COVID-19
អន្តរជាតិ
WHO៖ ការបាញ់ថ្នាំសម្លាប់មេរោគដើម្បីកម្ចាត់ COVID-19 អាចប៉ះពាល់សុខភាព រូបភាព Xinhua
× អង្គការសុខភាពពិភពលោក (WHO) បានព្រមានពីការបាញ់ថ្នាំសម្លាប់មេរោគដែលកំពុងអនុវត្តនៅតាមប្រទេសខ្លះក្នុងគោលដៅកម្ចាត់ជំងឺ COVID-19 ។ បើតាម WHO ការបាញ់ថ្នាំសម្លាប់បែបនេះនៅតាមទីសាធារណៈ អាចមិនមានប្រសិទ្ធភាពដើម្បីសម្លាប់ COVID-19 ឡើយ តែអាចបង្កគ្រោះថ្នាក់ដល់មនុស្សទៅវិញ។ ស្បែក និងភ្នែករបស់មនុស្ស ជាសរីរាង្គដែលងាយរងគ្រោះជាងគេដោយសារសារធាតុសម្លាប់មេរោគ។
ការបាញ់ថ្នាំសម្លាប់មេរោគនៅទីសាធារណៈដូចជាផ្លូវធ្វើដំណើរ និងទីផ្សារ ត្រូវបានប្រទេសជាច្រើនអនុវត្តសំដៅសម្លាប់ជំងឺ COVID-19 ។ យ៉ាងណាមិញ អង្គការសុខភាពពិភពលោក មិនគាំទ្រវិធានការបែបនេះឡើយ ព្រោះវាមិនអាចលុបបំបាត់មេរោគ ហើយថែមទាំងអាចបង្កបញ្ហាដល់សុខភាពមនុស្សទៀតផង។
WHO ពន្យល់ថា ការបាញ់ថ្នាំ ឬឧស្ម័ននៅទីសាធារណដូចជាវិថី ឬទីផ្សារនោះ មិនត្រូវបានណែនាំឲ្យធ្វើដើម្បីសម្លាប់វីរុស COVID-19 ឬវីរុសឆ្លងដទៃទៀតឡើយ ពីព្រោះថ្នាំទាំងនោះ គ្មានសកម្មភាពឡើយនៅពេលប៉ះធូលី ឬកម្ទេចកំទីផ្សេង។ អង្គការនេះបញ្ជាក់ថា ការបាញ់សារធាតុគីមីនេះ ក៏ទំនងមិនអាចមានប្រសិទ្ធភាពគ្រប់ដណ្ដប់លើផ្ទៃក្នុងរយៈពេលដែលត្រូវការដើម្បីកម្ចាត់វីរុសដែរ។
លើសពីនោះ អង្គការទទួលបន្ទុកកិច្ចការសុខភាពអន្តរជាតិមួយនេះ ក៏អះអាងដែរថា ផ្លូវសាធារណៈ មិនមែនជាកន្លែងផ្ទុកមានវីរុសឡើយ ហើយការបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងចំហបែបនេះ អាចបង្កគ្រោះថ្នាក់លើសុខភាពមនុស្សផងដែរ។ ក្នុងឯកសារណែនាំស្ដីពីការសម្អាតផ្ទៃ និងការសម្លាប់មេរោគ WHO បញ្ជាក់ថា ការបាញ់ថ្នាំសម្លាប់មេរោគលើខ្លួនមនុស្ស ក៏ជារឿងមិនត្រឹមត្រូវដែរទោះក្នុងលក្ខខណ្ឌណាក៏ដោយ។
«វាអាចបង្កជាគ្រោះថ្នាក់លើរាងកាយ និងផ្លូវចិត្ត ហើយមិនអាចកាត់បន្ថយលទ្ធភាពចម្លងវីរុសដែលកើតតាមតំណក់ទឹក ឬការប៉ះពាល់គ្នាឡើយ។» នេះជាការបញ្ជាក់របស់លោក WHO ដែលព្រមានថា ការបាញ់សារធាតុគីមីបែបនេះ ធ្វើឲ្យមានបញ្ហាស្បែក ភ្នែក និងសាច់ដុំជាដើម។ WHO ក៏ណែនាំដែរថាប្រសិនបើត្រូវប្រើថ្នាំសម្លាប់មេរោគមែន គឺត្រូវយកកំណាត់ជ្រលក់ជាមួយថ្នាំដើម្បីជូតសម្អាត។
សូមបញ្ជាក់ថា គិតតាំងពីការផ្ទុះឡើងនៅខែធ្នូ ឆ្នាំ២០១៩ មក COVID-19 កំពុងត្រូវបានអ្នកវិទ្យាសាស្ត្រស្រាវជ្រាវពីរយៈពេលដែលវាអាចទំជាប់លើផ្ទៃវត្ថុនានា។ ក្នុងការពិសោធកន្លងមក វីរុសប្រភេទថ្មីនេះ អាចជាប់លើវត្ថុផ្សេងៗក្នុងរយៈពេលផ្សេងគ្នារហូតដល់ច្រើនថ្ងៃ។ ប៉ុន្តែនេះជាលទ្ធផលក្នុងមន្ទីរពិសោធន៍ប៉ុណ្ណោះ ខណៈដែលនៅក្នុងបរិស្ថានពិតៗ គេមិនអាចកំណត់រយៈពេលជាក់លាក់នៅឡើយដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com