ជាតិ
សង្គមជាតិ
បក្សកាន់អំណាច មិនប្រារព្ធទិវានៃការចាំរបបខ្មែរក្រហមឡើយ ព្រោះដើម្បីបង្ការកូវីដ-១៩ ការសម្តែងពីរបបខ្មែរក្រហម ក្នុងទិវានៃការចងចាំ២០ឧសភា កាលពីឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក
× ដោយសារតែបារម្ភនឹងជំងឺកូវីដ-១៩ គណបក្សប្រជាជនកម្ពុជា សម្រេចផ្អាកការធ្វើពិធីរម្លឹកវិញ្ញាណក្ខន្ធនៃអ្នកបាត់បង់ជីវិតជាង៣លាននាក់ក្នុងរបបខ្មែរក្រហម។ នេះបើតាមសេចក្តីជូនដំណឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលចេញតាំងពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ តែទើបនឹងត្រូវបានផ្សព្វផ្សាយ។
ជារៀងរាល់ឆ្នាំ នៅថ្ងៃទី២០ ខែឧសភា គណបក្សប្រជាជនកម្ពុជា តែប្រារព្ធពិធីរម្លឹកវិញ្ញាណក្ខន្ធនេះ នៅឯមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ហើយក៏មានការសម្តែងពីរឿងរ៉ាងឈឺចាប់ក្នុងរបបខ្មែរដែរ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារជូនប្រជាជន តាមរយៈទំព័រហ្វេសប៊ុកថា៖«ដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឲ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និង ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនទៅមុខទៀត»។
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋាភិបាល បានចេញអនុក្រឹត្យដាក់ថ្ងៃ២០ ឧសភា ចូលក្នុងថ្ងៃបុណ្យជាតិ ដែលហៅជាផ្លូវការថា «ទិវាជាតិនៃការចងចាំ» ហើយក៏ជាថ្ងៃឈប់សម្រាកសាធារណៈផងដែរ។ ក្នុងអំឡុងខែសីហា ឆ្នាំ២០១៩ រដ្ឋាភិបាល ក៏សម្រេចលុបទិវាជាតិនៃការចងចាំនេះ រួមទាំងទិវាផ្សេងទៀត ដូចជា ទិវាកុមារអន្តរជាតិ និងទិវាសិទ្ធិមនុស្សអន្តរជាតិ ជាដើម ចេញពីប្រតិទិនឈប់សម្រាកវិញ តែនៅប្រារព្ធដដែល។
ការកំណត់យកទិវាជាតិនៃការចងចាំ ជាថ្ងៃបុណ្យជាតិ គឺដើម្បីរម្លឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបខ្មែរក្រហម ចាប់ពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ថ្ងៃទី៦ មករា ១៩៧៩៕
Tag:
CPP
ទិវានៃការចងចាំ
© រក្សាសិទ្ធិដោយ thmeythmey.com