កីឡាជាតិ
ជាតិ
លោក វ៉ា​ត់ ចំរើន​៖ ទូរទស្សន៍​កីឡា​កម្ពុជា​មិន​គ្រាន់តែ​ជា​កន្លែង​ផ្សព្វផ្សាយ តែ​ជា​ថ្នាល​បណ្តុះ​ធនធាន​
20, May 2020 , 8:39 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, រូបភាពពី Cambodia SEA Games 2023
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, រូបភាពពី Cambodia SEA Games 2023
ដោយ:
​ទូរទស្សន៍​ឯកទេស​កីឡា​កម្ពុជា Cambodia Sports Television នឹង​លេចចេញ​ជា​រូបរាង​ក្នុងពេល​ឆាប់ៗ​ខាង​មុននេះ ដែលមាន​ទីស្នាក់ការ​ប​ណ្តោះ​អាសន្ន​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​។ ទូរទស្សន៍​នេះ បង្កើត​សម្រាប់​ត្រៀម​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ វា​មិន​ត្រឹម​ជា​កន្លែង​ផ្សព្វផ្សាយ​ព័ត៌មាន​ប៉ុណ្ណោះ​ទេ តែ​ជា​កន្លែង​បណ្តុះបណ្តាល​ធនធាន​អ្នកសារព័ត៌មាន​ទៀតផង​។​

 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានលើកឡើង​ថា ទូរទស្សន៍​កីឡា​កម្ពុជា ដែលជា​កិច្ចសហការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​ក្រុមហ៊ុន​មកពី​ប្រទេស​កូរ៉េខាងត្បូង នឹង​ក្លាយជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ធនធាន​អ្នកសារព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ​។ ដ្បិត​បុគ្គលិក​ធ្វើការ​នៅ​ទូរទស្សន៍​នេះ​៥០​ភាគរយ សុទ្ធសឹង​ជា​អ្នកជំនាញ​មកពី​ប្រទេស​កូរ៉េ ហើយ​ពួកគេ​នឹង​បណ្តុះបណ្តាល​បុគ្គលិក​កម្ពុជា ដែលមាន​ប្រមាណ​៥០​ភាគរយ​។​
 
 
«​តាម​គម្រោង​ផែនការមេ​របស់​ក្រុមហ៊ុន​កូរ៉េខាងត្បូង​ជាមួយ NOCC  យើង​បាន​បែងចែក​ការងារ​មួយចំនួនធំ ការដឹកនាំ​ជំនាញ ការរៀបចំ និង​ការដឹកនាំ​ដំបូង គឺមាន​អ្នកជំនាញការ និង​បុគ្គលិក​ជំនាញ​របស់​កូរ៉េ​៥០​ទៅ​៦០​ភាគរយ ហើយ​ខាង​ខ្មែរ យើង​នឹង​បណ្តុះបណ្តាល​ក្មេងៗ​ថ្មីៗ ឬ​អ្នក​ជើងចាស់​ដែលមាន​ឈ្មោះ​បោះ​សម្លេង យក​គាត់​មក​បណ្តុះបណ្តាល​បន្ថែ​ម​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន ដែល​បាន​បន្ថែមថា ភាគី​កូរ៉េ​នឹង​ប្រគល់​ការងារ​គ្រប់យ៉ាង​ឲ្យ​មក​កម្ពុជា​គ្រប់គ្រង បន្ទាប់ពី​ពួកគេ​វាយតម្លៃ​ឃើញថា កម្ពុជា​អាចមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ដឹកនាំ​ទូរទស្សន៍​កីឡា​មួយ​នេះ​។ 
 
​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូបនេះ បាន​បន្ថែមថា ក្រៅពី​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​កីឡា​ផ្សេងៗ​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ ទូរទស្សន៍​ឯកទេស​កីឡា​ខាងលើ នឹង​ផ្សព្វផ្សាយ​បញ្ជ្រាប​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​កាន់តែច្បាស់​ពី​ច្បាប់​កីឡា​តាម​ប្រភេទ​នីមួយៗ​។ ដ្បិត លោក សង្កេតឃើញថា កន្លងមក​ប្រជាពលរដ្ឋ​ភាគច្រើន​មើល​ការប្រកួត​កីឡា តែ​មិន​យល់​ពី​ច្បាប់​កីឡា​។ 
 
​លោក​លើកឡើង​ដូច្នេះ​ថា​៖«​យើង​ចង់​អប់រំ​ប្រជាពលរដ្ឋ​យើង​ឲ្យ​គាត់​ស្គាល់​អ្វី​ទៅជា​កីឡា អ្វី​ទៅជា​ល្បែង អ្វី​ហៅថា​ការកម្សាន្ត​ផ្លូវកាយ អ្វី​ហៅថា​អប់រំ​កាយ អ្វី​ហៅថា​ការធ្វើ​ចលនា​ដើម្បី​សុខភាព សាមគ្គីភាព មិត្តភាព អ្វីដែល​ហៅថា ការធ្វើ​ចលនា​ដើម្បី​ឈានទៅរក​កម្រិត​ជំនាញ អ្វីដែល​ហៅថា ការហ្វឹកហាត់​ដើម្បី​ជំនាញ​កម្រិត​ខ្ពស់​»​។​
 
​លោក​រំពឹងថា ទូរទស្សន៍​នេះ នឹង​ក្លាយជា​ចំណែក​មួយ​ក្នុង​ការជួយ​បំពេញ​រាល់​ចំណុច​ខ្វះខាត​របស់​កីឡាករ ដើម្បី​ឲ្យ​ពួកគេ​ក្លាយទៅជា​កីឡាករ ដែលមាន​សមត្ថភាព​ខ្ពស់​។ បន្ថែម​លើ​នេះ វា​នឹង​ក្លាយជា​ទូរទស្សន៍​គំរូ​មួយ ក្នុងការ​សរសេរ​អត្ថបទ​កីឡា និង​ការអត្ថាធិប្បាយ តាម​ក្បួនច្បាប់​បច្ចេកទេស​កីឡា​។ 
 
​បើតាម​ការអះអាង​រប​ស់លោក វ៉ា​ត់ ចំរើន ក្រៅពី​បង្កើត​កម្មវិធី​ផ្សព្វផ្សាយ​ព័ត៌មាន​កីឡា​ធម្មតា ទូរទស្សន៍​កីឡា​កម្ពុជា​គ្រោង​បង្កើត​កម្មវិធី​សរសេរ​អត្ថបទ​បែបបទ​យកការណ៍​ស៊ីជម្រៅ​ពាក់ព័ន្ធ​ប្រភេទ​កីឡា​នីមួយៗ និង​អត្ថបទ​បែប​ជីវៈ​ព័ត៌មាន​របស់​កីឡាករ​ឆ្នើមៗ និង​បុគ្គល​សំខាន់ៗ​មួយចំនួន​ក្នុង​វិស័យ​កីឡា​។ លើសពីនេះ ការជីក​កកាយ និង​សរសេរ​អត្ថបទ​ឯកសារ​ពាក់ព័ន្ធ​កីឡា​វប្បធម៌​ប្រពៃណី និង​ល្បែង​ប្រជាប្រិយ​ខ្មែរ ដែល​គេ​បាន​បោះបង់ចោល​។​
 
​បើតាម​អគ្គលេខាធិការ NOCC រូបនេះ ទូរទស្សន៍​កីឡា​កម្ពុជា ជា​ទូរទស្សន៍​ឯកទេស​កីឡា​ឌីជីថល​(Digital)​ដំបូង​គេ​នៅ​កម្ពុជា ដែលមាន​ទីស្នាក់ការ​ប​ណ្តោះ​អាសន្ន​នៅ​ជាន់​ផ្ទាល់​ដី​នៃ​អគារ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។ ស្នាក់ការ​ធំ​របស់​ទូរទស្សន៍​នេះ​ស្ថិតក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ ជា​ជំហាន​ដំបូង​ក្រុម​កូរ៉េ​បាន​បោះទុន ២០​លាន​ដុល្លារ​អាមេរិក ដើម្បី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​បំពាក់​ឧបករណ៍​ផ្សេងៗ​សម្រាប់​ដំណើរការ​ជា​លើកដំបូង​៕ 
   
 
 

Tag:
 វ៉ា​ត់ ចំរើន​
  ទូរទស្សន៍​កីឡា​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com