COVID-19
ជាតិ
កម្ពុជា​សម្រេច​បើក​សារមន្ទីរ​ទូទាំងប្រទេស​ឡើងវិញ​ចាប់ពី​ដើមខែ​មិថុនា​
20, May 2020 , 2:42 pm        
រូបភាព
សារមន្ទីរជាតិ
សារមន្ទីរជាតិ
​ភ្នំពេញ​៖ បន្ទាប់ពី​កម្ពុជា​គ្មាន​អ្នក​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ ជាង​មួយខែ​មកនេះ ក្រសួងសុខាភិបាល បានសម្រេច​ឱ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បើក​សារមន្ទីរ​នានា​ឱ្យ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ចូល​ទស្សនា​ឡើងវិញ ចាប់ពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០ តទៅ​។ បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​១៩​ឧសភា​នេះ ថ្វី​ដ្បិត​អនុញ្ញាតឱ្យ​បើក​សារមន្ទីរ​ទទួលភ្ញៀវ​ឡើងវិញ​ក៏ពិតមែន ប៉ុន្តែ​មុន​សារមន្ទីរ​នីមួយៗ​បើក ដំណើរការ គឺ​ត្រូវ​រៀបចំ​វិធានការ​ការពារ​ជា​មុខ​សិន ដើម្បី​ចៀសវាង​ការឆ្លង​កូ​វីដ​-១៩ ដោយ​ជាយថាហេតុ​។​

 
​ក្រសួងសុខាភិបាល ប្រាប់​ដល់​ក្រសួង​វប្បធម៌​ថា ក្នុង​សារមន្ទីរ​នីមួយៗ​ត្រូវ​ស្កេ​នក​ម្តៅ​ភ្ញៀវ​មុននឹង​ឱ្យចូល​ទស្សនា មាន​អាល់កុល​ឬ​ជែ​ល​លាងដៃ និង​ត្រូវ​រៀបចំ​ឱ្យមាន​គម្លាត​សុវត្ថិភាព​បុគ្គល ព្រមទាំង​មាន​ពាក់​ម៉ាស់ ជានិច្ច​។ វិធានការ​នេះ​ត្រូវអនុវត្ត​ឱ្យ​គ្នា​ទាំង​ភ្ញៀវ អ្នក​នាំ​ភ្ញៀវ និង​អ្នកបម្រើ​ការងារ​នៅ​ទីនោះ​។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានបញ្ជាក់ ថា​សារមន្ទីរ​នីមួយៗ មិនត្រូវ​អនុញ្ញាតឱ្យ​ភ្ញៀវ ឬ​បុគ្គល​ណា​ម្នាក់​ដែលមាន​បញ្ហា​សុខភាព ឬ​សង្ស័យ​ចូល​ទស្សនា​ឡើយ​។ 
 
​ក្រសួង​បាន​អះអាង​ដូច្នេះ ការធ្វើ​បែបនេះ គឺ​ដើម្បី​បង្ការ​កុំឱ្យ​កើតឡើង​នូវ​រលក​ទី​ពីរ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ការចម្លង​ក្នុង​សហគមន៍ ដែល​អាច​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​នយោបាយ សុខភាព​សាធារណៈ សេដ្ឋកិច្ច សង្គម និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​។ 
 
​ដើម្បី​ទប់ស្កាត់​នឹង​ជំងឺ​កូ​វីដ​-១៩​នេះ ក្រៅពី​វិធានការ​ខាងលើ កម្ពុជា​នៅតែ​អនុវត្ត ការរក​បុគ្គលិក​ទាំងឡាយណា​ដែលមាន​ជំងឺ​កូ​វីដ​-១៩ និង​តាមរក​បុគ្គល​ប៉ះបាល់​អ្នកជំងឺ​នោះ​ដោយផ្ទាល់ និង​ប្រយោល ឱ្យបាន​រហ័ស​, ការរាយការណ៍​ឱ្យបាន​លឿន​រហ័ស​, ការដាក់​ឱ្យនៅ​ដាច់ដោយឡែក​ឱ្យបាន​ឆាប់​បំផុត និង​ការផ្តល់​ការព្យាបាល​ជាបន្ទាន់​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២០​ឧសភា​នេះ កម្ពុជា​គ្មាន​អ្នក​ករណី​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩​ទេ ខណៈ​អ្នក​ទាំង​ជំងឺ​កូ​វីដ​-១៩ ដែល​កម្ពុជា​រក​ចំនួន​១២២​នោះ បានជា​សះស្បើយ​អស់ កាលពី​ថ្ងៃទី​១៦​ឧសភា ឆ្នាំ​២០២០ មកនេះ​៕ 
 
 

Tag:
 COVID-19
  សារមន្ទីរ​
  សុខាភិបាល​
 វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com