ជាតិ
សមាគមសិល្បៈសុវណ្ណភូមិ សហការជាមួយ ក្រសួងវប្បធម៌ ដើម្បីបន្តសកម្មភាពសិល្បៈ លោក ម៉ាន់ កុសល (រាប់ពីឆ្វេងទី៣) ប្រធានសមាគមសិល្បៈសុវណ្ណភូមិ លោក សាន ផល្លា (រាប់ពីស្ដាំទី៣)នាយកស្ដីទីសាលាមធ្យមវិចិត្រសិល្បៈ (រូបពីហ្វេសប៊ុកសមាគមសិល្បៈសុវណ្ណភូមិ)
× ភ្នំពេញ៖ សាលាមធ្យមវិចិត្រសិល្បៈ នឹងសហការជាមួយសមាគមសិល្បៈសុវណ្ណភូមិ ដើម្បីរៀបចំឱ្យមានការសម្ដែងល្ខោនស្រមោលស្បែកធំ ការផ្ទេរចំណេះដឹងការសម្ដែងល្ខោនស្រមោលស្បែក និងការឆ្លាក់ស្បែកនៅក្នុងទីតាំងសាលាមធ្យម ព្រមទាំងការសម្ដែងក្នុងប្រទេស និងក្រៅប្រទេស។
លទ្ធផលខាងលើ បានសម្រេចក្រោយពីជំនួបរវាង អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយលោក ម៉ាន់ កុសល ប្រធានសមាគមសិល្បៈសុវណ្ណភូមិ កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០។
បើតាមទំព័រហ្វេសប៊ុកសមាគមសិល្បៈសុវណ្ណភូមិ ដដែល ការសហការជាមួយសាលាមធ្យមវិចិត្រសិល្បៈ នឹងជួយឱ្យ សមាគមសិល្បៈសុវណ្ណភូមិ អាចនៅតែបន្តបេសកកម្មរបស់ខ្លួន ក្នុងការអភិរក្ស និងអភិវឌ្ឍន៍ ល្ខោនស្រមោលស្បែកធំ និងល្ខោនស្រមោលស្បែកតូច តទៅមុខទៀត ដោយពុំចាំបាច់ចំណាយថវិកា ជួលទីតាំង និងចំណាយផ្សេងៗ។
សមាគមសិល្បៈសុវណ្ណភូមិ បានជូនស្បែកធំ ស្បែកតូច សម្ភារឆ្លាក់ស្បែក និងសម្ភារសម្ដែងល្ខោនស្បែក ដល់សាលាមធ្យមវិចិត្រសិល្បៈ។ សម្ភារទាំងអស់នោះ នឹងយកទៅប្រើប្រាស់ក្នុងការងារសហប្រតិបត្តិការខាងលើ ដើម្បីចូលរួមអភិរក្ស និងថែរក្សាមរតកល្ខោនស្បែកធំឱ្យនៅគង់វង្ស៕
Tag:
សិល្បៈ
សមាគម
សុវណ្ណាភូមិ
© រក្សាសិទ្ធិដោយ thmeythmey.com