COVID-19
ជាតិ
រដ្ឋមន្ត្រីសុខាភិបាល៖ ទោះគ្មានករណីឆ្លងថ្មីជាងមួយខែ តែកម្ពុជា នៅតែប្រយ័ត្ននឹងកូវីដ-១៩ រូបពីក្រសួងសុខាភិបាល
× ភ្នំពេញ៖ រដ្ឋមន្រី្តក្រសួងសុខាភិបាល អះអាងថា ទោះបីមិនមានករណីថ្មីនៃជំងឺកូវីដ-១៩ជាង១ខែហើយក្តី ក៏ក្រសួង នៅតែបន្តប្រុងប្រយ័ត្ន រួមទាំងកែសម្រួលវិធានការសុខភាពសាធារណៈនិងវិធានការសង្គមជាបណ្ដើរៗ។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល។
ក្នុងមហាសន្និបាតសុខភាពពិភពលោកលើកទី៧៣ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ (Video Conference) រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ដែលចូលរួមតាមប្រព័ន្ធវីដេអូ ថ្លែងថា ចលនាធនធានរបស់រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន សប្បុរសជន និង សង្គមស៊ីវិល បានរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ជាមួយគ្នាដែរ ប្រព័ន្ធឆ្លើយបន្ទាន់១១៥ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងទំនាក់ទំនងជាមួយពលរដ្ឋ។
លោក ម៉ម ប៊ុនហេង ថ្លែងថា៖ «វិធានការមួយចំនួនត្រូវបានដាក់ឡើង ដូចជាគម្លាតសង្គម គម្លាតបុគ្គល ការបិទសាលារៀនបណ្ដោះអាសន្ន ក្លិបកម្សាន្តរាត្រី ដើម្បីរួមចំណែកកាត់បន្តការចម្លង»។ លោក បន្តថា ជាមួយគ្នានេះ ក្រសួងក៏បានបណ្ដុះបណ្ដាលធនធានមនុស្សក្នុងប្រព័ន្ធសុខាភិបាល លើការគ្រប់គ្រង បង្ការការចម្លង និងថែទាំងពលរដ្ឋ។ លោក បន្ថែមថា ក្រៅពីនេះ ក្រសួងបានត្រៀមឧបករណ៍បរិក្ខារពេទ្យ មន្ទីរពិសោធន៍ និង ឧបករណ៍ផ្សេងទៀតទុកជាមុនផងដែរ។
មិនត្រឹមតែគ្មានករណីឆ្លងថ្មីទេ កម្ពុជា ក៏បានព្យាបាលអ្នកមានជំងឺកូវីដ-១៩ទាំង១២២នាក់ ឲ្យជាស្បើយអស់ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com