ជាតិ
បាត់បង់​លោក គុន សុភាព អ្នកស្រាវជ្រាវ​សាស្ត្រា​ស្លឹករឹត​ខ្មែរ ប្រៀប​ដូច​ឆេះ​បណ្ណាល័យ​ឯកសារ​បុរាណ​មួយ​
17, May 2020 , 9:19 pm        
រូបភាព
លោក គុន សុភាព កំពុង​កាន់សាស្ត្រា​ស្លឹករឹត (រូប​ផ្ដល់ដោយលោក ឡេង កុក អាន)
លោក គុន សុភាព កំពុង​កាន់សាស្ត្រា​ស្លឹករឹត (រូប​ផ្ដល់ដោយលោក ឡេង កុក អាន)
​ភ្នំពេញ​៖ ជា​កល្យាណមិត្ត​នឹង​គ្នា​ ក្នុង​កិច្ចការ​ស្រាវជ្រាវ និង​អភិរក្ស​គម្ពីរ​សាស្ត្រា​ស្លឹករឹត​ខ្មែរ លោក ឡេង កុក អាន បាន​ហៅ​ការបាត់បង់​លោក គុន សុភាព ថា​ស្មើនឹង​ការឆេះ​បណ្ណាល័យ​ឯកសារ​បុរាណ​មួយ​ទាំងស្រុង​។ ធ្វើការ​ជាមួយគ្នា​ជិត​បី​ទសវត្សរ៍ លោក ឡេង កុក អាន ឲ្យ​តម្លៃ​លោក គុន សុភាព ជា​កំពូល​មនុស្ស​ផ្នែក​ចំណេះដឹង​ធម៌​បុរាណ ក្នុងសម័យ​កាល​នេះ​។ លោក គុន សុភាព បានទទួល​មរណភាព កាលពី​ថ្ងៃ​ចន្ទ ទី​៤ ខែឧសភា ឆ្នាំ​២០២០ នា​វេលា​ម៉ោង​៤​ទៀបភ្លឺ ក្នុង​ជន្មាយុ​៦៤​ឆ្នាំ ដោយ​រោគាពាធ​។

  
​អង្គុយ​លើ​កៅអី​មាន​ធ្នាក់​ដៃ ក្នុង​បន្ទប់​តម្កល់​គម្ពី​សាស្ត្រា​ស្លឹករឹត វាន និង ក្រាំង នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ និង អភិរក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ លោក ឡេង កុក អាន ដែលជា​មនុស្ស​ជិតស្និទ្ធ​នឹង​លោក គុន សុភាព បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក គុន សុភាព គឺជា​មនុស្ស​មានចំណេះដឹង​ខ្ពស់​ផ្នែក​ធម៌​បុរាណ ដែលមាន​តែមួយ​គ្មាន​ពីរ​នៅ​ប្រទេស​កម្ពុជា នា​ជំនាន់​នេះ​។ លោក ឡេង កុក អាន បន្ថែមថា សេចក្ដី​ព្យាយាម​មាំ​ក្នុង​កិច្ចការ​ស្រាវជ្រាវ ភាព​ហ្មត់ចត់​ច្បាស់លាស់​ក្នុង​ការងារ គឺជា​គុណសម្បត្តិ​របស់លោក គុន សុភាព​។


លោក ឡេង កុក អាន កំពុងអង្គុយមើល​សាស្ត្រា​ស្លឹក​រឹត (រូប​ផ្ដល់​ដោយ​លោក ឡេង កុក អាន)
 
​លោក ឡេង កុក អាន មានប្រសាសន៍ថា ពន្យល់​បន្ថែម​៖«​គាត់ ជា​មនុស្ស​ប្រាកដនិយម បើ​គាត់​មើល​ឯកសារ​ណាមួយ គឺ​គាត់​មើល​ទាល់តែ​យល់ច្បាស់ ហើយ​ពិភាក្សា​វែកញែក​គ្នា​ហ្មត់ចត់​ហើយ ទើប​គាត់​ហ៊ាន​សរសេរ ព្រោះ​ការងារ​ស្រាវជ្រាវ​មិនអាច​ធ្វើ​លំៗ​បានទេ​។ សាស្ត្រា​ខ្លះ​មិនមាន​ចំណង​ជើងទេ ដូច្នេះ​គាត់​ត្រូវ​មើល​ចំណងជើង​យ៉ាង​លំអិត បើ​ឃើញថា​ពិតប្រាកដ ទើប​គាត់​ហ៊ាន​ដាក់​ចំណងជើង​។ គាត់​ជា​មនុស្ស​មានចិត្ត​សណ្ដោស​ប្រ​ណៃ មិន​ដែលមាន​ជម្លោះ​ក្នុង​ក្រុមការងារ​ឡើយ​»​។ 
 
​លោក ឡេង កុក អាន ដែលមាន​តុ​ធ្វើការ​នៅ​ទល់មុខ​គ្នា​ជាមួយ​លោក គុន សុភាព ក្នុង​បន្ទប់​តែមួយ បាន​និយាយ​ទាំង​អួលដើមក​ថា​៖«​យើង​គួរ​ស្ដាយ គាត់​ប្រៀបបាន​នឹង​អ្នកប្រាជ្ញ​មួយរូប ដែល​យល់​ជម្រៅ​ពាក្យបុរាណ​។ ពីមុន​មាន​គាត់ សួរដេញដោលរ​កឫស​រកគល់រ​បស់ពាក្យ យើង​ឆាប់​យល់ យើង​សម្រេចបាន​។ តែ​ពេលនេះ អត់​ពី​គាត់​តើ​ខ្ញុំ​ទៅ​សួរ​អ្នកណា​? ឥឡូវ​ខ្ញុំ​ឯកា​។ យើង​ចុះទៅ​ស្រាវជ្រាវ​តាម​វត្ត យើង​ស្នាក់​នៅក្នុង​វត្ត​ជាមួយគ្នា​។ គាត់​ធ្វើការ​ក្នុង​ព្រះវិហារ គាត់​សូត្រធម៌​បុរាណ អស់​មួយ​មេ​ចូល​មួយ​មេ សូត្រ​មួយ​យប់​ទល់​ភ្លឺ​មិនទាន់​អស់​ធម៌​សូត្រ​ផង​»​។​
 
​បាន​ដើរ​រួម​វិថី​ស្រាវជ្រាវ​គម្ពីរ​សាស្ត្រា​ស្លឹករឹត​ខ្មែរ ជាមួយគ្នា​អស់​រយៈពេល​ជិត​៣០​ឆ្នាំ ពោលគឺ​តាំងពី​ឆ្នាំ​១៩៩២​មក លោក ឡេង កុក អាន បាន​រំឭក​ពី​គ្រា​ដំបូង​បំផុត ដែល​នាំ​ឲ្យ​លោក គុន សុភាព មានឱកាស​បានធ្វើ​កិច្ចការងារ​ស្រាវជ្រាវ និង​អភិរក្ស​គម្ពីរ​សាស្ត្រា​ស្លឹករឹត​ខ្មែរ​។ លោក ឡេង កុក អាន បាន​បញ្ជាក់ថា  មាន​ថ្ងៃ​មួយគ្រា​ដែល​លោក ចុះទៅ​ធ្វើការ​នៅ​វត្ត​គៀន​ឃ្លាំង ដើម្បី​រៀបចំ​សាស្ត្រា ដែល​ត្រូវ​នឹង​ពេល​ឆេង​មេ​ង​(​ក្នុង​ប្រពៃណី​ចិន​) ហើយ បានឃើញ​លោក គុន សុភាព ស្លៀក​ក្រមា​ហើយ​លី​ខ្វែវ​មួយ​ទៅ​កាប់​ព្រៃ​នៅ​វត្ត​គៀន​ឃ្លាំង ទំនងជា​សម្អាត​ផ្នូរ​ជីដូន​ជីតា​។


សាស្ត្រាស្លឹករឹតខ្មែរ (រូប​ពី Pisnulok-ពិស្ណុលោក)
 
​ពេលដែល​លោក គុន សុភាព បានឃើញ លោក ឡេង កុក អាន រៀបចំ​សាស្ត្រា​នៅក្នុង​សាលា​បុណ្យ​មួយ ក្នុង​វត្ត​គៀន​ឃ្លាំង លោក សុភាព ក៏បាន​សាកសួរ​ពី​ដំណើរការ​នៃ​ការងារ​នោះ​។ ពេលនោះ​ហើយ ដែល​លោក គុន សុភាព បាន​ជាប់ចិត្ត​ចង់​ធ្វើ​ការងារ​ស្រាវ​ស្រាវ និង​ថែរក្សា​សាស្ត្រា​ស្លឹករឹត​ខ្មែរ​។ ទាំងនេះ​ជាការ​រៀបរាប់​របស់លោក ឡេង កុក អាន ដដែល​។ 
​លោក ឡេង កុក អាន បញ្ជាក់ថា​៖«​ខ្ញុំ​ធ្វើការ​លើ​ការស្រាវជ្រាវ​សាស្ត្រា​នេះ​មុន​គាត់ ប្រហែលជា​២​ឆ្នាំ​។ ពេល​មួយ​កាលពី​ឆ្នាំ​១៩៩២ ក្រោយពី​យើង​បាន​ជួបគ្នា ក្នុង​វត្ត​គៀន​ឃ្លាំង​មក គាត់​ក៏​ចង់​ធ្វើ​ការងារ​នេះ​។ ខ្ញុំ​ប្រាប់​ថ្ងៃ​ឲ្យ​គាត់​ទៅ​ជួប​ខាង​បារាំង ហើយ​គេ​ក៏​យល់ព្រម​ឲ្យ​គាត់​ធ្វើការ​ជាមួយ​ខ្ញុំ​។ ពី​ដើម​គាត់​ធ្លាប់​បួស​រៀន ដូច្នេះ​គាត់​ស្រឡាញ់​សាស្ត្រា​ហ្នឹង គាត់​ធ្លាប់​អាន និង​យល់​ពីសា​ស្ត្រា​ហ្នឹង​ច្រើន​»​។​
 
​រំឭក​ពី​វេលា​ចុងក្រោយ​ដែល​លោក សុភាព មាន​វត្តមាន​នៅក្នុង​បន្ទប់​ការិយាល័យ ក្នុង​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិរក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ ដែល​ស្ថិតក្នុង​បរិវេណ​វត្ត​ឧណ្ណាលោម លោក ឡេង កុក អាន ថា​ក្រោយពី​សម្រាក​ព្យាបាល​ជំងឺ​នៅផ្ទះ​១​ខែ ជំងឺ​របស់លោក សុភាព បាន​ធូរស្រាល​ខ្លះ លោក​ក៏​ជិះ​ផាស​អេប​មក​កន្លែងធ្វើការ ក្រោម​ហេតុផល​ដើម្បី​បំបាត់​ភាព​អផ្សុក​។


ឧទ្ទេសាចារ្យ គុន សុភាព កំពុង​កាន់​សាស្ត្រា​ស្លឹក​រឹត (រូប​ផ្ដល់​ដោយ​លោក ឡេង កុក អាន)
 
«​គាត់​ថា​មក​កន្លែងធ្វើការ​បាន​ជជែក​គ្នា​លេង​។ ក្រោយមកទៀត​ចូលឆ្នាំ យើង​បែក​គ្នា​សិន​។ ក្រោយ​ចូលឆ្នាំ​ឮថា​គាត់​មាន​ជំងឺ​ខ្លាញ់​រំ​បេះដូង​មួយទៀត គេ​យក​គាត់​ទៅ​ពេទ្យ​។ គាត់​ចេញមក​ផ្ទះ​ប្រហែល​បាន​២​ទៅ​៣​ថ្ងៃ​គាត់​ក៏​ស្លាប់​។ គាត់​តែង​ប្រាប់​ខ្ញុំ​ជា​ហូរហែ​រថា ដល់​ដំណាក់កាល​ត្រូវស្លាប់ ទោះជា​យើង​ឃាត់​យ៉ាងណា​ក៏​វា​មិនបាន​ដែរ​។ គាត់​មិនមាន​ការតក់​ស្ល​ត់​ទេ​។ គាត់​ធ្លាប់​ប្រាប់​ខ្ញុំ​ថា ជីវិតចុងក្រោយ​របស់​គាត់ គឺ​គាត់​ចង់ទៅ​សំណាក់​ធម៌​វិបស្សនា​កម្មដ្ឋាន នៅក្នុង​ព្រៃ​តាមបែប​បុរាណ​។ តែ​គួរ​ឲ្យ​ស្ដាយ ពេលវេលា​មិន​អំណោយផល​»​។ ទាំងនេះ​គឺជា​ពាក្យសម្ដី​ចុងក្រោយ រវាង​លោក គុន សុភាព ជាមួយ​លោក ឡេង កុក អាន នៅ​គ្រា​វេលា​កាន់តែ​ខើច​នោះ​។


 វាន(គម្ពីរបុរាណ ដែល​ធ្វើ​ពី​ស្លឹកទ្រាំង​ មាន​ទំហំ​និង​ប្រវែង​ខ្លីជាង​សាស្ត្រា​ស្លឹក​រឹត) (រូប​ពី Pisnulok-ពិស្ណុលោក)
 
​ខាងក្រោម​នេះ​គឺជា​ជីវប្រវត្តិ​សង្ខេប របស់លោក គុន សុភាព ចងក្រង​ដោយ​លោក ឡេង កុក អាន ដែលជា​ជំនិត​នឹង​គ្នា ក្នុង​កិច្ចការ​ស្រាវជ្រាវ ថែរក្សា និង​អភិរក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ​។​
​លោក គុន សុភាព ឈ្មោះ​ហៅ​ក្រៅ ម៉ុង កើត​នៅ​ថ្ងៃ​សៅរ៍ ខែ មាឃ ឆ្នាំរកា ព​.​ស ២៥០០ ត្រូវ​នឹង​ថ្ងៃទី​៣ ខែកុម្ភៈ គ​.​ស ១៩៥៦ នៅ​ភូមិ​គៀន​ឃ្លាំង សង្កាត់​លេខ​៧ ក្រុងភ្នំពេញ​។ លោក​មាន​ឪពុក​ឈ្មោះ គុន សុង​ធ្វើជា​ទាហាន​ម៉ា​រី​ន​ជើង​ទឹក​។ ម្ដាយ​ឈ្មោះ ហេង ទៀង ប្រកបមុខរបរ​ធ្វើ​ចម្ការ​ដាំ​ស្ពៃ​។ 
 
​កាល​នៅ​កុមារភាព​អាយុ​៧​ឆ្នាំ កុមារ ម៉ុង ត្រូវបាន​ឪពុក​នាំទៅ​ចុះឈ្មោះ​ចូលរៀន​នៅ​សាលាបឋមសិក្សា​បំពេញវិជ្ជា​គៀន​ឃ្លាំង ក្នុង​ឆ្នាំ​១៩៦៣​។ លុះ​ឆ្នាំ ១៩៧០ អាយុ​១៤​ឆ្នាំ ប្រឡង​ជាប់ College ត្រូវបាន​ប្ដូរ​ទៅ​រៀន​នៅ​វិទ្យាល័យ​ទួលគោក​ក្នុង​ឆ្នាំ​នោះ​។ ជា​ឆ្នាំ​ដែលមាន​ការធ្វើ​រដ្ឋប្រហា​រ ទម្លាក់​សម្ដេចឪ ដូច្នេះ​ឪពុក​របស់ ម៉ុង មិនសូវ​បាន​ត្រឡប់មកផ្ទះ​ឡើយ ព្រោះ​គាត់​ត្រូវ​ប្រចាំការ​ក្នុង​បន្ទាយ​។ ក្នុងនាម​ជា​កូនច្បង​ក្នុង​គ្រួសារ ម៉ុង ត្រូវ​ជំនួស​កិច្ចការ​ឪពុក​ក្នុងផ្ទះ​។ មកពី​រៀន​វិញ សុភាព ត្រូវ​ជួយ​មើល​ប្អូនៗ និង​ជួយ​រែក​ទឹក​ស្រោច​ដំណាំ​ស្ពៃ​ជាមួយ​ម្ដាយ ដើម្បី​រក​កំរៃ​ជួយ​ផ្គត់ផ្គង់​គ្រួសារ​។ 
 
​ក្នុង​ឆ្នាំ​១៩៧២ នៅ​អាយុ​១៦​ឆ្នាំ ប្ដូរ​ការសិក្សា​ពី​វិទ្យាល័យ​ទួលគោក មក​រៀន​នៅ​វិទ្យាល័យ​ប្រូ​វីដ​ង្ស​វិញ​។ ក្នុង​ឆ្នាំ​១៩៧៣ ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​។ ឆ្នាំ​១៩៧៥ ជា​សិស្ស​ថ្នាក់​ទី​១​ទំនើប នៃ​វិទ្យាល័យ​ប្រូ​វីដ​ង្ស​។ ឆ្នាំ​១៩៧៦ ត្រូវបាន​អង្គការ​ខ្មែរក្រហម​ជម្លៀស​ឲ្យ​ទៅ​នៅ​ភូមិ​កោះ​រះ ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្ដាល ធ្វើជា​កងចល័ត មាន​ការងារ​ដូចជា​លើក​ប្រព័ន្ធ​ភ្លឺស្រែ លើក​ទំនប់ទឹក ជីក​ប្រឡាយ កាប់​ព្រៃ ដក ស្ទូង ច្រូត កាត់ បោក​បែន និង​ធាក់​រហាត់ទឹក​។ 
 
​ក្នុងពេល​មួយ​ជា​រដូវប្រាំង​ក្ដៅ​ខ្លាំង ខ្មែរក្រហម​បាន​ឲ្យ​គាត់​ទៅ​ធាក់​រហាត់ទឹក​បញ្ចូល​ស្រែប្រាំង ពេលនោះ​គាត់​បាន​យក​អាវ​ដែល​ធ្លាប់​ហាត់គុន ហាប់​គី​ដូ ទៅ​ជ្រលក់​មឃ្លឿ​ដើម្បី​ពាក់​ធាក់​រហាត់ទឹក ព្រោះ​ក្ដៅ​ពេក​។ ក្នុង​គ្រានោះ​ពួក​កងចល័ត ខ្សិ​ប​ខ្សៀវ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​។ រំលង​បាន​ប្រហែល​២​ទៅ​៣​ថ្ងៃ ក្រោយពី​ហូបបាយ​ពេល​ល្ងាច ចំ​ខ្នើត​ខែភ្លឺ មេកង​ចល័ត​បាន​ហៅ​គាត់​មក​ក្នុង​ហ្វូង​កងចល័ត ដែល​កំពុង​អង្គុយ​ដូច​វង់​កង់រទេះ​។ ហើយ​មេកង​ចល័ត​ប្រាប់​គាត់​ថា មិត្តឯង​ជា​អ្នក​ប្រដាល់​ឬ​? បានជា​ពាក់អាវ​ប្រដាល់ មក​ធាក់​រហាត់ទឹក​។ បើ​មិត្តឯង​ចង់​ពាក់អាវ​នេះ​ម្ដងទៀត មិត្តឯង​ត្រូវ​វាយ​ឲ្យ​ឈ្នះ​គេ​ម្នាក់​នោះ​។ ពេលនោះ​គាត់​បាន​យកឈ្នះ​លើ​គូប្រកួត​ដែលមាន​មាឌធំ​ខ្ពស់ជាង​គាត់ ឲ្យ​ដួល​លើដី នៅមុខ​កងចល័ត​រាប់​សិប​នាក់​។​
 
​ឆ្នាំ​១៩៧៩ ក្រោយពី​របប​ខ្មែរក្រហម​ដួល​រំលំ​ទៅ លោក គុន សុភាព បាន​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ ហើយ​បាន​ចូល​បួស​ជា​សាមណេរ​នៅ​វត្ត​មង្គល​សេរី​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វា ក្រុងភ្នំពេញ​។ ក្នុងពេលនោះ​ហើយ ដែល​លោក​បាន​ក្រេបជញ្ជក់​ចំណេះវិជ្ជា ពី​ព្រលឹង​អរិយធម៌​ព្រះពុទ្ធសាសនា​ខ្មែរ​បុរាណ​យ៉ាងជ្រៅ ដែល​កប់​ជាប់​នឹង​មរតក​មនុ​ស្សរស់​មួយអង្គ ជា​ព្រឹទ្ធាចារ្យ​បុរាណ​ឯក ដែល​បាន​ទូន្មាន​ប្រៀនប្រដៅ​រូបលោក គ្រប់​ដង្ហើម​ចេញចូល​។ ឲ្យ​ស្គា​ល់ពី​ជម្រៅ​អត្ថន័យ​ព្រះពុទ្ធសាសនា​ខ្មែរ បែប​បុរាណ និង​ការខិតខំ​ឧស្សាហ៍​ព្យាយាម​ស្វាធ្យាយ ទន្ទិញ​យ៉ាង​ខ្ជាប់ខ្ជួន នូវ​ប្រពៃណី​បុរាណ​ពី​សំណាក់​លោកគ្រូ​ព្រឹទ្ធាចារ្យ​បុរាណ​។ ក្រោយមក​សាមណេរ ម៉ុង ក៏បាន​ក្លាយ​ធម្មកថិក​ទេសនា​តាម​សាស្ត្រា​ស្លឹករឹត សូត្រធម៌​តាម​វាន ក្រាំង បែប​បុរាណ​ឥតខ្ចោះ​។ 
 
​ឆ្នាំ​១៩៨១ សាមណេរ ម៉ុង បាន​លាចាក​សិក្ខាបទ ហើយ​បាន​ចូល​បំរើ​ការងារ​រដ្ឋ ជា​បុគ្គលិក​នាយកដ្ឋាន​គ្រប់គ្រង​គោលនយោបាយ​កសិកម្ម នៃ​ក្រសួងកសិកម្ម​។ ឆ្នាំ​១៩៨៣ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នាង សរ សុ​ផុន នៅ​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ លោក​មានកូន​៤​នាក់ ប្រុស​៣​។ កូន​ទី​១​ឈ្មោះ សុង ពេជ្រ​ពុ​ទ្ធី ភេទ​ប្រុស​។ កូន​ទី​២​ឈ្មោះ សុង ពេជ្រ​ពុទ្ធា ភេទ​ប្រុស​។ កូន​ទី​៣​ឈ្មោះ សុង ពេជ្រ​មុនី ភេទ​ប្រុស​។ និង​កូន​ទី​៤​ឈ្មោះ សុង សុ​ផាវ​តី ភេទ​ស្រី​។ 
 
​ឆ្នាំ​១៩៩០-១៩៩១ បាន​ប្រឡង​ចូលទៅ​សិក្សា​ឯកទេស​សូ​រិ​យោ​ដី នៅ​សាលា​មធ្យមសិក្សា​កសិកម្ម​ព្រែកលៀប ស្ថិតនៅ​ឃុំ​ព្រែកលាប ស្រុក​មុខកំពូល ខេត្តកណ្ដាល​។ ឆ្នាំ​១៩៩២ បានទទួល​សញ្ញាបត្រ​ជា​អ្នកបច្ចេកទេស​បឋម​សុ​រិ​យោ​ដី​។ ឆ្នាំ​១៩៩៣ បាន​លាឈប់​ពី​ការងារ​រដ្ឋ នៃ​នាយកដ្ឋាន​សុរិយោដី ហើយ​ចូល​បំរើការ​ងារ​ឲ្យ​អង្គការ​សិក្សា​ស្រាវជ្រាវ និង​អភិរក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ នៃ​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​(FEMC-EFEO)​។ នៅ​ឆ្នាំ​១៩៩០-១៩៩៨ អង្គការ​នេះ មាន​ទីស្នាក់ការ​នៅក្នុង​បរិវេណ​ព្រះបរមរាជវាំង តាម​ថែវ​ទល់មុខ​ព្រះវិហារ​ព្រះ​កែវ​មរកត​។ ចាប់ពី​ឆ្នាំ​១៩៩៨ រហូតមកដល់​ពេលបច្ចុប្បន្ន អង្គការ​នេះ មាន​ទីស្នាក់ការ​នៅក្នុង​បរិវេណ​វត្ត​ឧណ្ណាលោម រាជធានី​ភ្នំពេញ​។​
 
​ការងារ​ស្រាវជ្រាវ​ក្នុង​អង្គការ FEMC លោក គុន សុភាព ជា​អ្នកពិគ្រោះ​យោបល់​យ៉ាង​ចំណាន ជា​ព្រឹទ្ធាចារ្យ​គ្រូ ជា​អ្នកប្រាជ្ញ​ខ្មែរ​មួយរូប​បែប​ប្រពៃណី​បុរាណ​គ្មាន​២ ជា​អ្នក​ដោះប្រស្នា​ស៊ីជម្រៅ​ក្នុង​ពិធីបុណ្យ​នានា ក្នុង​ព្រះពុទ្ធសាសនា និង​បុណ្យប្រពៃណី​។ 
 
​កិច្ចការ​និង​ស្នាដៃ​
​កាល​បួស​ជា​សាមណេរ លោក គុន សុភាព បាន​សរសេរ​លើ​ក្រាំង​បត់​ថ្មី​ជាច្រើន​ច្បាប់ ដូចជា​អាការ​វ​តារ​សូត្រ អភិធម្ម និង​ធម៌​បទ សម្រាប់​សូត្រ​ក្នុង​ពិធី​ផ្សេងៗ ព្រមទាំង​ភាណ​វរ​បាលី​បុរាណ ដូចជា​អាធារ​ណ ឆ​លង្កា​វិជ្ជា រាហុល​បរិត្ត​....​។​ល​។​
 
​ការបម្រើ​ការ​ក្នុង​អង្គការ FEMC លោក​បានរៀបចំ​សាស្ត្រា វាន ក្រាំង ផ្ទាល់ដៃ​ឡើងវិញ​ឲ្យ​ត្រូវ​តាមច្បាប់​ដើម រាប់សែន​សន្លឹក និង​មើល​ដាក់​ចំណងជើង​រាប់ពាន់​ខ្សែ តាម​បណ្ដា​បណ្ណាល័យ​ក្នុង​វត្ត​តាម​ខេត្ត និង​បណ្ណាល័យ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។​
 
​ស្នាដៃ​ដែល​បាន និង​គ្រោង​បោះពុម្ព​ជា​សៀវភៅ​
១ បញ្ជី​ប​ណ្ណោះ​អាសន្ន នៃ​សាស្ត្រា​ស្លឹករឹត​ខ្មែរ ភាគ​១ ឆ្នាំ​២០០៤​។ ២ បញ្ជី​ប​ណ្ណោះ​អាសន្ន នៃ​សាស្ត្រា​ស្លឹករឹត​ខ្មែរ ភាគ​២ ឆ្នាំ​២០១៨​។ ៣ ប្រពៃណី​ខ្មែរ ភាគ​១ ភាគ​២ ឆ្នាំ​២០១៨​។ ៤ កម្រង​ច្បាប់​ខ្មែរ​ពី​បុរាណ ភាគ​១ ភាគ​២ ឆ្នាំ​២០១៦​។ ៥ កម្រង​ច្បាប់​ខ្មែរ​ពី​បុរាណ ភាគ​៣ ភាគ​៤ ឆ្នាំ​២០២០​។ ៦ បញ្ជី​និង​អក្ខរក្រម​កម្ពុជសុរិយា ឆ្នាំ​២០២០​។ ៧ ប្រពៃណី​បុណ្យសព (​មិនទាន់​បោះពុម្ព​)​។ ៨ គម្ពីរ​ត្រៃភូមិ នឹង​បោះពុម្ព​ឆ្នាំ​២០២១​។ 
 
​បណ្ដាំ​ចុងក្រោយ​
​លោក គុន សុភាព តែងមាន​សំដី​ទាំងនេះ​ថា សូមកុំ​ព្រួយ​នឹង​ជំងឺ​ពេក ការឈឺ​និង​ស្លាប់​នេះ ជា​ទោស​សម្រាប់​សំសារ​វដ្ដ​ទេ ឯ​ចិត្ត​ខ្ញុំ​ក្នុង​ពេលនេះ ឥតមាន​តក់ស្លុត​រួញរា​នឹង​សេចក្ដីស្លាប់​នោះ​ប៉ុន្មាន​ទេ​។ ធ្វើ​ម្ដេច​ថ្ងៃ​រះ​ឡើង​ពី​ទិសខាងកើត តែងតែ​លិចទៅ​វិញ​នៅ​ទិស​ខាងលិច ជា​រឿង​ធម្មតា​។ មានជីវិត​កើតឡើង​ហើយ តែងតែ​ស្លាប់​ទៅវិញ ជា​ទំនៀម​ធម្មតា​នៃ​ច្បាប់ធម្មជាតិ​។​
 
​សត្វ​ទាំងឡាយ​ឯណា​ចាស់​ក្ដី​ក្មេង​ក្ដី សត្វ​ទាំងឡាយ​ឯណា​ជាតិ​ជា​ពាល​ក្ដី ជា​បណ្ឌិត​ក្ដី ជា​អ្នកមាន​ទ្រព្យ​ស្ដុក​ស្ដំ​ក្ដី ឬ​ខ្សត់​ទ្រព្យ​ក្ដី សត្វ​ទាំងឡាយ​ទាំងពួង​នោះ មាន​សេចក្ដី​ចាស់​ស្លាប់​នូវ​ស្កាត់​ខាងមុខ​គ្រប់​ប្រាណ​។ ភាជន៍​ដី ដែល​ជាង​ឆ្នាំង​ធ្វើ​ហើយ​អំពី​ដី ទោះបី​ចាស់​ក្ដី​ថ្មី​ក្ដី ឬ​ធំក្ដី​តូចក្ដី ភាជន៍​ទាំងពួង​នោះ ក៏​គង់​ដល់​នូវ​កិរិយា​បែកធ្លាយ​ជាទីបំផុត រក​សេសសល់​គ្មាន​ឡើយ​។ សេចក្ដី​នេះ​គួរនា​យ៉ាងណា​ម៉ិ​ញ ថា​គួរនា​ដូច​ជីវិត​សង្ខារ នៃ​សត្វ​ទាំងឡាយ​យ៉ាង​នោះឯង​។ 
 
​ក្នុង​ជីវិតចុងក្រោយ​របស់លោក គុន សុភាព មិនបាន​ចូល​សំណាក់​ធម៌​វិបស្សនា​កម្មដ្ឋាន តាម​បំណងប្រាថ្នា​ឡើយ​៕
 
 

Tag:
 គុន សុភាព​
  សាស្ត្រា​ស្លឹករឹត​
  អក្សរសាស្ត្រ​
  មរណៈភាព​
© រក្សាសិទ្ធិដោយ thmeythmey.com