អន្តរជាតិ
ផ្កាយរណប​អង្គការ NASA និង​អង្គការ ESA ជួយ​ឲ្យ​រកឃើញ​ផ្កាយដុះកន្ទុយ​ថ្មី​មួយ​
18, May 2020 , 7:59 pm        
រូបភាព
កញ្ចុំផ្កាយ​រះ​នៅ​ពេល​យប់​​ក្នុង​ទីក្រុង Petersdorf ប៉ែក​ខាង​កើត​ប្រទេស​អាល្លឺម៉ង់ ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២០។
កញ្ចុំផ្កាយ​រះ​នៅ​ពេល​យប់​​ក្នុង​ទីក្រុង Petersdorf ប៉ែក​ខាង​កើត​ប្រទេស​អាល្លឺម៉ង់ ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២០។
ដោយ: VOA
​ផ្កាយដុះកន្ទុយ​មួយ​ដែល​បាន​ត្រូវ​រកឃើញ​កាលពី​ខែមេសា​ដោយ​ប្រើ​ទិន្នន័យ​ពី​យាន​មើល​ផ្កាយ​មួយ​ដែល​ហោះ​តាម​តារាវិថី នឹង​អាច​មើលឃើញ​ដោយ​ភ្នែក​ទទេ​បាន​ក្នុងពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខនេះ​។​

 
​ផ្កាយដុះកន្ទុយ​នេះ​ត្រូវបាន​រកឃើញ​ដំបូង​ដោយ​លោក​តារាវិទូ Michael Mattiazzo ដែលជា​អ្នក​ចូលចិត្ត​មើល​ផ្កាយ ដោយ​លោក​បាន​ប្រើ​ទិន្នន័យ​ដែល​ប្រមូលបាន​ដោយ​ឧបករណ៍​មួយ​នៅលើ​ផ្កាយរណប​នៃ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ដែល​ហៅ​កាត់​ថា ESA និង​ផ្កាយរណប​ស្រាវជ្រាវ​ដែន​អវកាស​របស់​អង្គការ NASA សហរដ្ឋអាមេរិក ដែល​ហៅ​កាត់​ថា SOHO​។​
 
​ឧបករណ៍​ដែល​គេ​ហៅថា Solar Wind Anisotropies ឬ​ហៅ​កាត់​ថា SWAN នេះ ពិនិត្យ​ការហូរ​ចេញ​នៃ ខ្យល់​ព្រះអាទិត្យ​នៅ​ចន្លោះ​ភព​នីមួយៗ ដោយ​ផ្តោត​ការយកចិត្តទុកដាក់​លើ​ចម្ងាយ​រលក​កាំរស្មី​អ៊ុ​ល​ត្រា​វី​យូ​ឡេ​ត ដែល​បញ្ចេញ​ដោយ​អាតូម​អ៊ី​ដ្រូ​ហ្សែ​ន​។​
 
​ឧបករណ៍​នេះ​បាន​ថត​ឃើញ​ផ្កាយដុះកន្ទុយ​នេះ ដោយសារតែ​ផ្កាយដុះកន្ទុយ​នេះ​បាន​បញ្ចេញ​ទឹកជា​ច្រើន​គឺ​ប្រមាណ ១,៣ តោន​ក្នុង​មួយ​វិនាទី​។​
 
​ទោះបីជា​ផ្កាយដុះកន្ទុយ​នេះ​មានឈ្មោះ​ផ្លូវការ​ថា C/2020 F8 ក៏ដោយ ក៏​គេ​ស្គាល់​វា​ថា​ជា​ផ្កាយដុះកន្ទុយ SWAN ដោយ​យកឈ្មោះ​តាម​ឧបករណ៍​ដែល​ជួយ​រកឃើញ​វា​។ ផ្កាយដុះកន្ទុយ​នេះ​នឹង​ហោះ​ទៅជិត​ផែនដី​បំផុត​នៅ​ថ្ងៃ​ពុធ​ខាងមុខ គឺ​នៅ​ចម្ងាយ​ប្រមាណ ៨៥ លាន​គីឡូម៉ែត្រ ហើយ​គេ​អាច​មើលឃើញ​វា​ច្បាស់​បំផុត​នៅក្នុង​អឌ្ឍគោល​ខាងត្បូង ឬ​នៅ​ប៉ែក​ខាងត្បូង​នៃ​អឌ្ឍគោល​ខាងជើង​។​
 
​ពួក​អ្នក​តារាសាស្ត្រ​និយាយថា មនុស្ស​នៅ​តំបន់​អឌ្ឍគោល​ខាងជើង​ប្រហែលជា​អាច​មើលឃើញ​ផ្កាយដុះកន្ទុយ​នេះ នៅពេល​បន្ទាប់មកទៀត​ក្នុង​ខែឧសភា​នេះ នៅពេល​វា​អណ្តែត​ទៅជិត​ព្រះអាទិត្យ​បំផុត​។ ក៏ប៉ុន្តែ អ្នកវិទ្យាសាស្ត្រ​និយាយ​ដោយ​ប្រយ័ត្នប្រយែង​ថា គេ​អាចមាន​ការពិបាក​ក្នុងការ​ទស្សន៍ទាយ​ថា នឹង​មើលឃើញ​ផ្កាយដុះកន្ទុយ​នេះ ជាពិសេស​នៅពេល​វា​អណ្តែត​ទៅជិត​ព្រះអាទិត្យ​។​
 
​លោក​តារាវិទូ Tony Philips បាន​និយាយប្រាប់​កាសែត The New York Times ថា វា​អាស្រ័យទៅលើ​ថា​តើ​ផ្កាយដុះកន្ទុយ​នេះ​មានប្រតិកម្ម​បែបណា​ចំពោះ​កម្តៅ​ព្រះអាទិត្យ នៅពេល​វា​អណ្តែត​ទៅជិត​ព្រះអាទិត្យ​ក្នុងពេល​ពីរ​បី​សប្តាហ៍​ខាងមុខនេះ​។​
 
​ជាទូទៅ ផ្កាយដុះកន្ទុយ​ចាប់ផ្តើម​បែក​ជា​បំណែក​តូចៗ​នៅពេល​វា​អណ្តែត​ទៅជិត​ព្រះអាទិត្យ ហើយ​កម្ទេចកម្ទី​នៃ​ផ្កាយដុះកន្ទុយ​ប្រហែលជា​អាច ឬក៏​មិនអាច​បង្កើតជា «​កន្ទុយ​» ដែល​ជួយ​ឲ្យ​គេ​មើលឃើញ​ផ្កាយ​នេះ​បាន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com