ជាតិ
សង្គមជាតិ
មហាផ្ទៃ ពិភាក្សាសេចក្តីព្រាងស្តីពីការគ្រប់គ្រង«ដ្រូន» ដើម្បីធានាសុវត្ថិភាព និងសន្តិសុខជាតិ
× ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាជាថ្មី លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) នៅថ្ងៃទី១៩ ឧសភា ដើម្បីធានាសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈសង្គម។
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានដឹកនាំកិច្ចប្រជុំពិភាក្សានោះ បានបញ្ជាក់ថា អាកាសយានគ្មានមនុស្សបើក (ដ្រូន)នេះ វាអាចយកប្រើប្រាស់ក្នុងផ្លូវវិជ្ជមានផង និងអាចប៉ះពាល់សន្តិសុខជាតិ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់គ្រប់គ្រងឱ្យមានប្រសិទ្ធភាព។
ក្រសួងមហាផ្ទៃ បានស្រង់សម្តីលោក ប៊ុន ហុន សរសេរលើហ្វេសប៊ុកយ៉ាងដូច្នេះថា៖«នៅថ្ងៃនេះយើងលើកយកសេចក្តីព្រាងអនុក្រឹត្យនេះមកពិភាក្សាបន្តទៀតព្រោះថា សេចក្តីព្រាងអនុក្រឹត្យនេះពិតជាមានសារៈសំខាន់ណាស់ ដោយសព្វថ្ងៃនេះមិនទាន់មានការគ្រប់គ្រងច្បាស់លាស់នៅឡើយទេ។ អាកាសយានគ្មានមនុស្សបើក (ដ្រូន) ប្រសិនបើក្នុងវិស័យកសិកម្ម ឬក្នុងវិស័យពាណិជ្ជកម្ម មិនមានការបារម្ភនោះទេ ប៉ុន្តែបើយកទៅប្រើប្រាស់ប៉ះពាល់ទៅដល់សន្តិសុខជាតិ នេះជាការបារម្ភយ៉ាងធ្ងន់ធ្ងរ»។
ក្រោយកិច្ចប្រជុំសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)នេះរួច ក្រសួងមហាផ្ទៃ ក៏នឹងប្រជុំអន្តរក្រសួងពាក់ព័ន្ធ ដូចជាក្រសួងការពារជាតិ លេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីពិភាក្សាឱ្យកាន់តែល្អ និងអាចយកទៅអនុវត្តបានត្រឹមត្រូវ។
អនុក្រឹត្យនេះ មានគោលបំណងគ្រប់គ្រងអាកាសយានគ្មានអ្នកបើក (ដ្រូន) គ្រប់ប្រភេទ ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅកម្ពុជា។ អនុក្រឹត្យនេះ ក៏នឹងកំណត់អំពីការចុះបញ្ជីការ ការអនុញ្ញាតផលិត ការកែច្នៃ ការប្រើប្រាស់ និងការកំណត់តំបន់ហាមឃាត់ និងការប្រើប្រាស់ដ្រូនផងដែរ។ អនុក្រឹត្យនេះមានវិសាលភាព អនុវត្តចំពោះអាកាសយានគ្មានមនុស្សបើក(ដ្រូន) គ្រប់ប្រភេទនៅកម្ពុជា លើកលែងតែការផលិត ការកែច្នៃ និងការប្រើប្រាស់ដែលបម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខ ដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាល។
ក្រសួងមហាផ្ទៃ ធ្លាប់បានប្រជុំពិភាក្សាសេចក្តីព្រាងអនុក្រឹតស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)នេះ ម្តងរួចមកហើយ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩៕
Tag:
ដ្រូន
សណ្ដាប់ធ្នាប់
© រក្សាសិទ្ធិដោយ thmeythmey.com