កីឡាជាតិ
ជាតិ
កម្ពុជា នឹង​សង់​ផ្លូវ​ថ្មី​ពីរ​ខ្សែ ដើម្បី​បន្ថយ​ការកកស្ទះ​ពេលធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​
19, May 2020 , 9:39 pm        
រូបភាព
CASOC រៀបចំកិច្ចប្រជុំ ដើម្បីពិភាក្សាលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងត្រួតពិនិត្យវឌ្ឍនភាពការងារនិងដាក់ចេញផែនការឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣, រូបភាពពី CAMSOC
CASOC រៀបចំកិច្ចប្រជុំ ដើម្បីពិភាក្សាលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងត្រួតពិនិត្យវឌ្ឍនភាពការងារនិងដាក់ចេញផែនការឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣, រូបភាពពី CAMSOC
ដោយ:
​សាលា​រាជធានី​ភ្នំពេញ គ្រោង​សាងសង់​ផ្លូវ​ចំនួន​ពីរ​ខ្សែ​បន្ថែម ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​របស់​រថយន្ត​ដឹក​ប្រតិភូ និង​ក្រុម​កីឡាករ​មកពី​ប្រទេស​ផ្សេងៗ ពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ផ្លូវ​ទាំងពីរ​ខ្សែ​នេះ ក៏​នឹង​រួមចំណែក​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ លើផ្លូវ​ជាតិ​លេខ​៦​អា ក្នុង​តំបន់​រាជធានី​ភ្នំពេញ​ផងដែរ​។

 
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ (CAMSOC) នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០ បានរៀបចំ​កិច្ចប្រជុំ​មួយ ដើម្បី​ពិនិត្យ​វឌ្ឍនភាព និង​ព​ន្លឿ​ន​ការងារ​គណៈកម្មការ​ជំនាញ របស់ CAMSOC ស្រប​ពេលដែល​ព្រឹត្តិការណ៍​នេះ​នឹង​ចូលមក​ឆាប់ៗ​។ ក្នុង​កិច្ចប្រជុំ​នេះ CAMSOC បាន​ពិភាក្សាគ្នា លើ​របៀបវារៈ​ចំនួន​ពីរ ពាក់ព័ន្ធ​ការបង្ហាញ​ទិសដៅ​ការងារ និង​តួនាទី​ភារកិច្ច របស់​គណៈកម្មការ​ជំនាញ​ចំនួន​៦ ក្នុងចំណោម​គណៈកម្មកា​រទាំង​១៤ និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ទៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ 
 
​ពាក់ព័ន្ធ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​សាងសង់​ផ្លូវ​ចំនួន​ពីរ​ខ្សែ​ចេញពី​រាជធានី​ភ្នំពេញ ត្រង់​ម្តុំ​ស្ពាន​ជ្រោយចង្វារ ឆ្ពោះទៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដើម្បី​សម្រួល និង​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍ របស់​រថយន្ត​ដឹក​ប្រតិភូ និង​ក្រុម​កីឡាករ​មកពី​ប្រទេស​ក្នុង​តំបន់​។ បើតាម លោក ហួត ហៃ ផ្លូវ​ទាំងពីរ​ខ្សែ​នេះ ក៏​នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ លើផ្លូវ​ជាតិ​លេខ​៦​អា និង​ក្នុង​ក្រុងភ្នំពេញ​ដែរ​។ 
 
​លោក​បាន​បន្ថែមទៀតថា ផ្លូវ​ខ្សែ​ទី​១ សាងសង់​ភ្ជាប់​ពី​ផ្លូវ OCIC ឆ្ពោះទៅ​វិមាន​ឈ្នះ​-​ឈ្នះ និង​ខ្សែ​ទី​២ ចេញពី​ស្ពាន​ជ្រោយចង្វារ ស្របតាម​ដង​ទន្លេសាប ឆ្ពោះទៅ​ស្ពាន​លី​យ៉ុង​ផាត់ បត់​មក ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ ផ្លូវ​ទាំងពីរ​ខ្សែ​នេះ នឹង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ នៅក្នុង​ឆ្នាំ​២០២២​។ នេះ​បើតាម​លោក ហួត ហៃ​។ 
 
​ក្នុង​កិច្ចប្រជុំ​នោះដែរ លោក ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ នៃ​CAMSOC បាន​ជំរុញ​ឲ្យ​គណៈកម្មការ​ជំនាញ​ទាំង​៦ បង្កើន​ការយកចិត្តទុកដាក់ និង​រៀបចំ​ផែនការ​អនុវត្ត​ឲ្យ​បានច្បាស់លាស់ និង​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ដែល​ខ្លួន​បានដាក់​ចេញ​។ ការជំរុញ​នេះ គឺ​ដើម្បី​ធានាថា កម្ពុជា​ត្រៀម​រួចរាល់​១០០​ភាគរយ ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដោយ​ជោគជ័យ និង​កត់ត្រា​ជា​ប្រវត្តិសាស្ត្រ លើ​ការរៀបចំ​របស់ខ្លួន​៕  
 
 

Tag:
 វ៉ា​ត់ ចំរើន​
  CAMSOC
  SEA Games 2023
© រក្សាសិទ្ធិដោយ thmeythmey.com