COVID-19
អន្តរជាតិ
ប៉េកាំង​ថា អាមេរិក​យក​ចិន​ធ្វើ​លេស​ដើម្បី​គេចវេស​ពី​ទំនួល​ខុស​ត្រូវជា​សមាជិក WHO
20, May 2020 , 9:19 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lijian ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៩ ខែឧសភា។ រូបភាព៖ ក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lijian ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៩ ខែឧសភា។ រូបភាព៖ ក្រសួងការបរទេសចិន
​ទីក្រុង​ប៉េកាំង បាន​ប្រតិកម្ម​ទៅនឹង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​វាយប្រហារ​អង្គការ​សុខភាព​ពិភពលោក (WHO) និង​ការ​គំរាម​ផ្ដាច់ជំនួយ​អចិន្ត្រៃយ៍​ក្នុងករណី​អង្គការ​នេះ​មិន​កែប្រែ ឬ​បន្ត​ទោរទន់​ទៅ​ចិន​ពាក់ព័ន្ធ​ការឆ្លើយតប​នឹង​ជំងឺ COVID-19 ។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១៩ ខែឧសភា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន និយាយថា អាមេរិក​កំពុង​រក​លេស​ដើម្បី​គេច​ពី​ការទទួលខុសត្រូវ​ក្នុងនាម​ជា​សមាជិក WHO ដោយ​យក​ចិន​ជា​ឈ្នាន់​។​

 
​មិន​នៅ​ស្ងៀម​ឡើយ​ក្រោយ​ត្រូវ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ រិះគន់​ចាស់ដៃ​ក្នុង​សំបុត្រ​ទៅកាន់​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក Tedros Adhanom Ghebreyesus ចិន​ក៏បាន​បកស្រាយ​វិញ ដោយបាន​រិះគន់​មេដឹកនាំ​អាមេរិក​ដូចគ្នា​។ ក្នុង​លិខិត​របស់លោក ត្រាំ ចិន មិនបាន​ដោះស្រាយ​ឲ្យ​បានល្អ​លើ​ជំងឺ COVID-19 និង​បណ្ដែតបណ្តោយ​ឲ្យ​ជំងឺ​នេះ​រាលដាល ហើយ WHO មិនបាន​ស៊ើបអង្កេត​លើ​ទង្វើ​អសកម្ម​របស់​ចិន​ឲ្យ​បាន​ត្រឹមត្រូវ​ទៅទៀត​។​
 
​លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន និយាយថា លោក ត្រាំ កំពុង​វាយប្រហារ​ចិន​ដើម្បី​មិន​ចង់​ធ្វើតាម​កា​ត្វ​កិច្ច​របស់ខ្លួន​ក្នុងនាម​ជា​សមាជិក WHO ។ លោក Zhao ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​នៅ​ថ្ងៃទី​១៩ ខែឧសភា ថា លិខិត​របស់លោក ត្រាំ ពោរពេញ​ដោយ​ពាក្យ​មិន​ច្បាស់ ទំនង ប្រហែល សំដៅ​បំភាន់​សាធារណមតិ បង្អាក់​ការប្រឹងប្រែង​របស់​ចិន និង​គេចវេស​ពី​ការទទួលខុសត្រូវ​។ 
 
​តាមរយៈ​លិខិត​ដដែល លោក ត្រាំ ដែល​ចោទ WHO ថា មាន​និន្នាការ​ទៅរក​ចិន​នោះ បាន​ប្រាប់​ឲ្យ​អង្គការ​សុខភាព​អន្តរជាតិ​មួយ​កែប្រែ​សកម្មភាព​របស់ខ្លួន ដោយ​លោក​ទុកពេល​ឲ្យ​៣០​ថ្ងៃ​។ ក្នុងករណី​មិនមាន​ការធ្វើកំណែទម្រង់​ណា​ជាក់លាក់ ប្រធានាធិបតី​អាមេរិក​រូបនេះ​បញ្ជាក់ថា អាមេរិក​នឹង​ផ្ដាច់​លុយ​ជំនួយ​ដែល​កំពុង​ផ្អឹប​បណ្ដោះអាសន្ន​ជា​អចិន្ត្រៃយ៍​តែម្ដង​។ លោម ត្រាំ មិន​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ការកែប្រែ​ដែល​ចង់បាន​ឡើយ ប៉ុន្តែ​គ្មានអ្វី​ក្រៅពី​ឲ្យ WHO លែង​ទោរទន់​រក​ចិន​ទៀត​។​
 
​ត្រង់នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ខាងលើ​អះអាងថា ភាគរយ និង​ទំហំ​នៃ​វិភាគទាន​សម្រាប់ WHO ត្រូវបាន​សម្រេច​រួមគ្នា​ដោយ​រដ្ឋ​សមាជិក​ទាំងអស់ មិនមែន​កំណត់ដោយ​អាមេរិក​តែឯង​ឡើយ​។ លោក​សង្កត់ធ្ងន់ថា​៖ «​វា​ជាកា​ត្វ​កិច្ច​របស់​អាមេរិក​ក្នុងនាម​ជា​សមាជិក WHO ដើម្បី​បង់លុយ​វិភាគទាន​ឲ្យ​ទាន់ពេល និង​ពេញលេញ​។ នេះ​ជា​រឿង​មិនអាច​ចរចា​បានទេ​។​» 
 
​មន្ត្រី​ក្រសួងការបរទេស​ចិន​ដដែល​នេះ ក៏​ផ្ដាំ​ទៅ​អ្នកនយោបាយ​អាមេរិក​វិញ​ថា ការរក​រឿង​ចិន ហើយ​គេចវេស​ពី​ការទទួលខុសត្រូវ​ពី​កា​ត្វ​កិច្ច​អន្តរជាតិ ជាការ​គិតគូរ​ខុស​របស់​អាមេរិក ឯ​ការយក​ចិន​ជា​លេស ក៏​មិនមែនជា​រឿង​ត្រឹមត្រូវ​ដែរ​។ លោក​បន្ថែមថា ការប៉ុនប៉ង​បង្អាក់​ចិន នឹងមិន​ទទួលបាន​ជោគជ័យ​ឡើយ​៕ 
 
 

Tag:
 ចិន​
  អាមេរិក​
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com