COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
FC Seoul ប្រឈម​ការពិន័យ​ជុំវិញ​ការប្រើ​តុក្កតា​សិច​ក្នុង​កីឡដ្ឋាន​
20, May 2020 , 10:39 pm        
រូបភាព
​ក្រុម FC Seoul អាច​ត្រូវ​ទទួល​ការពិន័យ ឬ​កាត់​ពិន្ទុ ដោយសារ​ការប្រើប្រាស់​តុក្កតា​សិច​ជំនួស​ឲ្យ​អ្នកគាំទ្រ​ដើម្បី​បំពេញ​កន្លែង​ទំនេរ​អំឡុងពេល​ប្រកួត​លី​គ​ក្របខណ្ឌ​កំពូល​កូរ៉េខាងត្បូង (K-League 1)​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap​។

 
​នា​ជ័យជម្នះ ១-០ លើ​ក្រុម Gwangju FC កាលពី​ថ្ងៃទី​១៧ ខែឧសភា​ចុង​សប្តាហ៍​មុន FC Seoul បានដាក់​តុក្កតា​ដោយមាន​ស្លៀកពាក់​ក្រុម​របស់ខ្លួន​អង្គុយ​លើ​កៅអី និង​ឈរ​កាន់​បដា ដើម្បី​ជំនួស​ឲ្យ​អវត្តមាន​របស់​អ្នកគាំទ្រ​ក្នុង​ទីលាន ដ្បិត​ការប្រកួត​តម្រូវ​ឲ្យ​បិទទ្វារ​កីឡដ្ឋាន ដោយសារ​បារម្ភ​ពី​ជំងឺ COVID-19 ។​
 
​អ្នកទស្សនា​តាម​កញ្ចក់​ទូរទស្សន៍​បានឃើញ​រូបភាព​តុក្កតា​សិច​ទាំងនោះ​និង​មាន​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​ផលិតផល ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិត​ឧបករណ៍​សិច​នោះ​។ ទោះយ៉ាងណា ក្រុម​ក្នុង​ក្របខណ្ឌ K-League 1 មួយ​នេះ បាន​សុំទោស​ទៅកាន់​អ្នកគាំទ្រ​របស់​ពួកគេ បន្ទាប់ពី​អ្នកគាំទ្រ​ទាំង​នោះបាន​រិះគន់ និង​ចោទប្រកាន់​ក្លិប​ថា បាន​ប្រើ​តុក្កតា​សិច​នៅក្នុង​កីឡដ្ឋាន​អំឡុងពេល​ប្រកួត​។​
 
​ជុំវិញ​ករណីនេះ ក្រុម FC Seoul អាច​នឹងត្រូវ​កាត់​ពិន្ទុ​ចំនួន​៥​ពិន្ទុ​សម្រាប់​ការប្រកួត​រដូវ​កាល​នេះ ឬ​ប្រឈម​នឹង​ការពិន័យ​ជា​ប្រាក់​៥​លាន​វ៉ុ​ន (​ជាង​៤​ពាន់​ដុល្លារ​អាមេរិក​)​។​
 
​ស្របពេល​ការសុំ​ទោស​ពី​សំណាក់​ក្លិប​ទៅកាន់​អ្នកគាំទ្រ FC Seoul ក៏បាន​អះអាងថា ពួកគេ​មានការ​ធ្វេសប្រហែស​ក្នុងការ​ពិនិត្យមើល​ទំនិញ​ពេល​ក្រុមហ៊ុន​ប្រគល់​ឲ្យ ហើយ​អ្នកពិនិត្យ​ក៏​មិនដឹងថា​តុក្កតា​ទាំងនោះ​គឺជា​ផលិតផល​សិច​សម្រាប់​មនុស្សពេញវ័យ​នោះដែរ​។ ដោយឡែក ក្រុមហ៊ុន​ផលិត​ឧបករណ៍​សិច​បាន​ប្រាប់ BBC ថា​ពួកគេ​ក៏បាន​សុំទោស​ក្លិប FC Seoul រួចហើយ​ដែរ ហើយ​ក្រុមហ៊ុន​ក៏បាន​បញ្ជាក់ថា តុក្កតា​ទាំងនោះ​ជា​តុក្កតា​ដែលមាន​លំដាប់​ធម្មតា​ប៉ុណ្ណោះ​៕

Tag:
 FC Seoul
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com