បទយកការណ៍ / បទសម្ភាសន៍
លោក ប៉ិច បូ​ឡែ​ន ថា​រដ្ឋ​គួរ​មាន​កញ្ចប់​ថវិកា ដើម្បី​ជួយ​ស្រោចស្រង់​សាលា​ឯកជន​
18, May 2020 , 9:39 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ បន្ទាប់ពី​ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​ឲ្យ​សិស្ស​ចូល​វិស្សមកាល​តូច​មុន​កាលកំណត់​កាលពី​ខែមីនា និង​បន្ត​បិទ​សាលារៀន​ទាំង​រដ្ឋ និង​ឯកជន​រហូតមកដល់​បច្ចុប្បន្ននេះ បានធ្វើ​សាលារៀន​ឯកជន កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន ជាពិសេស ការបាត់បង់​ចំណូល​ជាង​ពាក់កណ្តាល ដែល​ជំរុញ​ឲ្យ​មានការ​ព្យួរការងារ​គ្រូបង្រៀន ឬ​កាត់បន្ថយ​ប្រាក់ខែ​បុគ្គលិក​និង​គ្រូបង្រៀន និង​បញ្ហា​ជាច្រើន​ទៀត​។ បើ​គ្មាន​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ទេ សាលារៀន​ឯកជន អាច​នឹង​ក្ស័យធន​ជាមិនខាន​។



​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​នៃ សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ប៉ិច បូ​ឡែ​ន ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន Westline Education Group. ដូចតទៅ​៖ 


 


 
​មានមុខ​របរ និង​អាជីវកម្ម​ជាច្រើន ដែល​បាន​រង​ផលប៉ះពាល់​ដោយសារ​វីរុស​កូ​រ៉ូ​ណា ឬ​ជំងឺ​កូ​វីដ​១៩​។ ក្នុងនោះដែរ សាលារៀន​ឯកជន​នៅ​កម្ពុជា ក៏បាន​នឹង​កំពុង​ប្រឈម​បញ្ហា​ដូចគ្នា​ដែរ រួមមាន​៖ ការបាត់បង់​ចំណូល​ជាង​ពាក់កណ្តាល ឧបសគ្គ​ក្នុងការ​បង្រៀន​ពី​ចម្ងាយ (​បង្រៀន​តាម​អន​ឡាញ​)​។ លោក ប៉ិច បូ​ឡែ​ន ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា បាន​អះអាងថា សាលារៀន​ឯកជន កំពុងមាន​ស្ថាន​ភាពមិនប្រាកដប្រជា ព្រោះតែ​បាត់បង់​ចំណូល​ជាង​ពាក់កណ្តាល ដែល​ធ្វើ​ឲ្យ​សាលា​មាន​បន្ទុក​ធ្ងន់ៗ​ចំនួន​៣​សំខាន់ ដូចជា ប្រាក់ខែ​គ្រូបង្រៀន បង់ថ្លៃ​ឈ្នួល​អគារ និង​បង់​ធនាគារ​។​
 
 
​លោក​អះអាង​យ៉ាង​ដូច្នេះ​ថា​៖ «​ក្នុង​ស្ថាប័នរដ្ឋ ប្រហែលជា​អត់​អី​ប៉ុន្មាន​ទេ នៅតែ​បង្រៀន​បាន​ច្រើន​បាន​តិច គឺ​តាម​ហ្នឹង​។ ហើយ​ឯកជន ជា​លក្ខណៈ​បច្ចេកទេស​ក៏​យើង​នៅតែ Support បានដែរ​នូវ​ការរៀន​ពី​ចម្ងាយ​តាម​ការណែនាំ​របស់​ក្រសួង ប៉ុន្តែ​រឿង​សេដ្ឋកិច្ច ជា​បញ្ហា​ក្នុង​សាលា​ភាគច្រើន​ដែលជា​សហព័ន្ធ​របស់ខ្ញុំ​។ បើ​ក្នុងករណី​ដែល​សេដ្ឋកិច្ច​នៅតែ​បិទ​អ៊ីចឹង អត់​មាន​ចំណូល ឬ​មាន​ចំណូល​តិច​បែប​ហ្នឹង សាលា​ចាប់ផ្តើម​ឲ្យ​សញ្ញា​មកហើយ គឺ​បិទ​បណ្តើរៗ​នៅក្នុង​អំឡុង​មួយខែ ឬ​ពីរ​ខែ​ខាងមុខ​។ នេះ​ខ្ញុំ​និយាយ​តែ​សាលា​នៅក្នុង​សហព័ន្ធ​របស់ខ្ញុំ​»​។ 
 
​លោក​បន្ថែមថា​៖ «​នេះ​ជា​បញ្ហា​ដែល​យើង​បារម្ភ យើង​អាច​ធ្វើបាន​បច្ចេកវិទ្យា យើង​អាចជួយ​គ្នា​ទៅវិញទៅមក​បាន ប៉ុន្តែ​សំខាន់​លំហូរ​ចំណូល​សាច់ប្រាក់ អត់​មាន ឬ​មាន​តិច វា​ពិបាក​។ អ៊ីចឹង យើង​អាច​ឈានទៅ​កាត់​ជា​ភាគរយ​ប្រាក់ខែ​បុគ្គលិក ឬ​យើង​សុំ​ផ្អាក​ការងារ​បណ្តោះអាសន្ន​ហើយ​។ បើ​ក្នុងករណី​ទៅមុខ​នៅតែ​លំបាក​ទៀត យើង​បន្ថយ​បុគ្គលិក បន្ថយ​គ្រូបង្រៀន វា​ប៉ះពាល់​ដល់​ការសិក្សា​ពី​ចម្ងាយ ព្រោះតែ​យើង​មាន​ចំណូល​តិច​។ អ៊ីចឹង មួយតង់​ទៀត យើង​អាច​បិទ​សាលា​តែម្តង​»​។ 
 
​បើតាម​លោក ប៉ិច បូ​ឡែ​ន បច្ចុប្បន្ន សិស្សសាលា​ឯកជន​ដែល​ស្ថិតក្នុង​សហព័ន្ធ​របស់លោក ទទួលបាន​ការអប់រំ​ពី​ចម្ងាយ​ប្រហែល​៥០​ទៅ​៦០​ភាគរយ ហើយ​ក្រៅពីនេះ ពួកគេ​មិន​ទទួលបាន​ការអប់រំ​ពី​ចម្ងាយ​នោះទេ ពោលគឺ អាណាព្យាបាល​សិស្ស​បាន​ផ្អាក​ទាំងស្រុង ជាពិសេស សិស្ស​ដែលមាន​អាយុ​៨​ឆ្នាំ​ចុះក្រោម ដោយសារ ពួកគាត់​ពិបាក​ប្រើ​បច្ចេកវិទ្យា ដែលជា​និន្នាការ​ថ្មី​ពេក​សម្រាប់​បរិបទ​កូ​វីដ​នេះ ឬ​ពួកគាត់​រវល់​ទៅលើ​ការប្រឹងប្រែង​ប្រកបមុខរបរ​របស់គាត់​ផងដែរ​។ 
 
​លោក​បន្តថា​៖ «​បញ្ហា​រឿង​សេដ្ឋកិច្ច គឺជា​រឿង​មួយ​ដ៏​លំបាក ដោយសារតែ​ចំណូល​ពី​ការរៀន​អន​ឡាញ​នេះ វា​តិចតួច​មែនទែន​ជាធ​ម្យ​ម​បាន​ប្រហែល​៣០​ភាគរយ​អី​ទេ បើ​ស្ទង់​តាម​សាលា​ភាគច្រើន​។ តែមាន​សាលា​ខ្លះ ដាច់​ចំណូល​តែម្តង ឬ​បាន​១០ ឬ​២០​ភាគរយ ជាធ​ម្យ​ម​បាន​៣០​ភាគរយ​នៃ​ចំណូល​ដែល​បាន​ប្រមូល​។ ចំណូល​នេះ ទប់​មិន​រួច ជាមួយ​បៀវត្ស៍​បុគ្គលិក ជាមួយ​ថ្លៃឈ្នួល​ផ្ទះ​។ ដោយសារតែ​សិស្ស​ភាគច្រើន​បាន​សុំ​ផ្អាក ទោះបី​សាលា​បាន​បញ្ចុះតម្លៃ​តាម​សាលា​ខ្លះ​២០,៣០,៤០ ឬ ៥០​ភាគរយ​ក៏ដោយ ដល់ពេល​គាត់​អត់​មាន គាត់​សុំ​ផ្អាក​តែម្តង​។ ពេលខ្លះ​គាត់​ខ្វះ​ចំណូល ពេលខ្លះទៀត គាត់​គិតថា មិនទាន់​ចាំបាច់​»​។ 
 
​ទន្ទឹមនឹង​ការបង្ហាញ​អំពី​ភាព​ប្រឈម​របស់​សាលារៀន​ឯកជន​ដោយសារ​ជំងឺ​កូ​វីដ​១៩ ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​រូបនេះ ចង់​មានការ​ពិភាក្សា​មួយ​ជាមួយ​ក្រសួង​អប់រំ និង​ក្រសួងសុខាភិបាល អំពី​លទ្ធភាព​នៃ​ការបើក​សាលារៀន​ឡើងវិញ ដោយមាន​ភ្ជាប់​នូវ​ស្តង់ដារ​សុវត្ថិភាព​។ តែ​បើក​ករណីនេះ ទៅ​មិន​រួច​នោះទេ លោក​ស្នើសុំ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​កញ្ចប់​ថវិកា​ណាមួយ ដើម្បី​ជួយ​ស្រោចស្រង់​សាលារៀន​ឯកជន​ឲ្យ​អាច​បន្ត​ការអប់រំ​ពី​ចម្ងាយ​បាន​៕     
 

Tag:
 ប៉ិច បូ​ឡែ​ន​
 ​សាលា​ឯកជន​
 ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com