COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ ក្លិប​កំពូល​នៅ​អឺរ៉ុប​នឹង​បាត់​ចំណូល​៤​ពាន់​លាន​ដុល្លារ ទោះ​វិល​ចូល​ប្រកួត​វិញ​ក៏ដោយ​
19, May 2020 , 2:53 pm        
រូបភាព
​ក្លិប​កីឡាបាល់ទាត់​កំពូលៗ​នៅ​អឺរ៉ុប​ នឹង​បាត់​ចំណូល​លើសពី ៣,៥ ពាន់​លាន​ផោន (៤,២៤​ពាន់​លាន​ដុល្លារ​អាមេរិក​) ដោយសារ​វិបត្តិ COVID-19 ទោះបី​លី​គ​ក្នុងស្រុក និង​ការប្រកួត​ធំៗ​ ឈានទៅរក​ការប្រកួត​វិញ​ក៏ដោយ​។ តួលេខ​នេះ ត្រូវបាន​ប៉ាន់ស្មាន​សម្រាប់​រយៈពេល​ ពី​រដូវ​កាល​នេះ ​រហូតដល់​រដូវ​កាល​ក្រោយ ដែល​ត្រូវ​បានបង្ហាញ ​ក្នុង​កិច្ចប្រជុំ​រវាង​ភាគី​ពាក់ព័ន្ធ​សប្តាហ៍​មុន​។​




​លី​គ​កីឡាបាល់ទាត់​កំពូលៗ​នៅ​អឺរ៉ុប​ បានចាប់ផ្តើម​ចូល​ហ្វឹកហាត់​វិញ​ហើយ ​ដូចជា Premier League, Serie A និង La Liga ជាដើម​ ក្រោយ​ផ្អាក​ជាង​ពីរ​ខែ ខណៈ Bundesliga របស់​អាល្លឺម៉ង់​ បាន​ត្រឡប់​ទៅកាន់​ការប្រកួត​លី​គរ​បស់​ពួកគេ​វិញ​ នៅ​ចុង​សប្តាហ៍​មុន​។ យ៉ាងណាក៏ដោយ គេ​ឃើញ​មានការ​ប៉ាន់​ស្មានថា ប្រសិនបើ​ការវិល​ទៅរក​ការប្រកួត ​ស​ម្រា​ប់​ពេលដែល​នៅ​សេសសល់ ​មិនបាន​ជោគជ័យ​នោះ ការខាតបង់​អាច​​​កើនឡើង​ដល់​ជាង ៦,២ ពាន់​លាន​ផោន (៧,៥៦​ពាន់​លាន​ដុល្លារ​អាមេរិក​)​។​
 
​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) គ្រប់គ្រង​លី​គ​ទាំងអស់​មកពី​ប្រទេស​សមាជិក​៥៥ ប៉ុន្តែ​ក្លិប​ដែល​ប្រឈម​នឹង​ការបាត់​ចំណូល​ខ្ពស់​ មាន​ចំនួន​២៨​ប៉ុណ្ណោះ ដែល​មកពី​១២​ប្រទេស ជាពិសេស​ក្លិប​មាន​កៅអី​លេង​នៅ​ក្របខណ្ឌ Champions League និង Europa League​។ គេ​កត់សម្គាល់ថា ទឹកប្រាក់​ដែល​ក្លិប​ជាច្រើន​ត្រូវ​ទទួលបាន ​បែរ​ជា​ត្រូវ​ដកចេញ​វិញ បើ​ទោះ​ការប្រកួត​ ឈានដល់​ជាង​ពាក់កណ្តាល​រដូវ​កាល​ទៅហើយ​ក្តី​។​
 
​គណៈកម្មការ និង​ក្រុមការងារ​ជាច្រើន​ ដែល​បាន​បង្កើតឡើង​ដោយ UEFA មើលឃើញ​បញ្ហា​ដែល​បណ្តាលមកពី​ផលប៉ះពាល់​ នៃ​ជំងឺ Covid-19 នឹងមាន​រយៈពេល​យូរ​ រហូតដល់​រដូវ​កាល​ក្រោយៗ​ទៀត​។​
 
​បើទោះបី​លី​គ​ចាប់ផ្តើម​ឡើងវិញ​ក៏ដោយ ប៉ុន្តែ​ការប្រកួត​គ្មាន​អ្នកទស្សនា បានធ្វើ​ឲ្យ​ក្រុម Borussia Dortmund ត្រូវបាន​ប៉ាន់​ស្មានថា ត្រូវ​ចំណាយ​អស់ប្រាក់ ២,៦ លាន​ផោន (៣,១៧​លាន​ដុល្លារ​អាមេរិក​) ក្នុង​មួយ​ប្រកួត​។​
 
​ដោយឡែក អ្នកវិភាគ​អាជីវកម្ម​លោក Vysyble ប៉ាន់​ស្មានថា ក្លិប​នៅ Premier League នឹង​បាត់បង់​ប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ ​ប្រសិនបើ​ការប្រកួត​ត្រូវ​បិទទ្វារ​ រហូតដល់​ចប់​រដូវ​កាល​ក្រោយ ២០២០-២១​។ ក្លិប​ធំៗ ដែល​នឹង​ទទួលរង​ការខាតបង់​ច្រើនជាងគេ​ មាន Manchester United នឹង​បាត់បង់​ប្រាក់ ១៤០ លាន​ផោន (១៧០​លាន​ដុល្លារ​) ហើយ Arsenal ១២២ លាន​ផោន (១៤៩​លាន​ដុល្លារ​)៕

Tag:
 COVID-19
  បាត់​ចំណូល​
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com