COVID-19
អន្តរជាតិ
លោក ប៉ុ​ម​ប៉េ​អូ ព្រមាន​ចិន​រឿង​ជ្រៀត​ជ្រែក​កិច្ចការ​អ្នកកាសែត​អាមេរិក​នៅ​ហុងកុង​
18, May 2020 , 3:23 pm        
រូបភាព
លោក លោកម៉ៃ ប៉ុមប៉េអូ  រដ្ឋមន្ត្រីការរបរទេសអាមេរិក-AFP
លោក លោកម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីការរបរទេសអាមេរិក-AFP
ដោយ:
​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស​អាមេរិក​នៅ​ថ្ងៃទី ១៧ ខែឧសភា បាន​ចាប់អារម្មណ៍​ថា​រដ្ឋាភិបាល​ចិន បាន​គំរាម​ជៀត​ជ្រែក ​ចូលក្នុង​កិច្ចការ​អ្នកសារព័ត៌មាន​អាមេរិក​ នៅ​ហុងកុង​។ លោក​បន្ថែមទៀតថា សេចក្តីសម្រេច​ណា​ដែលមាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ស្វ័យភាព​របស់​ហុងកុង នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការវាយតម្លៃ​លក្ខ​​ន្តិ​កៈ ​របស់​អាមេរិក​លើ​តំបន់​នេះ​។​

 
​យោងតាម​ទីភ្នាក់ងារ​សារ​ព័​ត៌​មាន Reuters ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន លោក ប៉ុ​ម​ប៉េ​អូ បាន​សង្កត់ធ្ងន់ថា អ្នកសារព័ត៌មាន​ទាំងអស់ ជា​អ្នកសារព័ត៌មាន​សេរី មិនមែនជា​កង​ឃោសនា​ឡើយ ហើយ​ការរាយការណ៍​របស់​ពួកគេ​ មានតម្លៃ​ក្នុងការ​ផ្តល់ជូន​ដំណឹង​ដល់​ប្រជាជន​ហុងកុង និង​ពិភពលោក​។​
 
​នៅ​ឆ្នាំ​១៩៩៧ អង់គ្លេស​បានប្រគល់​ទឹកដី​ហុងកុង​ទៅ​ឲ្យ​ចិន​វិញ ដោយ​ចិន​សន្យាថា នឹង​ផ្តល់​ស្វ័យភាព​កម្រិត​ខ្ពស់ សម្រាប់​រយៈពេល​៥០​ឆ្នាំ​។ ការផ្តល់​ស្វ័យភាព​ពី​ចិន​នេះហើយ ​ជា​មូលដ្ឋាន​ដែល​អនុញ្ញាត​ឲ្យ​ហុងកុង ​ទទួលបាន​លក្ខ​​ន្តិ​កៈ​ជា​ទឹកដី​ពិសេស​ ក្រោម​ច្បាប់​អាមេរិក ហើយ​ដែល​ជួយ​ឲ្យ​ទីក្រុង​នេះ​ លូតលាស់​ក្លាយជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក​។​
 
​ទាក់ទង​នឹង​ស្វ័យភាព​តំបន់​ហុងកុង​នេះ ​ប្រមុខ​ការបរទេស​អាមេរិក​លោក ប៉ុ​ម​ប៉េ​អូ បានប្រកាស​កាលពី​ថ្ងៃទី​៦ ខែឧសភា​ថា ក្រសួងការបរទេស​អា​មេ​រិ​ក បាន​ពន្យារ​ផ្ញើ​របាយការណ៍​របស់ខ្លួន​ ទាក់ទង​នឹង​ស្វ័យភាព​តំបន់​ហុងកុង ​ទៅ​សភា​អាមេរិក ក្នុងន័យ​វាយតម្លៃថា ហុងកុង​ទទួលបាន​ស្វ័យភាព​ពេញលេញ ដើម្បី​ទទួលបាន​លក្ខខណ្ឌ​ពិសេស​ពី​អាមេរិក​ ឬ​យ៉ាងណា​។
 
​លោក ប៉ុ​ម​ប៉េ​អូ និយាយថា​ពេលវេលា​ដែល​ពន្យារ​នេះ គឺ​ដើម្បី​អាច​ឲ្យ​គេ​រាប់បញ្ចូល​សកម្មភាព​បំពាន​ ដែល​ចិន​ប៉ុនប៉ង​បង្កើតឡើង​ ពេល​ត្រៀម​បើក​កិច្ចប្រជុំសភា​ នៅ​នៅ​ថ្ងៃទី​២២ ឧសភា​។ លោក ទំនង​ចង់​បានន័យថា អ្នកសារព័ត៌មាន​អាមេរិក​ ទំនង​រង​ការ​រឹតត្បិតពី​អាជ្ញាធរ​ចិន​ ទាក់ទង​នឹង​ការផ្សាយ​ព័ត៌មាន​ពី​ព្រឹត្តិការណ៍​ធំ​នេះ​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា ភាព​តឹងតែង​រវាង​អាមេរិក និង​ចិន​កើនឡើង​ខ្លាំង​ នាប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ បន្ទាប់ពី​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​លោក ប៉ុ​ម​ប៉េ​អូ រិះគន់​ចិន​មិន​ដាច់​ពី​មាត់​ ពី​ការគ្រប់គ្រង​ការផ្ទុះ​ជំងឺ COVID-19 ដំណាក់កាល​ដំបូង​ដោយ​ចិន​។ លោក ត្រាំ ចោទ​ចិន​ថា ធ្វើ​ការមិន​បានល្អ​ ទើប​បណ្ដាល​ឲ្យ​វីរុស​រាលដាល ខណៈ​លោក ប៉ុ​ម​ប៉េ​អូ ចោទ​ដោយ​គ្មាន​ភ័ស្តុ​ង​តាង​ថា COVID-19 ធ្លាយ​ចេញពី​មន្ទីរពិសោធន៍​នៅ​វូ​ហាន​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com