COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd សងថ្លៃសំបុត្រប្រកួតនៅសល់ និងស្នើអ្នកគាំទ្រនៅឲ្យឆ្ងាយពីទីលាន បើលីគត្រឡប់មកវិញ
× Manchester United ទទូចឲ្យអ្នកគាំទ្រនៅឲ្យបានឆ្ងាយពីកីឡដ្ឋាននៅពេលមានការរៀបចំការប្រកួតលីគឡើងវិញសម្រាប់ជំនួបនៅសល់រដូវកាលនេះ។ ការស្នើរបស់ក្រុមបិសាចក្រហមបែបនេះ ដើម្បីបញ្ចៀសការឆ្លង COVID-19 តាមរយៈការប្រមូលផ្តុំ។
ប្រសិនបើក្របខណ្ឌ Premier League ដំណើរការទៅមុខក្នុងការបន្តយុទ្ធនាការប្រកួតវិញ ដោយគោរពតាមគោលការការពារការឆ្លងជំងឺ COVID-19 នោះរាល់ការប្រកួតដែលនៅសល់ទាំងអស់នឹងត្រូវធ្វើឡើងដោយបិទទ្វារកីឡដ្ឋាន។
ស្របពេលគ្នានេះ នៅថ្ងៃទី១៩ ខែឧសភា Man Utd ដោយចង់ចូលរួមចំណែកក្នុងការទប់ស្កាត់ការចម្លងជំងឺរាតត្បាតសកលនេះបានស្នើឲ្យអ្នកគាំទ្រទាំងអស់មិនថា អ្នកគាំទ្រខ្លួន ឬក្រុមដទៃនោះទេ គួរនៅឲ្យឆ្ងាយពីកីឡដ្ឋានអំឡុងពេលប្រកួត ពោលគឺសុំកុំមានការប្រមូលផ្តុំគ្នានៅខាងក្រៅទីលាន។ ក្លិបរហស្សនាមបិសាចក្រហមបញ្ជាក់ទៀតថា អ្នកមានសំបុត្រទស្សនាពេញមួយរដូវកាលនឹងត្រូវបានសងប្រាក់វិញសម្រាប់ការប្រកួតនៅសល់។
«ក្លិបចូលរួមចែករំលែកការខកចិត្តរបស់អ្នកដែលមិនអាចមើលការប្រកួតដោយផ្ទាល់ក្នុងកីឡដ្ឋាន ប៉ុន្តែយើងសូមលើកទឹកចិត្តអ្នកទាំងអស់គ្នាបន្តផ្តល់ការគាំទ្រនៅផ្ទះវិញ ដែលនឹងធ្វើឲ្យលោកអ្នកមានសុវត្តិភាព។ តាមរយៈការគាំទ្រពីផ្ទះ និងធ្វើតាមការណែនាំរបស់រដ្ឋាភិបាលអ្នកនឹងក្លាយជាផ្នែកមួយក្នុងការរួមចំណែកកាត់បន្ថយការឆ្លង COVID-19» និងការពារសហគមន៍របស់អ្នក»។ នេះជាការបញ្ជាក់របស់ក្លិប Man Utd។
ម្ចាស់ជើងឯកលីគកំពូលអង់គ្លេស២០សម័យមួយនេះ នៅសល់៤ប្រកួតទៀតនៅទឹកដី Old Trafford ក្នុងចំណោម៩ប្រកួតក្នុងក្របខណ្ឌ Premier League រដូវកាលនេះ រួមទាំងការប្រកួតពានរង្វាន់ Europa League ទល់នឹង LASK ក៏ត្រូវលេងនៅកីឡដ្ឋានខ្លួនផងដែរ។
យ៉ាងណាមកទល់ពេលនេះ នៅមិនទាន់ច្បាស់ការនៅឡើយទេថាលីគនឹងត្រឡប់ទៅកាន់ការប្រកួតវិញ ឬត្រឡប់ទៅដោយលេងនៅទឹកដីកណ្តាលណាមួយ។ ថ្មីៗនេះ ក៏នៅមានកីឡាករ និងបុគ្គលិកក្លិបនៃលីគកំពូលអង់គ្លេសរកឃើញថាឆ្លង COVID-19 ជាបន្តបន្ទាប់៕
Tag:
Manchester United
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com