ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាល លែងបណ្តោយឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់
18, May 2020 , 1:31 pm        
រូបភាព
តំណាងពីគណបក្សគ្មានអាសនៈក្នុងរដ្ឋសភា ជួបប្រមុខរដ្ឋាភិបាល នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការគណៈរដ្ឋមន្ត្រី ពិភាក្សាគ្នាពីការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់
តំណាងពីគណបក្សគ្មានអាសនៈក្នុងរដ្ឋសភា ជួបប្រមុខរដ្ឋាភិបាល នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការគណៈរដ្ឋមន្ត្រី ពិភាក្សាគ្នាពីការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់
រដ្ឋាភិបាល បានបម្រួញទំហំការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដោយបានកំណត់ជាក់លាក់ពី អ្វីត្រូវធ្វើនិងអ្វីមិនត្រូវធ្វើ ជាពិសេស ការចុះទៅដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ។



កិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី បានដាក់ចេញបម្រាមមួយចំនួន ដល់លេខាធិការដ្ឋាននិងសមាជិក-សមាជិកានៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។

បម្រាមទាំងនោះ គឺ មិនត្រូវចុះដោះស្រាយរាល់ទំនាស់ ដែលសម្តេចនាយករដ្ឋមន្រ្តី បានដោះស្រាយ និង មានសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី (ស.ជ.ណ) រួចហើយ, មិនត្រូវចុះដោះស្រាយរាល់ទំនាស់ដីធ្លី ដែលកំពុងដំណើរការតាមនីតិវិធីរបស់តុលាការ, និង មិនត្រូវដោះស្រាយរាល់ទំនាស់ដីធ្លី ដែលបានដោះស្រាយដោយតុលាការ និងមានសាលក្រមឬសាលដីការួចហើយ។

ជាមួយគ្នានេះ រដ្ឋាភិបាល ណែនាំលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឲ្យពិនិត្យគោលដៅនិងកម្មវត្ថុ ដែលសមាជិក-សមាជិកានៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បម្រុងចុះទៅដោះស្រាយ ហើយមិនត្រូវចេញលិខិតបេសកកម្មជូនឡើយ បើស្ថិតក្នុងបម្រាមទាំងបីខាងលើ។  លើសពីនេះ រដ្ឋាភិបាល សង្កត់ធ្ងន់ថា សមាជិក-សមាជិកាឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តក់យោបល់ ក៏មិនត្រូវបញ្ជូនសំណុំរឿងវិវាទដីធ្លីរវាងបុគ្គលនិងបុគ្គល ជូនទៅសម្តេចនាយករដ្ឋមន្រ្តី ដោះស្រាយដែរ។

បណ្ឌិត មាស នី អ្នកតាមដានស្ថានការណ៍សង្គម ពន្យល់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ គ្រាន់តែមានសិទ្ធិនិងតួនាទី ចុះទៅសិក្សាស្រាវជ្រាវរឿងរ៉ាវឬបញ្ហាអ្វីមួយ ហើយបញ្ជូនទៅឲ្យរដ្ឋាភិបាលឬស្ថាប័នពាក់ព័ន្ធ ដោះស្រាយ ប៉ុន្តែឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ មិនមានសិទ្ធិក្នុងការដោះស្រាយឡើយ ព្រោះ វា អាចជាន់នឹងយន្តការរបស់រដ្ឋ ដែលមានស្រាប់។

ម្យ៉ាងទៀត បើបញ្ហាណា មានភាពយឺតយ៉ាវក្នុងការដោះស្រាយឬការដោះស្រាយមិនមានប្រសិទ្ធភាព ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបលល់ អាចយកបញ្ហានោះ ទៅជជែកជាមួយរដ្ឋាភិបាល ដើម្បីជំរុញឲ្យរកដំណោះស្រាយឲ្យបានឆាប់។ នេះជាសម្តីរបស់លោកបណ្ឌិតដដែល។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទ លោក មានប្រសាសន៍ថា៖«ខ្ញុំមើលទៅ តួនាទីរបស់គាត់ អាចមានតែប៉ុណ្ណឹងទេ។ សូម្បីកែតម្រូវគោលនយោបាយរបស់រដ្ឋាភិបាលអីហ្នឹង ក៏ពួកគាត់ អត់មានដែរមែនទែនទៅ ដោយសារតែពួកគាត់ មិនមែនជាតំណាងរាស្រ្តរបស់ពលរដ្ឋ ដែលបានជាប់ឆ្នោត»។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជានិងជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ លើកឡើងថា តាមពិតទៅ សម្តេចនាយករដ្ឋមន្រ្តី បានកំណត់និងដាក់ទិសដៅការងារនេះយូរមកហើយ ក្នុងកិច្ចប្រជុំចង្អៀតនាពេលកន្លងមក។ លោក ប្រាប់សារព័ត៌មានថ្មីៗថា៖«ប៉ុន្តែខ្ញុំមិនដឹងថា ប្រតិភូដទៃ ស្តាប់យល់ឬមិនយល់ទេ ទើបធ្វើឲ្យរដ្ឋាភិបាលប្រកាសជាសាធារណៈ»។

លោក បន្តថា គណបក្សរបស់លោក មិនទោមនស្សនឹងការកំណត់ការងារនេះទេ ដោយសារតែគណបក្សរបស់លោក បានយល់ច្បាស់ពីសិទ្ធិអំណាចរបស់ខ្លួន រួមទាំងនីតិវិធី ក្នុងការចុះទៅបំពេញធ្វើការងារ។ លោកបន្ថែមថា គណបក្សរបស់លោក មិនដែលយករឿងណា ដែលពាក់ព័ន្ធនឹងការកណត់របស់រដ្ឋាភិលបាលខាងលើក ទៅដាក់ជូនសម្តេចនាយករដ្ឋមន្រ្តី ដោះស្រាយឡើយ។ លោក អះអាងថា គណបក្សរបស់លោក យកតែរឿងណា ដែលកប់ទុកយូរឆ្នាំហើយ ដាក់ឲ្យរដ្ឋាភិបាលដោះស្រាយ។

លោក និយាយទៀតថា ការកំណត់ឬការដាក់បម្រាមខាងលើ មិនមែនជាឧបសគ្គសម្រាប់គណបក្សរបស់លោកនោះទេ។ ប្រធានគណបក្សយុវជនកម្ពុជា បញ្ជាក់ថា៖«យើង អត់មានរអាក់រអួលឬបន្ទច់បង្អាក់ទេ។ យើង ចុះធ្វើការ គឺនៅតែធ្វើដដែល តែយើងធ្វើក្នុងរឿងត្រូវ ហើយជាប្រយោជន៍ជាតិនិងប្រជាពលរដ្ឋភាគ្រចើន។ យើង បានយល់ពីការចុះធ្វើការ តាំងពីឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បង្កើតពីដំបូងម្ល៉េះ ហើយយើងធ្វើពីដំបូងមកដល់ថ្ងៃនេះ អត់មានជាន់បម្រាមបី-បួន [ហ្នឹងទេ]»។

លោក ឈឹម ផលវរុណ ប្រធានលេខាធិការរដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ពន្យល់ដូចបណ្ឌិត មាស នី ដែរថា ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ គ្មានសិទ្ធិដោះស្រាយបញ្ហាអ្វីឡើយ ដោយគ្រាន់តែមានតួនាទីចុះទៅស្វែងរកការពិតពីបញ្ហាអ្វីមួយ ហើយដាក់ជូនទៅរដ្ឋាភិបាលដោះស្រាយ។

យ៉ាងណា លោក បានហៅបេសកកម្មរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ក្នុងការចុះទៅស្វែងការពិតពីបញ្ហា ថាមិនមែនជាការងាយស្រួលឡើយ។ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ថ្លែងមកកាន់សារព័ត៌មានថ្មីៗថា៖«មិនមែនតែកម្ពុជាទេ លើពិភពលោកយើងទាំងមូល គឺជាបញ្ហា ជាការងារដ៏លំបាក  លំបាកនៅត្រង់ណា លំបាកនៅត្រង់ការប្រឈមគ្នារវាងការស្វែងរកការពិតនិងការលាក់ការពិត»។

លោក លើកពីលទ្ធផលការងារថា តាំងពីបង្កើត រហូតមកដល់បច្ចុប្បន្ន ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បានចុះទៅស្រាវជ្រាវបញ្ហាឬទំនាស់ផ្សេងៗដល់ទៅរាប់រយករណី តែលោក ពុំចាំច្បាស់ពីចំនួនឡើយ។ លោក ប្រាប់ថា ភាគច្រើន គឺទំនាស់ដីធ្លីនិងការចាប់ខ្លួនប្រជាពលរដ្ឋ ក្នុងទំនាស់ដីធ្លី ដែលឧត្តមក្រុមប្រក្សាពិគ្រោះនិងផ្តល់យោបល់ បានចុះទៅស្រាវជ្រាវ ហើយដាក់ជូនរដ្ឋាភិបាលឬស្ថាប័នពាក់ព័ន្ធ ដោះស្រាយ។

រដ្ឋាភិបាល ពុំបានបញ្ជាក់មូលហេតុឡើយ ថាហេតុអ្វីបានជានៅសុខៗ ស្រាប់តែប្រកាសពីបម្រាមប៉ុន្មានចំណុចនេះជាសាធារណៈ តែទំនងជាដោយសារតែការចុះបំពេញការងាររបស់សមាជិកខ្លះនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ មិនស្របតាមការកំណត់របស់រដ្ឋាភិបាល (ឬក៏មានភាពឆ្គាំឆ្គងណាមួយ?)។

ថ្មីៗនេះ លោក សុខសុវណ្ឌ វឌ្ឍនាសាប៊ុង ហៅ វីល្លាម ហ្គ័ង ប្រធានគណបក្សខ្មែរក្រោក ត្រូវបានបញ្ចប់ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។ ការបញ្ចប់សមាជិកភាពនេះ គឺបន្ទាប់ពីលោក បានទាស់ទែងជាមួយមន្រ្តីក្រសួងបរិស្ថាន ពេលលោក ចុះទៅស្រាវជ្រាវក្នុងរឿងមួយ ដោយលោក អះអាងថា មន្រ្តីបរិស្ថាន បានឃុំខ្លួនប្រជាជន និងការពារក្រុមហ៊ុនឯកជន។

លោក បានប្រើពាក្យធ្ងន់មួយម៉ាត់ទាំងលើកដៃចង្អុល ទៅកាន់មន្រ្តីបរិស្ថានថា៖«ព្រះសង្ហារលើមួកលោកឯង មិនសមពាក់ទេ ដោះចុះមក ហើយលូនក្រោមជើងពួកសក្តិភូមិអស់ហ្នឹងទៅ»។ ក្រសួងបរិស្ថាន ហៅការប្រើសម្តី កាយវិការ និង ការចោទប្រកាន់របស់លោក សុខសុវណ្ឌ វឌ្ឍនាសាប៊ុង ថា មានភាពក្រអឺតក្រទម និងមិនសមជាដៃគូរបស់រដ្ឋាភិបាលឡើយ។

កាលពីអំឡុងខែឧសភា ឆ្នាំ២០១៩ អ្នកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា ប្រធានគណបក្សនគរប្រជាធិបតេយ្យ និង លោក ច័ន្ទ ភាព ជាអនុប្រធានគណបក្ស ក៏ត្រូវបានបញ្ចប់ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ដែរ ក្រោងមានរឿងអាស្រូវពាក់ព័ន្ធនឹងដីធ្លីនៅខេត្តព្រះវិហារ។ កាលនោះ លោក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បកស្រាយថា អ្នកទាំងពីរ ដើរបំផុសបំផុលប្រជាពលរដ្ឋ ឲ្យទៅកាន់ដាប់និងរស់នៅលើដីមួយកន្លែង ដែលរដ្ឋប្រគល់ឲ្យក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍ។

កាលពីអំឡុងខែសីហា ឆ្នាំ២០១៨ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ត្រូវបានបង្កើតឡើង ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ គណបក្ស១៥ ដែលគ្មានអាសនៈក្នុងរដ្ឋសភា បានស្ម័គ្រចិត្តចូលជាសមាជិកនៃឧត្តមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។

ការបង្កើតឧត្តមក្រុមប្រក្សាពិគ្រោះនិងផ្តល់យោបល់ គឺរដ្ឋាភិបាល ចង់បង្កើតរូបភាពពហុបក្ស ក្នុងអង្គការនីតិប្រតិបត្តិ ខណៈនីតិបញ្ញត្តិ មានតែគណបក្សប្រជាជនកម្ពុជា៕

Tag:
 ហ៊ុន សែន​
  ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់
© រក្សាសិទ្ធិដោយ thmeythmey.com