កីឡាជាតិ
ជាតិ
ក្រសួងអប់រំ ពុំទាន់អនុញ្ញាតឲ្យក្រុមជម្រើសជាតិប្រមូលផ្តុំហ្វឹកហាត់ឡើយ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ ពេលដឹកនាំកិច្ចប្រជុំស្តីពីការបន្តពន្យាពេលការផ្អាកសកម្មភាពនានាក្នុងវិស័យកីឡា, រូបភាពពីអគ្គនាយកដ្ឋានកីឡា
× ក្រសួងអប់រំយុវជននិងកីឡាមិនទាន់អនុញ្ញាតឲ្យមានការប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិថ្នាល និងបើកឲ្យហាត់ប្រាណតាមទីសាធារណៈ និងឯកជនលក្ខណៈជួបជុំលើសពី១០នាក់នៅឡើយទេ។ ការបន្តដាក់បម្រាមបែបនេះ ដោយសារក្រសួងបារម្ភពីរលកទីពីរនៃការឆ្លងរីករាលដាលនៃជំងឺរលាកសួតបង្កឡើងដោយកូរ៉ូណាវីរុសប្រភេទថ្មី(កូវីដ-១៩)។
ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី១៨ ខែឧសភា បានរៀបចំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាពាក់ព័ន្ធការបន្តពន្យាពេលនូវរាល់សកម្មភាពនានាក្នុងវិស័យកីឡា។ កិច្ចប្រជុំដែលដឹកនាំដោយលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចបន្តពន្យាពេលការប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិ និងជម្រើសជាតិថ្នាល, ការប្រកួតព្រឹត្តិការណ៍កីឡានានា និងការអនុញ្ញាតឲ្យមានការហាត់ប្រាណនៅតាមទីសាធារណៈ និងឯកជនលក្ខណៈប្រមូលផ្តុំមានគ្នាលើសពី១០នាក់។
ទោះបីបច្ចុប្បន្នកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ-១៩ជាសះស្បើយទាំង១២២នាក់ក៏ដោយ ប៉ុន្តែក្រសួងអប់រំអះអាងថា ការបន្តចាត់វិធានការបែបនេះ គឺដើម្បីតាមដានស្ថានភាពនៃជំងឺកូវីដ-១៩ កុំឲ្យមានការឆ្លងក្នុងសហគមន៍ ជាពិសេសបង្ការរលកទី២នៃការឆ្លងមេរោគបង្កជាជំងឺរលាកសួតធ្ងន់ធ្ងរមួយនេះ។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយដ្ឋានកីឡា ដែលបានស្រង់សម្តីរបស់លោក ស សុខា ការដាក់បម្រាមខាងលើនឹងធ្វើឡើងរហូតដល់មានលិខិតអនុញ្ញាតផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា។ យើងមិនអាចសុំការបញ្ជាក់បន្ថែមពីលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាពាក់ព័ន្ធបញ្ហានេះឡើយ ដោយសារទូរសព្ទចូល តែលោកឆ្លើយថា ជាប់ប្រជុំ។
ទោះបីគ្មានលិខិតអនុញ្ញាតពីក្រសួងអប់រំយុវជននិងកីឡាក៏ដោយ តែយើងសង្កេតក្លិបហាត់ប្រាណ និងទីលានបាល់ទាត់ឯកជនមួយចំនួន បានបើកដំណើរការឲ្យប្រជាពលរដ្ឋចូលហាត់ និងលេងបាល់ទាត់ឡើងវិញដូចធម្មតា។ ពាក់ព័ន្ធបញ្ហានេះ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាធ្លាប់បានបញ្ជាក់កាលពីពេលកន្លងមកថា ក្រសួងពុំមានកម្លាំងគ្រប់គ្រាន់ ដើម្បីចុះហាមឃាត់តាមអាជីវកម្មនីមួយៗកុំឲ្យបើកដំណើរការនោះទេ។ ហើយបើអាជីវកម្មណា បើកដំណើរការមុនការជូនដំណឹងរបស់រាជរដ្ឋាភិបាល គឺត្រូវទទួលខុសត្រូវដោយខ្លួនឯង ក្នុងករណីមានការឆ្លងជំងឺកូវីដ-១៩។
គួររំលឹកថា កាលអំឡុងខែមីនា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជននិងកីឡា បានសម្រេចរំសាយការប្រមូលហ្វឹកហាត់ក្រុមជម្រើសជាតិថ្នាល, ការរៀបចំព្រឹត្តិការណ៍កីឡានានា, បិទអាជីវកម្មក្លិបហាត់ប្រាណ និងហាមមិនឲ្យមានការលេងកីឡា និងហាត់ប្រាណតាមទីលានឯកជន និងសាធារណៈ ដែលមានលក្ខណៈជួបជុំ។ ការដាក់បម្រាមនេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕
Tag:
អគ្គនាយកដ្ឋានកីឡា
ក្រសួងអប់រំយុវជននិងកីឡា
© រក្សាសិទ្ធិដោយ thmeythmey.com