COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
FC Seoul សុំទោសដែលដាក់តុក្កតាសិចតំណាងអ្នកគាំទ្រក្នុងកីឡដ្ឋាន ពេលប្រកួតលីគ
× FC Seoul ក្លិបនៃលីគកីឡាបាល់ទាត់កំពូលកូរ៉េខាងត្បូង (K League 1) បានសុំអភ័យទោសអ្នកគាំទ្រខ្លួនបន្ទាប់ពីប្រើប្រាស់តុក្កតាសិចនៅក្នុងទីលានប្រកួត នាអំឡុងជ័យជម្នះ ១-០ លើក្រុម Gwangju FC កាលពីថ្ងៃទី១៧ ខែឧសភាចុងសប្តាហ៍មុន។
ស្របពេលរដូវកាលថ្មី ២០២០-២១ បានចាប់ផ្តើមនៅថ្ងៃទី៨ ខែឧសភា អ្នកគាំទ្រមិនទាន់ត្រូវបានអនុញ្ញាតឲ្យចូលក្នុងកីឡដ្ឋានទស្សនាផ្ទាល់ឡើយ ដោយសារនៅមានការព្រួយបារម្ភពីជំងឺរាតត្បាត COVID-19។ វាជាបញ្ហាប្រឈមសម្រាប់លីគកីឡានៅទូទាំងពិភពលោក ប្រសិនបើការប្រកួតអាចចាប់ផ្តើមឡើងវិញដោយបិទទ្វារកីឡដ្ឋាន ប៉ុន្តែគ្មានជម្រើសអ្វីល្អជាងនេះឡើយ។
ការប្រកួតក្នុងទឹកដីខ្លួនលើកដំបូងរបស់ FC Seoul ក្នុងក្របខណ្ឌ K League 1 មានតែតុក្កតាតែងខ្លួនជាមនុស្សស្រីប្រមាណ ២០ ដោយឈរពាក់ម៉ាស់ និងអង្គុយកាន់បដាដែលតំណាងឲ្យអ្នកគាំទ្រសកម្មបំផុតរបស់ក្លិប។ យ៉ាងណាក៏ដោយរូបភាពតុក្កតាដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះ Dalkom នោះជាតុក្កតាសិចដែលធ្វើឲ្យមានការរិះគន់ពីអ្នកគាំទ្ររបស់ខ្លួន។
ក្រុមនៃលីគកំពូលកូរ៉េខាងត្បូងមួយនេះបានសុំទោសទៅកាន់អ្នកគាំទ្ររបស់ពួកគេ បន្ទាប់ពីអ្នកគាំទ្រទាំងនោះបានចោទប្រកាន់ក្លិបថា បានប្រើតុក្កតាសិចនៅក្នុងកីឡដ្ឋានអំឡុងពេលប្រកួត។
ស្របពេលការសុំទោសនេះ FC Seoul បានពន្យល់ថា ពួកគេគឺជាមនុស្សតុក្កតាដែលមានគុណភាព និងលំដាប់ខ្ពស់ជាងតុក្កតាសិច។ ប៉ុន្តែ ក្លិបនេះបានសារភាពថាតុក្កតានេះទទួលបានមកពីក្រុមហ៊ុនផ្គត់ផ្គង់ដែលផលិតឧបករណ៍សិចក៏ដោយ។
ក្រុមហ៊ុនផលិតឧបករណ៍សិចបានប្រាប់ BBC ថាពួកគេក៏បានសុំទោសដល់ក្លិប FC Seoul រួចហើយដែរ ហើយក្រុមហ៊ុនក៏បានបញ្ជាក់ថា តុក្កតាទាំងនោះជាតុក្កតាដែលមានលំដាប់ខ្ពស់ធម្មតាប៉ុណ្ណោះ។
ឆ្លងកាត់ពីរប្រកួត FC Seoul រកបាន៣ពិន្ទុ ឈរនៅចំណាត់ថ្នាក់ទី៦ក្នុងតារាង K League 1 បន្ទាប់ពីប្រកួតឈ្នះមួយ និងចាញ់មួយ។ Ulsan Hyundai ឈរកំពូលតារាងមាន៦ពិន្ទុ តាមពីក្រោយដោយ Jeonbuk FC ដែលមាន៦ពិន្ទុដូចគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com