រថយន្ត
អន្តរជាតិ
ប្រពៃណី​មើល​កុន​ពី​ក្នុង​រថយន្ត រស់​ឡើងវិញ​ក្នុង​សម័យកាល COVID-19
18, May 2020 , 7:19 pm        
រូបភាព
ដោយ: ធីតា
Drive-in Movie Theater ជា​ប្រព​ណី​មើល​កុន​ពី​រថយន្ត​របស់​ពលរ​ដ្ឋ​អាមេរិក តាំងពី​អំឡុង​ឆ្នាំ​១៩៥០ មក​។ ដើម្បី​កាត់បន្ថយ​ភាព​តប់ប្រមល់​របស់​ព​ល​រដ្ឋ​ដែល​ខកខាន​ចេញ​ក្រៅ និង​លំហែ​អារម្មណ៍​នា​វិបត្តិ COVID-19 អាជីវ​កម្មនេះ បាន​រស់​ឡើងវិញ​នៅ​បណ្តា​រដ្ឋ​ជាច្រើន​ក្នុង​សហរដ្ឋអាមេរិក រួមទាំង​ប្រទេស​មួយចំនួន​។​

 
«​យើង​ចង់​ធ្វើ​ឲ្យ​ប្រពៃណី​បែបនេះ​រស់​ឡើងវិញ​។ យើង​ពិតជា​រីករាយ​ខ្លាំងណាស់​ចំពោះ​ការគាំទ្រ​របស់​ពលរដ្ឋ​នៅ​សហគមន៍​»​។ នេះ​ជាការ​លើកឡើង​របស់លោក Mike និង​អ្នកស្រី Lisa Chenette ដែល​ផ្តួចផ្តើម​អាជីវកម្ម Jericho Drive-In នៅ​ញូវយ៉ក​។​
 
​យោងតាម​ការផ្សាយ​រប​ស់ Spectrum News ក្រុង​ញូវយ៉ក ដែល​រងគ្រោះ​ខ្លាំង​ដោយ COVID-19 បាន​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​មួយចំនួន ហេតុដូច្នេះ​ហើយ​បានជា​ក្រុមគ្រួសារ​របស់លោក Mike បើក​ដំណើរ​ការចាក់​បញ្ចាំងភាពយន្ត​នៅ​កន្លែង​ចត​រថយន្ត ដោយ​អនុញ្ញាត​ឲ្យ​អ្នកទស្សនា​ភាពយន្ត​ពី​ក្នុង​រថយន្ត​របស់ខ្លួន​។​


 
«​យើង​បាន​បង្កើត​ការ​កក់​សំបុត្រ​តាម​អន​ឡាញ ហើយ​រាល់​ការទិញ​អាហារសំរន់ ភេសជ្ជៈ ឬ​ការ៉េម ជាដើម សុទ្ធតែ​មិនចាំបាច់​ទូទាត់​ដោយ​ក្រដាសប្រាក់​ផ្ទាល់​នោះឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី Lisa ដោយ​អះអាងថា អតិថិជន ត្រូវបាន​តម្រូវ​ឲ្យ​រក្សា​គម្លាត​សុវត្ថិភាព​ផងដែរ ប៉ុន្តែ​មិនចាំបាច់​ពាក់​ម៉ាស់​នោះឡើយ ខណៈ​អង្គុយ​ក្នុង​រថយន្ត​ផ្ទាល់ខ្លួន​។​
 
​តម្រូវការ​ចាំបាច់​រប​ស់​អតិថិជន​របស់ Jericho Drive-In នោះ​គឺ​ការគោរព​តាម​គោលការណ៍​សុខាភិបាល​លើ​ការទប់ស្កាត់ COVID-19 (COVID-19 Rules) ហើយ​ពួកគេ​ត្រូវ​បង់ប្រាក់​តាម MasterCard, Visa, Discover ឬ American Express​។​
 
​មិនមែន​តែ​ញូវយ៉ក​នោះឡើយ បណ្តា​រដ្ឋ​ផ្សេងទៀត ក៏បាន​ដំណើរការ​អាជីវកម្ម Drive-in Movie Theatre ផងដែរ​តាមរយៈ​ការប្រើប្រាស់​ទីតាំង​ចំណតរថយន្ត​ធំៗ រួមទាំង​បរិវេណ​កីឡដ្ឋាន ដើម្បី​រួមចំណែក​កាត់បន្ថយ​អារម្មណ៍​តប់ប្រមល់​ដោយសារ COVID-19​។ 
 
​នៅ Enzian Theater ដែល​ស្ថិតនៅ Maitland សំបុត្រ​ភាពយន្ត​រឿង The Princess Bride បាន​លក់ដាច់​អស់​ត្រឹមតែ​រយៈពេល​៣០​នាទី​ប៉ុណ្ណោះ​។ ម្ចាស់​អាជីវកម្ម​ភាគច្រើន​ចង់​ប្រើប្រាស់​ឱកាស​នេះ ដើម្បី​រំលឹក​ក្មេងៗ​ឲ្យ​ពី​ប្រពៃណី​របស់​ចាស់​ជំនាន់​មុន​។ យុវជន​ភាគច្រើន​សុទ្ធតែ​បាន​អះអាងថា ពួកគេ​មិន​អារម្មណ៍​ប្លែក និង​រីករាយ​ចំពោះ​បទពិសោធន៍​មើល​កុន​ពី​ក្នុង​រថយន្ត​លើកដំបូង​។​
 
​ក្រៅពី​សហរដ្ឋអាមេរិក ប្រទេស​ផ្សេងទៀត​ក៏បាន​បើក​ដំណើរការ​ទស្សនីយភាព Drive-In Cinema ផងដែរ ក្នុងនោះ​មានដូចជា កាណាដា បារាំង អ៊ីរ៉ង់ លី​ទុយ​អា​នី អាល្លឺម៉ង់ ក្រិ​ក អេ​មី​រ៉ា​ត​អារ៉ាប់​រួម ឥណ្ឌូណេស៊ី ជាដើម​៕



Tag:
 Drive-In Theater
© រក្សាសិទ្ធិដោយ thmeythmey.com