​វីរបុរស​ជឺ​ជិត​ស៊ូ Tom DeBlass ស៊ី​ញ៉េ​ចូល​ប្រកួត​ឲ្យ ONE Championship
ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
​វីរបុរស​ជឺ​ជិត​ស៊ូ Tom DeBlass ស៊ី​ញ៉េ​ចូល​ប្រកួត​ឲ្យ ONE Championship
21, May 2020 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​វីរបុរស​ជំនាញ​ជឺ​ជិត​ស៊ូ​បាន​ចុះកិច្ចសន្យា​ប្រកួត​ឲ្យ​សង្វៀន​លំដាប់​អន្តរជាតិ ONE Championship នៅ​ថ្ងៃទី​១៧ ឧសភា សម្រាប់​ការប្រកួត​គុន​ចម្រុះ​។ ការចុះកិច្ចសន្យា​យក​អ្នកជំនាញ​គុន​ចម្រុះ​មកពី​អាមេរិក Tom DeBlass ដែលមាន​វ័យ ៣៨ ឆ្នាំនេះ​ត្រូវបាន​ប្រធាន និង​នាយក​ប្រតិបត្តិ​របស់ ONE Championship ប្រកាស​លើ Facebook ផ្លូវការ​របស់ខ្លួន​។

 
DeBlass គឺជា​គ្រូបង្វឹក​របស់ Garry “The Lion Killer” Tonon ដែល​ប្រកួត​ក្នុង​ទម្ងន់  featherweight និង​ធ្វើ​ឲ្យ​កូនសិស្ស​ប្រកួត​បានល្អ​អង្រួន​ពិភពលោក​មិន​ណ​យ​ទេ​។ DeBlass ជា​ម្ចាស់​ខ្សែក្រវាត់ BJJ World Champion ច្រើន​សម័យកាល​ក្នុង​ពិភព​ក្បាច់គុន​ចម្រុះ​បន្ទាប់ពី​បង្ហាញខ្លួន​កាល​ខែ មិថុនា ឆ្នាំ ២០១០​។ ក្នុងចំណោម​ជ័យជម្នះ ៩ លើក និង​ចាញ់ ២ លើក DeBlass ឈ្នះ ៤​ដងដោយ​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់ និង ២​លើក​ធ្វើ​ឲ្យ​គូប្រកួត​ចុះចាញ់​។ ក្នុងអំឡុងពេល​៣​ឆ្នាំកន្លះ គេ​ឈ្នះ​ខ្សែក្រវាត់ Ring Of Combat Heavyweight និង Light Heavyweight Titles​។

ពេល​ផ្ដួល Jason Lambert ឲ្យ​សន្លប់​កាល​ខែវិច្ឆិកា ឆ្នាំ ២០១៣ DeBlass បាន​សម្រេចចិត្ត​ចូលនិវត្តន៍​ដោយ​ផ្ដោតលើ​ការបង្ហាត់​ក្បាច់គុន​ជឺ​ជិត​ស៊ូ​វិញ​។ 
 
DeBlass បានធ្វើ​ដំណើរ​មក​អាស៊ី​ដើម្បី​ឲ្យ​ទឹក​កីឡាករ Tonon នៅ​សង្វៀន ONE Championship ហើយ​បន្ទាប់មក​រូបគេ​ក៏​ពេញ​ចិត្តនឹង​ព្រឹត្តិការណ៍​របស់ ONE​។  «​ខ្ញុំ​ចងចាំ​លើកដំបូង ពេល​ខ្ញុំ​មក​ឲ្យ​ទឹក Garry Lee Tonon លោក Chatri Sityodtong ប្រធាន និង​នាយក​ប្រតិបត្តិ​របស់ ONE បាន​ដើរមក​កាន់​ខ្ញុំ​ដូច​ស្គាល់គ្នា​ជា​យូរ​មកហើយ​។ ខ្ញុំ​បាន​កោតសរសើរ​គាត់ ស្រលាញ់​បុគ្គលិក និង​អ្នកគាំទ្រ​។ ខ្ញុំ​បាន​ទស្សនា​ព្រឹត្តិការណ៍ បាន​មើល​កីឡាករ សម្ដែង​ការគោរព​ដល់​ពួកគេ និង ធ្វើ​ឲ្យ​ខ្ញុំ​ស្រលាញ់ MMA ជាថ្មី​។ ខ្ញុំ​ស្រលាញ់​ការប្រកួត និង​គ្មាន​ស្ថាប័ន​ណា​ដូច ONE ទេ​»​។  DeBlass បាន​រៀបរាប់​លើ​ហ្វេ​ស​ប៊ុ​ក​បែបនេះ​។ 
 
​កីឡាករ​គុន​ចម្រុះ​ដដែល​នេះ​បាន​គូសបញ្ជាក់​ដូច្នេះ ៖«​ខ្ញុំ​ត្រលប់​មកវិញ និង អាច​ផ្ដួល​នរណា​ក៏បាន​ឬ ក៏​អាច​ឈ្នះ​។ ខ្ញុំ​ចង់​លើកទឹកចិត្ត​ដល់​អ្នក​រាល់គ្នា និង​រំលឹកថា ជីវិត​គឺជា​ការប្រកួត​។

ទោះ​វា​មិន​ងាយស្រួល ប៉ុន្តែ​យើង​ត្រូវធ្វើ​អ្វីដែល​យើង​ចង់​ធ្វើ​។ ខ្ញុំ​សន្យាថា​ធ្វើ​ឲ្យ​ល្អ​បំផុត​ទោះ​អាយុ ៣៨ ឆ្នាំ​។ នេះ​ជា​កិច្ចការ​របស់ខ្ញុំ​ដែល​ខ្ញុំ​បានទទួល​។ ឥឡូវនេះ​ដល់ពេល​ដែល​ខ្ញុំ​ត្រលប់មក​ដោយ​ភាពរឹងមាំ​។ សូម​អរគុណ​ចំពោះ​ការគាំទ្រ និង អរគុណ Chatri សម្រាប់​ការផ្ដល់​ឱកាស​»​។ 
 
​ជាមួយគ្នា​នោះ ប្រធាន និង​នាយក​ប្រតិបត្តិ​របស់ ONE Championship លោក Chatri Sityodtong បាន​ឲ្យ​ដឹងថា ៖«​សូម​ស្វាគមន៍​វីរបុរស​ជឺ​ជិត​ស៊ូ Tom DeBlass ដែលមាន​កំណត់ត្រា​ឈ្នះ ៩ លើក​និង​ចាញ់ ២ លើក​មកកាន់ ONE Championship​។ គេ​គឺជា​មនុស្ស​ដែលមាន​សែស្រឡាយ​ជា​ជើងឯក​ពិតប្រាកដ និង​ចូលមក​ប្រកួត​គុន​ចម្រុះ​ក្នុង​ទម្ងន់ heavyweight និង អាច​ប្រកួត​ក្នុង​ទម្ងន់ light heavyweight ផងដែរ​។ ដោយមាន​ជំនាញ​បញ្ចប់​គូប្រកួត​បានល្អ Tom ក៏មាន​សក្ដានុពល​ក្នុង​ពីរ​ប្រភេទ​ទម្ងន់​ផងដែរ និង​ឈានទៅ​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​។

គេ​នឹងចូលរួម​ប្រកួតប្រជែង​ខ្ពស់​។ គេ​ប្រាប់​ខ្ញុំ​ថា ពិភពលោក​នឹង​ឃើញ​ភាព​អស្ចារ្យ​របស់ខ្លួន​ក្នុង​ប្រវត្តិសាស្ត្រ​»​។ 
 
​នាយក​ប្រតិបត្តិ​ដដែល​បាន​ពិពណ៌នា​ថា ៖«Tom មិន​ត្រឹមតែ​អ្នកជំនាញ​ក្បាច់​ចាប់ ប៉ុន្តែ​ជា​គំរូ​ល្អ​ប្រកបដោយ​ឆន្ទៈ​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​ទៀតផង​។ គេ​មិនទាន់​ដឹង​មាន​អ្វី​កើតឡើង​ប៉ុន្តែ Tom និង​ខ្ញុំ គឺជា មិត្ត​តាម​ហ្វេ​ស​ប៊ុ​ក Facebook​។ យើង​មានការ​ចែករំលែក​ផ្នត់គំនិត​ស្រដៀង​គ្នា និង មាន​សេចក្ដី​គោរព និង​ការកោតសរសើរ​ទៅវិញទៅមក​។ បើ​អ្នក​មិន​តាមដាន Tom តាម​បណ្ដាញ​សង្គម ខ្ញុំ​អាច​ផ្ដល់​អនុសាសន៍​ឲ្យ​បងប្អូន Follow គាត់​។ Tom ចែករំលែក​គំនិតល្អៗ និង ការកម្សាន្ត​ជាច្រើន​។ ជីវិត​ពិត​របស់គេ​គឺជា​ការលើកទឹកចិត្ត​ដ៏​ល្អ​»​។ 
  


​ការបង្ហាញ​ខ្លួន​ដំបូង​របស់ DeBlass លើកដំបូង​មិនទាន់បាន​បង្ហើប​នោះទេ ប៉ុន្តែ គេ​នឹង​បង្ហាញខ្លួន​ក្នុង​ទម្ងន់ heavyweight និង​អាច light heavyweight ផងដែរ​ក្នុងពេល​សមស្រប​។

Tom នឹង​ក្លាយជា​ដៃគូ​ប្រកួត​ដ៏​មាន​សក្ដានុពល​តតាំង​នឹង​ម្ចាស់​ខ្សែក្រវាត់ ONE Heavyweight World Champion កីឡាករ Brandon “The Truth” Vera និង​ម្ចាស់​ខ្សែក្រវាត់ ONE World Champion ចំនួន​ពីរ​កីឡាករ Aung La “The Burmese Python” N Sang៕

Tag:
 អត្ថបទ​៖ ស៊ី​ធី​
© រក្សាសិទ្ធិដោយ thmeythmey.com