កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមនៅ EPL ចូលហ្វឹកហាត់វិញក្រោមការត្រួតពិនិត្យដោយ GPS និងច្បាប់គម្លាតសុវត្តិភាព
× គោលការគម្លាតសុវត្តិភាព និង GPS បានចូលជាធរមានសម្រាប់ប្រើក្នុងការវិលត្រឡប់ទៅកាន់ការហ្វឹកហាត់វិញក្នុងក្របខណ្ឌ Premier League ដើម្បីធានាថាក្រុមចូលរួមប្រកួតលីគវិញដោយសុវត្តិភាព។ នាយកគ្រប់គ្រងលីគកំពូលអង់គ្លេសបានលើកឡើងដូច្នេះនៅថ្ងៃ១៨ ឧសភា ដោយសង្កត់ធ្ងន់ថាច្បាប់ថ្មីនេះនឹងអាចការពារការឆ្លង COVID-19 បានកម្រិតខ្ពស់។
លោក Richard Garlick នាយកគ្រប់គ្រង Premier League បានប្រាប់អ្នកយកព័ត៌មានថាលីគនឹងណែនាំក្រុមត្រូវពិនិត្យទៅកាន់កន្លែងហ្វឹកហាត់ដោយមិនផ្តល់ដំណឹងមុន ចាប់តាំងពីមានការអនុញ្ញាតឲ្យមានការហ្វឹកហាត់ឡើងវិញនៅថ្ងៃទី១៩ ខែឧសភា ក្រោយផ្អាកជាងពីរខែមក។
«យើងអាចស្នើសុំព័ត៌មានពីការមើលវីដេអូនៃការហ្វឹកហាត់ និងទិន្នន័យ GPS ជុំវិញការហ្វឹកហាត់របស់កីឡាករ។ យើងកំពុងរកវិធីសាស្ត្រដើម្បីនាំក្រុមត្រួតពិនិត្យ និងឃ្លាំមើលដោយឯករាជ្យ ដើម្បីពិនិត្យមើលការហ្វឹកហាត់ ដោយគ្មានការជូនដំណឹងជាមុនឡើយ»។ លោក Garlick បញ្ជាក់ដូច្នេះ។
ការហ្វឹកហាត់ត្រូវកំណត់ត្រឹម ៧៥ នាទី ហើយកីឡាករអាចហ្វឹកហាត់រួមគ្នាបានតែក្នុងក្រុមដែលមានសមាជិក៥នាក់ប៉ុណ្ណោះ។ ក្រុមដែលបានចាប់ផ្តើមហ្វឹកហាត់ជាក្រុមធំលើសពីនេះ ឬមានរយៈពេលយូរជាងនេះអាចចូលក្នុងការពិនិត្យពិសេស និងប្រឈមនឹងមិនអាចចូលរួមប្រកួតលីគវិញផង។
លោក Mark Gillett ទីប្រឹក្សាផ្នែកវេជ្ជសាស្ត្រនៃលីគកំពូលអង់គ្លេស បាននិយាយថាសុខភាពសាធារណៈអង់គ្លេស (PHE) ប្រាប់ថាកីឡាបាល់ទាត់មិនមានការរំពឹងថានឹងធូរស្បើយនោះឡើយ បើទោះបានអនុវត្តគោលការគម្លាតសុវត្តិភាពក្តី។
ពួកគេបានបញ្ជាក់យ៉ាងច្បាស់ថាស្ថានភាព PHE នឹងមិនមានការផ្លាស់ប្តូរទេក្នុងរយៈពេល ៦ ទៅ ១២ ខែបន្ទាប់ទៀត។
ប្រសិនបើរដូវកាលនេះចាប់ផ្តើមឡើងវិញដូចដែលបានគ្រោងទុកនៅក្នុងខែមិថុនាមែននោះ លីគកំពូលអង់គ្លេសក៏សង្ឃឹមថា Liverpool នឹងក្លាយជាម្ចាស់ពានរង្វាន់សម្រាប់ឆ្នាំ ២០១៩-២០ នេះផងដែរ។ ក្រុមរបស់លោក Juergen Klopp មានពិន្ទុនាំមុខក្រុមលំដាប់ថ្នាក់ទី២ Manchester City ចំនួន២៥ពិន្ទុ ខណៈការប្រកួតនៅសល់៩លើកទៀតនឹងបញ្ចប់៕
© រក្សាសិទ្ធិដោយ thmeythmey.com