ពីនេះ ពីនោះ
ពលរដ្ឋ​ខ្មែរ​«​ខ្លះ​» ខ្វះ​គំនិត​ថែទាំ បន្ត​និរន្តរ៍ភាព​…​ផ្ទុយទៅវិញ ចូលចិត្ត​បំផ្លាញ​!
21, May 2020 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
​បើទោះបី​កូ​វីដ​១៩​នៅ​បន្ត​វាយប្រហារ​ប្រទេស​ផ្សេងៗ​ក៏ដោយ​ក្តី  តែ សុធីរ និង​សំណាង ហាក់បីដូចជា​លែង​សូវ​ចាប់អារម្មណ៍ ព្រោះ ក្នុង​រយៈពេល​២​ខែ​ចុង​ក្រោយនេះ សុធីរ និង​សំណាង តាមដាន​រឿង​កូ​វីដ​ខ្លាំងពេក​ដែល​នាំ​ឲ្យ​ពួកគេ​ភ័យ​សឹង​លែង​ហ៊ាន​ដើរចេញ​ក្រៅ​ផ្ទះ​។ ទើបតែ​២​សប្តាហ៍​ចុងក្រោយ​នេះ​ទេ​ដែល​ក្លើ​ទាំងពីរ​វិល​មក​តៀម​កា​រ​ហ្វេ​របស់ខ្លួន​ឡើងវិញ តែ​មិត្ត​ទាំងពីរ​ផឹក​កាហ្វេ​ឈរ ហើយ​រក្សា​គម្លាត​ពីគ្នា​ថែម​ទៀតផង​។ នៅថ្ងៃនេះ សំឡាញ់​ទាំងពីរ​ជជែក​គ្នា​ពី​ពលរដ្ឋ​ខ្លះ​គ្មាន​«​មារយាទ​»​។


​សំណាង​៖ អា សុធីរ​! អញ​មិន​ចង់​និយាយដើម​ពលរដ្ឋ​យើង​ទេ​។ តែបើ​មិន​និយាយ​វា​មិន​កែ​ចរិត​។ តែ​អញ​មិន​និយាយ​ពី​ពលរដ្ឋ​ទាំងអស់​ទេ អញ​និយាយ​តែ​ពលរដ្ឋ​ខ្លះ​អន់​ចរិត​ទេតើ​!    
 
​សុធីរ​៖ អើ និយាយ​មក មិន​អី​ទេ អញ​ចាំ​ស្តាប់​…
 
​សំណាង​៖ អញ​តែងតែ​សង្កេតឃើញថា ពលរដ្ឋ​ខ្មែរ​ខ្លះ ខ្វះ​គំនិត​ថែទាំ និង​កសាង​បន្ត​នូវ​សមិទ្ធផល​ដែល​កើតឡើង​រួចហើយ ហេតុ​អី​ទៅ​?
 
​សុធីរ​៖ អ្ហែង​និយាយ​ត្រូវ​។ ជួនកាល គេ​ជួយ​ធ្វើ​អាគារ​ការងារ​ឲ្យ​មួយ ជួនកាល​គេ​ជួយ​សង់​បង្គន់​ឲ្យ ជួនកាល​គេ​ជួយ​សង់​កន្លែង​ស្នាក់នៅ​ឲ្យ ជួនកាល​គេ​ឲ្យ​របស់របរ​យកទៅ​ប្រើ​។​ល​។ តែមួយ​រយៈ​តូច​ក្រោយមក របស់របរ​ទាំងនោះ មើល​លែង​យល់​ហើយ​។ ខ្ទេចខ្ទី គ្មាន​អ្នក​ថែទាំ ពេលខ្លះ មានតែ​អ្នក​បំផ្លាញ​ថែមទៀត​។ មូលហេតុ ព្រោះ ពួកគេ​គិតថា វា​ជា​របស់​រួម ឬ​ជា​របស់​រដ្ឋ​…​អញ​ខឹង​ណាស់​នៅពេល​ឃើញ​រឿង​ហ្នឹង​ម្តងៗ តែ​អញ​មិនដឹង​ធ្វើ​ម៉េច​។ 
 
​សំណាង​៖ ម៉េច​បានជា​ពួកគេ​គិត​ដូច្នេះ​? 
 
​សុធីរ​៖ អ្នកខ្លះ អ្វីដែល​មិនមែនជា​របស់​ខ្លួនឯង មិនដែល​ខ្វល់​សូម្បីតែ​បន្តិច​។ របស់​រួម​(​ឯកជន សហគមន៍​) ឬ​របស់​រដ្ឋ​នេះ ភាគច្រើន​ត្រូវបាន​បុគ្គល​ខ្លះ បំផ្លាញចោល​តែម្តង ដូចជា បើកភ្លើង​អគ្គិសនី​ចោល បើក​ម៉ាស៊ីនត្រជាក់​ចោល បើកទឹក​ចោល ចោល​សំរាម​លើ​ឥដ្ឋ​។ រថយន្ត​ប្រើ​រួម និង​របស់របរ​ប្រើ​រួម​ដទៃទៀត ត្រូវបាន​បុគ្គល​ខ្វះ​មនសិការ បំផ្លាញចោល​។ ពួកគេ គ្មាន​ស្មារតី​សន្សំសំចៃ​ឡើយ​។ 
 
សំណាង​៖ ចុះ​ពលរដ្ឋ​ខ្វះ​គំនិត​និរន្តរ៍ភាព ឬ​ខ្វះ​គំនិត​កសាង​បន្ត ជា​ពលរដ្ឋ​យ៉ាងម៉េច​ទៅវិញ​? 
 
​សុធីរ​៖ ពលរដ្ឋ​ខ្លះ​ដែល​ខ្វះ​គំនិត​សមូហភាព​និយម តែងតែ​ចង់​បំផ្លាញ​សមិទ្ធផល​ចោល​នៅពេលដែល​ពួកគេ​លែងមាន​តួនាទី​សំខាន់​នៅក្នុង​ស្ថាប័ន​នោះ​។ មាន​អ្នកខ្លះ មានគំនិត​អាក្រក់​ដោយ​គិតថា បើ​ខ្លួន​លែង​នៅ​ទីនោះ ដូច្នេះ ពួកគេ​មិន​ចង់​ឲ្យ​កន្លែង​នោះ​រីកចម្រើន​ទៅមុខ ឬ​មាន​និរន្តរ៍ភាព​ទៅមុខ​ឡើយ​។ នេះហើយ គឺជា​គំនិត​របស់​បុគ្គល​ខ្លះ​ដែល​ខ្វះ​ស្មារតី​និរន្តរ៍ភាព ឬ​ខ្វះ​ស្មារតី​កសាង​បន្ត​។ 
 
​សំណាង​៖ បើ​មានគំនិត​ដូច្នេះ ស្ថាប័ន​មិន​រីកចម្រើន​ទេ មិន​ថា​អ៊ីចឹង អា សុធីរ​?  
 
​សុធីរ​៖ ពិត​ហើយ​! ក្នុង​ស្ថាប័ន​ណាក៏ដោយ មិន​ថា រដ្ឋ ឯកជន ឬ​អង្គការ​ទេ បើ​មាន​វត្តមាន​បុគ្គលិក​ប្រភេទ​នេះ​កាន់តែច្រើន ស្ថាប័ន​នោះ ពិត​វា​រក​ពន្លឺ​ពុំ​ឃើញ​ឡើយ​។ ក្រុមមនុស្ស​ប្រភេទ​នេះ ត្រូវបាន​គេ​ហៅថា ក្រុមមនុស្ស​យកជើងរាទឹក​។ អា សំណាង អញចង់​ប្រាប់​អ្ហែង​ថា កើត​មកជា​មនុស្ស​ត្រូវ​ធ្វើអំពើ​ល្អ​ឲ្យ​ច្រើនជាង​អំពើអាក្រក់ ហើយ​ត្រូវ​ចេះ​សប្បាយចិត្ត នៅពេល​ឃើញ​អ្នក​នៅ​ជុំវិញខ្លួន​រីកចម្រើន​។ 
 
​សំណាង​៖ អ្ហែង​មិនបាច់​ប្រាប់​អញ ឬ​ប្រដៅ​អញ​រឿង​ហ្នឹង​ទេ អា ធីរ​។ អញ​កើតមក អញ​ធ្វើ​តែ​អំពើ​ល្អ​ទេ មិន​ត្រឹមតែ​ប៉ុណ្ណោះ អញ​ចូលរួម​ទប់ស្កាត់​អ្នកធ្វើ​អំពើអាក្រក់​ទៀតផង​។ នេះ គឺជា​គោលការណ៍​របស់​អញ​។ អញ​មិន​ចង់​កើតមក​ឲ្យ​តែ​ធ្ងន់​ផែនដី​នោះទេ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com