របប​អាហារ ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាយ​កាយ​លោកអ្នក​
អត្ថបទពាណិជ្ជកម្ម
របប​អាហារ ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាយ​កាយ​លោកអ្នក​
18, May 2020 , 2:47 pm        
រូបភាព
ដោយ: ថ្មីៗ
 ​របប​អាហារ​ប្រចាំថ្ងៃ មាន​សារៈសំខាន់​ខ្លាំងណាស់ ចំពោះ​ការ​ទ្រង់​ទ្រង់​សុខភាព​លោកអ្នក​ឲ្យ​ល្អ រាងកាយ​មាំមួន ចៀស​ឆ្ងាយ​ពី​ជំងឺ​នានា​។ ក្នុងអំឡុងពេល​កម្ពុជា និង​ពិភពលោក កំពុង​ជួប​ប្រឈម​នឹង​ជំងឺ​រាតត្បាត កូ​វីដ​-១៩ វា​រឹងរឹតតែ​ធ្វើ​ឲ្យ​លោកអ្នក យកចិត្តទុកដាក់​កាន់តែខ្លាំង​ក្លា​បន្ថែមទៀត ចំពោះ​ការពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៅក្នុង​រាងកាយ​របស់​យើង​។​
 
​ដើម្បី​ជួយ​ពង្រឹង​ភាពស៊ាំ​រាងកាយ​នោះ លោកអ្នក​មិនគួរ​មើលរំលង ពពួក​អាហារ​ដែល​សម្បូរ​ទៅដោយ វីតាមីន A,  C, D​និង វីតាមីន E នោះទេ​។ តើ​ហេតុអ្វី​បានជា​សារធាតុ​នេះ​ទាំងនេះ ចាំបាច់​សម្រាប់​រាងកាយ​យើង ហើយ​តើ​អាហារ​ណាខ្លះ ដែល​សម្បូរ​សារធាតុ​ទាំងនេះ​? ខាងក្រោម​នេះ គឺជា​ចម្លើយ​៖
 
​វីតាមីន​A ជា​សារធាតុចិញ្ចឹម​ដ៏​សំខាន់​ដែល​ខ្លួនប្រាណ​យើង​ត្រូវ​ការមិនអាច​ខ្វះ​បាន តែ​បញ្ហា​នៅត្រង់ថា កោសិកា​យើង​មិនអាច​ផលិត​វា​បានឡើយ​។ ដូច្នេះ​វិធី​ល្អ​បំផុត ​គឺ​យើង​ត្រូវ​ទទួលទាន​អាហារ ដែលមាន​ផ្ទុក​នូវ​សារធាតុ​ទាំងនេះ​។ អាហារ​ដែល​សម្បូរ​វីតាមីន A រួមមាន ទឹកដោះគោ ស៊ុត ត្រី និង​ថ្លើម​សត្វ គ្រឿង​សមុទ្រ ការ៉ុត និង​បន្លែ​បៃតង​ជាដើម​។​
 
 
​វីតាមីន C ជា​អង់​ទី​អ៊ុក​ស៊ី​ដង់​ដ៏​សំខាន់ និង​មាន​ប្រយោជន៍​សម្រាប់​សុខភាព​។ វា​ក៏​អាច​ប្រយុទ្ធ​ប្រឆាំងនឹង​ភាព​ចាស់ជរា​របស់​កោសិកា​ផងដែរ​។ វីតាមីន C នេះ គឺ​មាននៅ​គ្រប់​បន្លែ និង​ផ្លែឈើ​ស្រស់​ទាំងអស់ ជាពិសេស​ផ្លែ​បឺ​រី ក្រូច និង​ម្ទេស​ប្លោក​។​
 
 

  


​វីតាមីន D ត្រូវបាន​គេ​ចាត់ទុកថា​ជួយ​ព្យាបាល​ដល់​ជំងឺ​ជាច្រើន​។ ការសិក្សា​ថ្មីៗ​បង្ហាញ ពី​ទំនាក់ទំនង​រវាង​ការ​កង្វះ​វីតាមីន D និង​ជំងឺ​មួយចំនួន​ដូចជា​ការ​ធាត់​ជ្រុល ជំងឺ​បេះដូង ជំងឺ​ក្រិន​រឹង​ច្រើន​កន្លែង មហារីក និង​ការបាក់​ទឹកចិត្ត​ជាដើម​។ អាហារ​ដែល​ផ្ទុក​ទៅដោយ វីតាមីន D មានដូចជា ត្រី​សម្បូរ​ខ្លាញ់ ស៊ុត ទឹក​សណ្តែកសៀង​-​ល​-​។​
 
​វីតាមីន E គឺជា​សមាសធាតុ​ប្រឆាំង​អុកស៊ីដកម្ម​ដ៏​ខ្លាំងក្លា​មួយ ហើយ​ផលប្រយោជន៍​របស់​វា​ទៅលើ​សុខភាព​មនុស្ស​យើង​ក៏មាន​ច្រើន​ដែរ ។ វីតាមីន E  ជួយ​ថែរក្សា​ស្បែក និង​ការពារ​កាំរស្មី​យូ​វី , ជួយ​ឲ្យ​សក់​មាន​សុខ​ភាពល្អ និង​រឹងមាំ​, ជួយ​ពង្រឹង​ភាព​ចង់ចាំ​របស់​ខួរក្បាល​, ជួយ​ជំរុញ ដល់​ការផលិត​កោសិកា​ឈាម ក្រហម ហើយ​វីតាមីន E​នេះ​ទៀតសោត ក៏​ជួយ​ឱ្យ​បេះដូង និង​សរសៃឈាម​កាន់តែ​រឹងមាំ​ដែរ​។ វីតាមីន E មាននៅ​ក្នុង​គ្រាប់​ធញ្ញជាតិ និង​ប្រេង​បន្លែ​ផ្សេងៗ ផ្លែឈើ  បន្លែ​បៃតង និង​ការ៉ុត​ជាដើម​។​
 
 


ក្រៅតែពី​របប​អាហារ​ខាងលើនេះ ការហាត់​ប្រាណ​ជាប្រចាំ ក៏​ជា​ចំណែក​មួយ​ដ៏​សំខាន់​ផងដែរ ដែល​ជួយ​ឲ្យ​លោកអ្នក​ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ ជាពិសេស គឺ​ការជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​នេះឯង​។ ហើយ​វា​គឺជា​អាវុធ​ដ៏​មាន​ប្រសិទ្ធភាព ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​ផ្សេងៗ​។ ដូច្នេះ​កុំ​ភ្លេច​ហាត់ប្រាណ​ឲ្យ​ទៀងទាត់​ផង​ណា​! ៕

(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម