កម្ពុជា កំពុង​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​តំបន់​និង​ប្រទេស​ធំៗ​ចំនួន​៨
ជាតិ
សេដ្ឋកិច្ច
កម្ពុជា កំពុង​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​តំបន់​និង​ប្រទេស​ធំៗ​ចំនួន​៨
17, May 2020 , 8:19 pm        
រូបភាព
លោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ រូបថត៖ហ្វេសប៊ុក
លោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ រូបថត៖ហ្វេសប៊ុក
​ភ្នំពេញ​៖  លោក ប៉ាន់ សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កំពុង​សិក្សា​និង​រៀបចំ​យុទ្ធសាស្ត្រ ធ្វើ​ពាណិជ្ជ​សេរី​ជាមួយ​ប្រទេស​ធំៗ និង​តំបន់​ចំនួន​៨​។ កាលពី​ថ្ងៃទី​១៣ ខែឧសភា រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​រូបនេះ  បាន​ដឹកនាំ​កិច្ចប្រជុំ​ការងារ​ជាមួយ​ក្រុមការងារ​ជំនាញ ដើម្បី​បន្ត​រៀបចំ​គោលនយោបាយ  និង​យុទ្ធសាស្ត្រ​ចរចា ក្នុងការ​បង្កើត​កិច្ច​ព្រៀម​ព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​ប្រទេស​ទាំង​៨​នោះ​។​

 
​ប្រទេស និង​តំបន់​ទាំង​៨​ដែលជា​គោលដៅ​សំខាន់​របស់​កម្ពុជា ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​នោះ ចិន អង់គ្លេស កូរ៉េខាងត្បូង អាមេរិក ជប៉ុន ម៉ុង​ហ្គោ​លី ឥណ្ឌា និង សហភាព​សេដ្ឋកិច្ច​អឺ​រ៉ា​ស៊ា (EAEU)​។ សូមបញ្ជាក់ថា EAEU  គឺជា​តំបន់​ពាណិជ្ជកម្ម​រួម ដែល​ស្ថិតនៅ​អាស៊ី​ខាងលិច  អាស៊ី​ខាងកើត និង​អាស៊ី​កណ្តាល​។ 
 
​លោក ប៉ាន សូរ​ស័ក្តិ  បាន​និយាយថា ការរៀបចំ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​ប្រទេស​ដៃគូ​នេះ គឺ​ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង និង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​របស់​កម្ពុ​ជា​។ ក្រសួងពាណិជ្ជកម្ម បាន​ស្រង់​សម្តី​លោក ប៉ាន សូរ​ស័ក្តិ ទៅ​ចុះផ្សាយ ការងារ​នេះ គឺ​បាន​ស្ថិតនៅក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​។  ដូច្នេះ ត្រូវ​ទាមទារ​ឲ្យ​ក្រសួងពាណិជ្ជកម្ម បន្ត​ខិតខំ​ពង្រឹងសមត្ថភាព​ធ្វើ​សមាហរណកម្ម​ខ្លួន ចូលក្នុង​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក​។​
 
​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​រូបនេះ មានប្រសាសន៍ថា​៖«​សមាហរណកម្ម​ទាំងនេះ គឺ​ក្នុង​គោលបំណង​ពង្រីក និង​បើក​ច្រកចូល​ទីផ្សារ​សម្រាប់​ការនាំចេញ​ឲ្យ​កាន់តែ​ធំ​ទូលាយ​ថែមទៀត ដោយ​ផ្អែកលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែលមាន​លក្ខណៈ​អចិន្ត្រៃយ៍ ជាជាង​ពឹង​ផ្អែកលើ​ការអនុគ្រោះ​ពាណិជ្ជកម្ម​ក្នុង​លក្ខណៈ​ទ្វេភាគី ដែល​អាច​នឹង​ងាយ​បាត់បង់​ទៅវិញ​»​។​
 
​កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០ កន្លងមក អ្នកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី ប្រចាំ​កម្ពុជា  ដើម្បី​ពិភាក្សា​ការងារ​។ ជាមួយគ្នានេះ អ្នកស្រី តឹក​រ៉េត កំរង ក៏បាន​ស្នើសុំ​ឲ្យ​រុស្ស៊ី ជំរុញ និង​គាំទ្រ​លើ​ដំណើរ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-EAEU ក្នុងទិសដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៩-២០២៣​។​
 
​ជាការ​ឆ្លើយតប លោ​ឯកអគ្គរដ្ឋទូត​រុស្សី​រូបនេះ  បាន​សន្យា​នឹង​ជួយ​ជំរុញ​ឲ្យ​មាន​កិច្ចពិភាក្សា និង​ការសហការ រវាង​កម្ពុជា​ជាមួយ EAEU ឲ្យ​កាន់តែ​បាន​ជិតស្និទ្ធ ក្នុង​អាណត្តិ​ដែល​លោក​បំពេញ​បេស​សកម្ម​នៅ​កម្ពុជា​៕ 
 

Tag:
 ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com