COVID-19
អន្តរជាតិ
តុលាការ​កំពូល​ប៉ា​គី​ស្ថាន​បញ្ជារ​ឲ្យ​លើក​បម្រាម​ខ្លះ ព្រោះ COVID-19 មិនបាន​រាតត្បាត​ក្នុងប្រទេស​
19, May 2020 , 7:19 pm        
រូបភាព
តុលាការកំពូលប៉ាគីស្ថាន។រូបភាព Reuters
តុលាការកំពូលប៉ាគីស្ថាន។រូបភាព Reuters
ដោយ:
តុលាការ​កំពូល​ប៉ា​គី​ស្ថាន នៅ​ថ្ងៃទី​១៨ ខែឧសភា បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​លើក​បម្រាម​រឹតត្បិត​មួយចំនួន​លើ​អាជីវកម្ម ដែល​ត្រូវបាន​បាន​ដាក់ចេញ​ដើម្បី​ពន្យឺត​ការឆ្លង​ជំងឺ COVID-19 ។​ការបញ្ជា​របស់​តុលាការ​នេះ​ធ្វើឡើង​ខណៈពេលដែល​ករ​ណី​ឆ្លង​ក្នុងប្រទេស​នេះ​កំពុង​កើនឡើង ក្នុងអំឡុងពេល​បិទ​ប្រទេស​។ នេះ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters ។​

 
​ក្នុង​សេចក្តីសម្រេច​របស់ខ្លួន តុលាការ​ប៉ា​គី​ស្ថាន​បញ្ជាក់ថា កូ​រ៉ូ​ណាវី​រុស មិនមែនជា​ជំងឺឆ្លង​រាតត្បាត​នៅ​ប៉ា​គី​ស្ថាន​ឡើយ ហើយ​ចោទ​សួរថា ហេតុអ្វី​ការប្រយុទ្ធ​នឹង​ជំងឺ​នេះ​ចំណាយលុយ​អស់យ៉ាង​ច្រើន​? តុលាការ​នេះ បាន​បញ្ជា​ឲ្យ​ហាង​លក់ទំនិញ​បើក​ឡើងវិញ ប្រសិនបើ​គ្មាន​ការជំទាស់​ពី​អាជ្ញាធរ​សុខាភិបាល ចំណែកឯ​បម្រាម​លើ​អាជីវកម្ម​ត្រូវបាន​លើក ហើយ​អាច​បើក​នៅ​ចុង​សប្តាហ៍​បាន​វិញ​។​
 
«​យើង​រក​មិនឃើញ​ហេតុផល ហេតុអ្វី​ត្រូវ​ចំណាយ​ប្រាក់​យ៉ាងច្រើន​លើ កូ​រ៉ូ​ណាវី​រុស ដោយសារតែ​ប៉ា​គី​ស្ថាន​មិនមែនជា​ប្រទេស​ដែល​រងគ្រោះ​ខ្លាំង​ដោយសារ​ជំងឺ​នេះ​»​។ នេះ​ជាការ​លើកឡើង​ក្នុង​បញ្ជា​របស់​តុលាការ​កំពូល​ប៉ា​គី​ស្ថាន​។ បញ្ជា​របស់​តុលាការ​នេះ ធ្វើឡើង​ដោយ​ប្រើ​អំណាច​ដ៏​ទូលំទូលាយ​របស់​តុលាការ​កំពូល ដែល​អាច​សម្រេច​សំណុំរឿង ដោយ​មិនចាំបាច់​មាន​រង់ចាំ​អ្នកយក​សំណុំរឿង​មក​តុលាការ​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៩ ខែឧសភា​នេះ ប៉ា​គី​ស្ថាន​មាន​ចំនួន​អ្នក​ឆ្លង ៤៣,៩៦៦​ករណី និង​ស្លាប់​ចំនួន​៩៣៩​នាក់​។ បើទោះបីជា​ចំនួន​នេះ ជា​ចំនួន​តិច​ធៀប​ទៅនឹង​ប្រទេស​នៅ​អឺរ៉ុប ប៉ុន្តែ​ចំនួន​ឆ្លង​មានការ​កើនឡើង​យ៉ាង​រហ័ស​ក្នុង​ខែ​នេះ​។​ប៉ុន្តែ​អាជ្ញាធរ​ប៉ា​គី​ស្ថាន រួមទាំង​លោកនាយក​រដ្ឋមន្ត្រី​Imran Khan បាន​និយាយថា​ចំនួន​ករណី​ឆ្លង​មាន​ចំនួន​តិចជាង​ការគ្រោងទុក​។​
 
​ដោយ​បារម្ភ​ពី​ការ​រលំ​សេដ្ឋកិច្ច រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​កាលពី​សប្តាហ៍​មុន បានអនុញ្ញាត​ឲ្យ​ហាង​លក់ទំនិញ​បោះ​ដុំ​បើក​ឡើងវិញ ដែលជា​ដំណាក់កាល​ចាក​ចេញពី​ការបិទ​ប្រទេស​ទាំងស្រុង​។​ភ្លាមៗ​នេះ គេ​ឃើញ​មនុស្ស​កុះករ​សម្រុក​ទៅ​ផ្សា​ដោយ​ពុំ​សូវ​ឃើញ​មានការ​អនុវត្ត​គម្លាត​សុវត្ថិភាព​។​
 
​បញ្ជា​របស់​តុលាការ​កំពូល​ប៉ា​គី​ស្ថាន ធ្វើឡើង​ក្រោយ​ក្រុមហ៊ុន​ផ្លូវដែក​ត្រឡប់​ទៅ​បន្ត​ប្រតិបត្តិការ​មានកំណត់​វិញ ចំណែកឯ​ខេត្ត​ចំនួន​៤​ទៀត​ចាប់ផ្តើម​ដាក់​ឲ្យ​ដំណើរការ​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​។ ប៉ុន្តែ​គ្រូពេទ្យ​វិញ បាន​រិះគន់​ការបើក​ឡើងវិញ​នេះ ដោយ​បារម្ភ​ពី​ការឆ្លង​យ៉ាង​រហ័ស និង​ធ្វើ​ឲ្យ​ពេញបន្ទុក​ប្រព័ន្ធ​សុខាភិបាល​៕ 
 

Tag:
 ប៉ា​គី​ស្ថាន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com