អង្គការ-សង្គមស៊ីវិល១៣២ស្ថាប័ននៅកម្ពុជា រួមគ្នាស្នើសុំឲ្យរដ្ឋាភិបាល ទម្លាក់ចោលការចោទប្រកាន់ចេញពីអ្នកសារព័ត៌មានពីររូប ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ គឺលោក សុខ ឧត្តម និង លោក សុវណ្ណ រិទ្ធី រួមទាំងសុំឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មានផ្សេងទៀត ដែលមិនស្ថិតក្នុងការឃុំឃាំង។
តាមរយៈសេចក្តីថ្លែងការណ៍រួម ដែលចេញនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ក្រុមអង្គការ-សង្គមស៊ីវិល បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាល នឹងប្រគល់អាជ្ញាបណ្ណ ដែលត្រូវបានដកហូតកន្លងមក ដល់ម្ចាស់ស្ថាប័នសារព័ត៌មានទាំងអស់នោះវិញ ដើម្បីបានដំណើរការឡើងវិញ ។
បើយល់ថា អ្នកកាសែត មិនបានប្រព្រឹត្តកំហុស អង្គការ-សង្គមស៊ីវិល អាចជួយពួកគេបាន តាមរយៈការផ្តល់មេធាវីឬការស្វែងរកភស្តតាង ហើយយកទៅតាំងនៅតុលាការ មិនមែនស្នើសុំឲ្យដោះលែងនោះទេ។ នេះជាការឆ្លើយតបរបស់លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ទៅកាន់អង្គការ-សង្គមស៊ីវិល។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នាព្រឹកថ្ងៃទី១៩ ខែឧសភា អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ថា៖«ពួកគាត់ ធ្វើអ៊ីចឹង ដូចជាលើកទឹកចិត្តឲ្យអ្នកសែតប្រព្រឹត្តបទល្មើស»។
លោក ប្រាប់ទៅ អង្គការ-សង្គមស៊ីវិលថា មិនគួរបារម្ភចំពោះអ្នកកាសែតឡើយ ពីព្រោះថា បើធ្វើការប្រកបដោយសីលធម៌ និងវិជ្ជាជីវៈ ពួកគេ នឹងមិនរងការចោទប្រកាន់ឡើយ តែបើធ្វើអ្វីខុសច្បាប់ ពួកគេ នឹងត្រូវទទួលទោសដូចប្រជាពលរដ្ឋដែរ។
អង្គការ-សង្គមស៊ីវិល រម្លឹកពីសាវតាថា លោក សុវណ្ណ រិទ្ធី លោក សុវណ្ណ រិទ្ធី ចាងហ្វាងTVFB ត្រូវចាប់ខ្លួន កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ក្រោមបទល្មើសញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ក្រោយពីលោកបានស្រង់សម្ដីផ្ទាល់របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន យកទៅចុះផ្សាយ។
អង្គការ-សង្គមស៊ីវិល រម្លឹកប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីថា រដ្ឋាភិបាល មិនមានថវិកាគ្រប់គ្រាន់ក្នុងការគាំទ្រកម្មករក្រៅប្រព័ន្ធ ដូចជា អ្នករត់ម៉ូតូឌុប អំឡុងពេលមានវិបត្តិសេដ្ឋកិច្ចកើតឡើងដោយសារជំងឺវីដ១៩ឡើយ ហើយបានណែនាំឲ្យអ្នករត់ឌុបឬតាក់ស៊ីដែលក្ស័យធន លក់យានជំនិះរបស់ពួកគាត់ ដើម្បីយកប្រាក់ជួយផ្គត់ផ្គង់ជីវភាពរស់នៅបន្តទៀត។
ពេលនោះ លោក សុវណ្ណ រិទ្ធី បានស្រង់សម្តីរបស់សម្តេចនាយករដ្ឋមន្ត្រី ទៅបង្ហោះលើហ្វេសប៊ុកថា៖«បើអ្នករត់ម៉ូតូឌុបក្ស័យធន លក់ម៉ូតូចាយសិនទៅ រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ»។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមឃឿន បានប្រាប់សារព័ត៌មានថ្មីៗនាពេលកន្លងមកថា សំណេររបស់លោក សុវណ្ណ រិទ្ធី ជាការបំប៉ោង និងបំពុលសង្គម ដែលធ្វើឲ្យពលរដ្ឋយល់ច្រឡំលើសម្ដេចនាយករដ្ឋមន្ត្រី។ លោក ចាត់ទុកសំណេររបស់ចាងហ្វាង TVFB ថាជាចេតនាបង្កើតឲ្យមានចលាចលក្នុងសង្គម។
អ្នកនាំពាក្យនគរបាលជាតិរូបនេះ បញ្ជាក់ថាដូច្នេះថា៖«សម្ដេច ហ៊ុន សែន គាត់បានចេញវិធានការដោះស្រាយបញ្ហាពលរដ្ឋ ដែលជួបបញ្ហាប្រឈមនឹងជំងឺកូវីដ១៩ហើយ ហើយគ្រាន់តែសម្ដេចនិយាយលេងមួយម៉ាត់-ពីរម៉ាត់សោះ បែរជាយកមកចុះផ្សាយ។ សម្ដេចគាត់គ្មានចេតនាដូចការចុះផ្សាយឯណា ព្រោះគាត់បានចេញវិធានការច្រើនមកហើយ»។
ក្រោយចាប់ខ្លួន ក្រសួងព័ត៌មាន ក៏លុបអាជ្ញាបណ្ណ TVFB របស់លោក សុវណ្ណ រិទ្ធី ក្រោមហេតុផលថា បានផ្សព្វផ្សាយញុះញង់បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ និង សុវត្ថិភាពសង្គម។
ចំណែក លោក សុខ ឧត្តម ម្ចាស់ស្ថានីយវិទ្យា FM99.75MHz នៅខេត្តកំពង់ឆ្នាំ និងជាម្ចាស់គេហទំព័រ រិទ្ធិសែន ត្រូវចាប់ខ្លួន កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ដោយត្រូវចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ នេះការបើតាមការអះអាងរបស់សង្គម-ស៊ីវិលដដែល ដោយរម្លឹកថា ជាញឹកញាប់ លោក ឧត្តម បានរាយការណ៍ពីជម្លោះដីធ្លី ដែលបានអូសបន្លាយពេលជាយូរមកហើយរវាងសហគមន៍កសិករមូលដ្ឋាន និងមន្ត្រីថ្នាក់ស្រុក។
វីអូអេ ផ្សាយថា លោក សុខ ឧត្តម ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ពីការរាយការណ៍បែបញុះញង់ ឲ្យប្រជាពលរដ្ឋកាន់កាប់ដីរដ្ឋ។
ស្ថានីយវិទ្យា FM99.75MHz និងគេហទំព័រ រិទ្ធិសែន របស់លោក សុខ ឧត្តម ក៏ត្រូវលុបអាជ្ញាបណ្ណដែរ។
អង្គការ-សង្គមស៊ីវិល សរសេរក្នុងសេចក្តីថ្លែងការណ៍ថា៖«ការចាប់ខ្លួន និងការចោទប្រកាន់ អ្នកសារព័ត៌មានណាម្នាក់ ដោយសារការស្រង់សម្ដីផ្ទាល់ជាសាធារណៈរបស់ប្រមុខរាជរដ្ឋាភិបាលអំពីវិបត្តិនៃការរីករាលដាលវីរុសកូវីដ១៩ ធ្វើឲ្យប្រជាពលរដ្ឋយល់ថា រាជរដ្ឋាភិបាលកំពុងតែផ្ញើសារយ៉ាងច្បាស់ថា រាល់ការពិភាក្សាអំពីការឆ្លើយតបរបស់រាជរដ្ឋាភិបាលចំពោះការផ្ទុះឡើងបញ្ហាមួយនេះ អាចប្រឈម ឬនឹងត្រូវបានដាក់ទោសឲ្យជាប់ពន្ធនាគារ ដែលជាការរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋ»។
បើតាមអង្គការ-សង្គមស៊ីវិល នៅដើមឆ្នាំ២០២០ យ៉ាងតិចណាស់មានអ្នកសារព័ត៌មានជាង១០នាក់ ដែលត្រូវបានកោះហៅ និងសាកសួរ ដោយសារការរាយការណ៍ព័ត៌មានរបស់ពួកគាត់។ អង្គការ-សង្គមស៊ីវិល សង្កត់ថា៖«ការបន្តចាប់ខ្លួន ឃុំខ្លួន និងការធ្វើទុក្ខបុកម្នេញផ្លូវច្បាប់ ចំពោះអ្នកសារព័ត៌មាន ដែលហ៊ានផ្សាយព័ត៌មានរិះគន់ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរចំពោះសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា»។
អង្គការ-សង្គមស៊ីវិល សម្ដែងការខកចិត្តជាខ្លាំង ចំពោះការចាប់ខ្លួនដោយមិនត្រឹមត្រូវ និងការធ្វើទុក្ខបុក្ខម្នេញ ទៅលើអ្នកសារព័ត៌មាននៅកម្ពុជា ជុំវិញការផ្សាយព័ត៌មានរបស់ពួកគាត់ ។ អង្គការ-សង្គមស៊ីវិល យល់ថា ដោយប្រឈមនឹងវិបត្តិសុខភាពសាធារណៈមិនធ្លាប់កើតមានពីមុនមក វា ជាពេលសំខាន់បំផុត ដែលរាជរដ្ឋាភិបាលអាចធានាសិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពក្នុងការបញ្ចេញមតិ។
អង្គការ-សង្គមស៊ីវិល បន្ថែមថា ប្រសិនបើគ្មានអ្នកសារព័ត៌មាន ដែលមានសេរីភាពក្នុងការរាយការណ៍ដោយស្មោះត្រង់ និងត្រឹមត្រូវ អំពីតថភាពនៃជីវិតនៅកម្ពុជា អំឡុងពេលរីករាលដាលជាសកលនៃជំងឺកូវីដ១៩ទេ សាធារណជននឹងត្រូវបានបដិសេធសិទ្ធិក្នុងការធ្វើសេចក្ដីសម្រេចចិត្ត ចំពោះព័ត៌មានដែលទទួលបាន ដើម្បីរក្សាខ្លួនពួកគេ និងគ្រួសារ ឲ្យមានសុវត្ថិភាពផងដែរ៕