ពុជាដូច្នេះ។
វេជ្ជបណ្ឌិតឯកទេស វេជ្ជសាស្ត្រទូទៅ រូបនេះ បានឲ្យដឹងទៀតថា ៖«ដោយសារយើងជាពេទ្យស្រាប់ ដូចនេះ យើងមានទំនាក់ទំនងច្រើន ហើយយើងមានជំនាញទៀត។ បើយើងកាត់សម្លៀកបំពាក់នៅកន្លែងផ្សេង គាត់ចេះតែកាត់ ប៉ុន្តែ ពួកយើងយល់ថា តើគិលានដ្ឋានគួរពាក់សម្លៀកបំពាក់យ៉ាងម៉េច? ហើយធ្វើការនៅមន្ទីររដ្ឋគួរពាក់ម៉េច? អ្នកធ្វើការពេទ្យឯកជនគួរពាក់ម៉េច? ហើយអ្នកធ្វើការនៅបន្ទប់វះកាត់ត្រូវការសាច់ក្រណាត់យ៉ាងម៉េច? ដើម្បីសាកសម្យទៅនឹងតម្រូវការ។ អីចឹងខ្ញុំគិតថា ខ្ញុំមានចំណេះដឹងផ្នែកពេទ្យ ជាផ្នែកមួយសំខាន់ដែលយើងអាចចាប់ផ្ដើមអាជីវកម្មផ្នែកនេះ»៕
© រក្សាសិទ្ធិដោយ thmeythmey.com