COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
សមាជិក​ក្លិប Watford និង Burnley ស្ថិតក្នុង​ចំណោម​អ្នកឆ្លង​ COVID-19 ៦​នាក់​នៅ Premier League
20, May 2020 , 4:18 pm        
រូបភាព
កីឡាករ​ម្នាក់ និង​បុគ្គលិក​ពីរ​នាក់​របស់ Watford រួមទាំង​ជំនួយការ​អ្នកចាត់ការ​ទូទៅ​ក្រុម Burnley លោក Ian Woan ស្ថិត​ក្នុងចំណោម​អ្នកធ្វើ​តេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​ជំងឺ COVID-19 ទាំង​៦​នាក់​នៅ Premier League​។​




​ដោយឡែក អ្នក​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មីចំនួន​ពីរ​នាក់​ទៀត​ ដែល​ស្ថិតក្នុង​ក្លិប​នៃ​លី​គ​កំពូល​អង់​គ្លេ​ស​នេះ មិន​ត្រូវបាន​បញ្ចេញ​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ និង​ឈ្មោះ​ក្លិប​នោះទេ​។​
 
​កីឡាករ និង​បុគ្គលិក ​ដែល​ធ្វើតេស្ត​រកឃើញថា​ឆ្លង COVID-19 ទាំង​៦​នាក់ ត្រូវ​បញ្ជូនទៅ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេ​ រយៈពេល​៧​ថ្ងៃ ដោយ​ស្ថិតក្រោម​ការឃ្លាំមើល និង​ព្យាបាល​។​
 
​ការរកឃើញ​អ្នក​ឆ្លង​ថ្មី​ ក្នុង​ក្រុមកីឡា​បាល់ទាត់​កំពូល​នេះ កើតឡើង​ចំពេល​ដែល​ក្រុម​បានចាប់ផ្តើម​ការហ្វឹកហាត់​ឡើងវិញ​ នៅ​ថ្ងៃទី​១៩ ខែឧសភា បន្ទាប់ពី Premier League បង្កើន​ផែនការ​ សម្រាប់​ការចាប់ផ្តើម​ការប្រកួត​លី​គ​ឡើងវិញ​។ លី​គ​កំពូលៗ​នៅ​អឺរ៉ុប​ បាន​ផ្អាក​ការប្រកួត​បណ្តោះអាសន្ន​ តាំងពី​ថ្ងៃទី​១៣ ខែ​មីនា ដោយសារ​ការ​រាលដាល​ដ៏​ខ្លាំងក្លា​ នៃ​ជំងឺ​រាតត្បាត​សកល​ ដែល​បានសម្លាប់​មនុស្ស​រាប់ម៉ឺន​នាក់​ ជុំវិញ​ពិភពលោក​។​
 
​កីឡាករ បុគ្គលិក និង​អ្នកពាក់ព័ន្ធ​សរុប​ចំនួន ៧៤៨​នាក់ មកពី​១៩​ក្លិប​នៅ Premier League ត្រូវបាន​ធ្វើតេស្ត​រក​ជំងឺ COVID-19​។ Norwich City ដែល​ធ្លាប់មាន​ករណី​សមាជិក​ឆ្លង​រួចមកហើយ​នោះ ទើប​ទទួល​ការធ្វើ​តេស្ត​នៅ​ថ្ងៃទី​១៩ ខែឧសភា​។​
 
Watford បាន​បញ្ជាក់ថា​កីឡាករ​ម្នាក់ និង​បុគ្គលិក​ពីរ​នាក់​ បានធ្វើ​តេស្ត​វិជ្ជមាន COVID-19 ប៉ុន្តែ​ពួកគេ​មិន​បង្ហាញ​អត្តសញ្ញាណ​សមាជិក​រប​ស់​ពួកគេ​ឡើយ​ ដោយបាន​ស្នើសុំ​ការសម្ងាត់​ពី​ខាង​ក្រុមគ្រូពេទ្យ​។ មុនពេល​ព័ត៌មាន​ អំពី​ការធ្វើ​តេស្ត​វិជ្ជមាន​ របស់ Watford នេះ ប្រធាន​ក្រុម Troy Deeney ធ្លាប់បាន​និយាយថា រូបគេ​នឹងមិន​វិលត្រឡប់​ទៅ​ហ្វឹកហាត់​វិញ​ទេ ​ព្រោះ​បារម្ភ​ពី​សុខភាព​សមាជិកគ្រួសារ​របស់គេ​។​
 
​ចំណែក​ក្លិប Burnley បាន​បញ្ជាក់ដែរថា ​លោក Woan ពិត​ជាមាន​ផ្ទុក​ជំងឺ COVID-19 មែន ហើយ​បច្ចុប្បន្ន​លោក​កំពុងស្នាក់នៅ​ផ្ទះ និង​មាន​សុវត្ថិភាព​ល្អប្រសើរ​៕

Tag:
 Premier League
  COVID-19
  Watford
  Burnley
© រក្សាសិទ្ធិដោយ thmeythmey.com