ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
លោក អ៊ឹង វុទ្ធី ឈប់ពី NGO ទៅធ្វើនំត្នោតលក់ ព្រោះចង់បណ្តុះរបរនេះដល់កូនចៅ
× ភ្នំពេញ៖ លោក អ៊ឹង វុទ្ធី ជាអ្នកធ្វើនំត្នោតលក់, នំពងទាស្នូលពងទាប្រៃ និងនំក្រេបជាដើមលក់នៅមុខផ្ទះរបស់ខ្លួន នៅម្តុំផ្សារឈូកមាស រាជធានីភ្នំពេញ។ លោកចាប់ផ្តើមរបរនេះប្រមាណ៥ខែហើយ ក្រោយលោកលាឈប់ពីការងារនៅអង្គការមួយដែលលោកបម្រើការជាង១០ឆ្នាំមកហើយនោះ។ លោក វុទ្ធី ពន្យល់ថា ការប្រកបអាជីវកម្មដោយខ្លួនឯង ធ្វើឲ្យលោកមានសេរីភាពជាងធ្វើការ និងអាចបន្សល់ទុកមុខរបរនេះដល់កូនចៅជំនាន់ក្រោយ។ លោក អ៊ឹង វុទ្ធី ប្រាប់សារព័ត៌មានថ្មីៗ២៥រាជធានី-ខេត្ត ដូច្នេះ៖ «ការងារអង្គការ តាមពិតទៅមានភាពងាយស្រួលម្យ៉ាងដែរ ប៉ុន្តែនៅពេលយើងគិតពីលទ្ធផលចុងក្រោយ មិនមានអ្វីសម្រាប់កូនចៅជំនាន់នោះទេ ដោយបានតែខ្លួនឯង និងប្រាក់ចំណូល។ ខ្ញុំគិតថា បើងាកមកចាប់ផ្ដើមអាជីវកម្មអ្វីមួយសម្រាប់ខ្លួនឯង ទោះបីជាក្នុងដំណាក់កាលដំបូងមិនទាន់លូតលាស់ តែអាចបន្សល់ទុករបរដល់កូនជំនាន់ក្រោយទៀត»។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖
មុនដំបូង លោក អ៊ឹង វុទ្ធី ធ្វើ«នំត្នោត»លក់។ ផ្តើមអាជីវកម្មជាមួយនឹង«នំត្នោត» មិនមែនជារឿងចៃដន្យនោះទេ។ បើតាម លោក វុទ្ធី កាលលោកនៅជាបុគ្គលិកអង្គការ លោកធ្លាប់ទិញ«នំត្នោត»ដែលអ្នកភូមិធ្វើ ហើយមាននំនោះមានរសជាតិឆ្ងាញ់។ ដូច្នេះ លោកក៏មានគំនិតយក«នំត្នោត» មកចាប់ផ្ដើមអាជីវកម្មតែម្តង។
ធ្លាប់ទទួលទាន តែមិនធ្លាប់ធ្វើ។ នេះគឺជាបញ្ហាប្រឈមរបស់ ម្ចាស់អាជីវកម្មជើងថ្មីរូបនេះ។ ដូច្នេះ លោកក៏ត្រូវចាប់ផ្តើមរៀនធ្វើនំ ពីចំណុចសូន្យដែរ។ បើតាម លោក វុទ្ធី ពេលខ្លះធ្វើនំមិនបានល្អ មានបញ្ហា ក៏ត្រូវបោះចោលជាញឹកញាប់។ លោក វុទ្ធី បន្ថែមទៀតដូច្នេះ៖ «កាលដំបូង ផលលំបាកសម្រាប់ខ្ញុំ គឺខ្ញុំមិនស្គាល់អ្វីជាមេនំ។ បញ្ហារសជាតិ មិនដឹងថាពេញចិត្តសម្រាប់អ្នកទទួលទានឬអត់ បញ្ហារកវត្ថុធាតុដើម(ត្នោត) និងបញ្ហាទីផ្សារជាដើម»។
ក្រោយការតស៊ូអត់ធ្មត់ និងព្យាយាមអស់រយៈពេលខ្ទង់ ៥ខែមកនេះ លោក អ៊ឹង វុទ្ធី ក៏អាចធ្វើនំដែលមានរសជាតិឆ្ងាញ់ អាចទទួលយកបាន សម្រាប់ដាក់លក់នៅផ្ទះរបស់ខ្លួនផង និងចែកចាយទៅហាងមួយចំនួនក្នុងរាជធានីភ្នំពេញផង។ លោក វិទ្ធី អះអាងថា លោកអាចរកប្រាក់ចំណូលបានប្រមាណ ១០០ដុល្លារ ក្នុងមួយថ្ងៃ ពីរបរធ្វើនំលក់នេះ ហើយ លោក ក៏កំពុងសិក្សាពីរបៀបធ្វើនំផ្សេងៗទៀត ដើម្បីធ្វើលក់បន្ថែមផងដែរ។ ជាមួយគ្នានេះ លោក វុទ្ធី រំពឹងថាខ្លួនអាចបង្កើតហាងនំមួយដែលយក«នំត្នោតខ្មែរ»ជានំអត្តសញ្ញាណប្រចាំហាងផងដែរ៕
Tag:
ជំនួញខ្នាតតូច
ThmeyThmey25
នំ
© រក្សាសិទ្ធិដោយ thmeythmey.com