Mariappa ខ្សែការពារ Watford ថា​ខ្លួន​ឆ្លង COVID-19 ខណៈ Kante ខ្លាច​ហើយ​ហាត់​នៅផ្ទះ​វិញ​
COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Mariappa ខ្សែការពារ Watford ថា​ខ្លួន​ឆ្លង COVID-19 ខណៈ Kante ខ្លាច​ហើយ​ហាត់​នៅផ្ទះ​វិញ​
21, May 2020 , 11:08 am        
រូបភាព
​ខ្សែការពារ Adrian Mariappa សារភាពថា ខ្លួន​ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​សមាជិក ៣​នាក់​របស់​ក្រុម Watford ដែល​បានធ្វើ​តេស​ត្ត​ចេញ​លទ្ធផល​វិជ្ជមាន​ជំងឺ COVID-19​។ យ៉ាងណា Mariappa មិន​អស់ចិត្ត​ឡើយ ដ្បិត​ខ្លួន​មិនបាន​ចេញ​ក្រៅ​ផ្ទះ​សោះ​។​

​នៅ​ថ្ងៃទី​១៩ ខែឧសភា Premier League ប្រកាស​ពី​លទ្ធផល​ធ្វើតេស្ត​ដែល​ក្នុងនោះ​មាន​កីឡាករ និង​បុគ្គលិក​មកពី​ក្រុម Watford និង Burnley រួមទាំង​ក្រុម​មួយទៀត​ក្នុង​ក្របខណ្ឌ ចំនួន​៦​រូប​បាន​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ​។ Watford មាន​កីឡាករ​ម្នាក់​និង​បុគ្គលិក​ពី​នាក់ ហើយ Burnley មាន​ជំនួយការ​អ្នកចាត់ការ​ទូទៅ​ម្នាក់​គឺ​លោក Ian Woan បាន​ឆ្លង​ជំងឺ​នេះ​។​
 
​យ៉ាងណាក៏ដោយ Mariappa ខ្សែការពារ​សញ្ជាតិ​ហ្សា​ម៉ា​អ៊ិ​ក វ័យ​៣៣​ឆ្នាំ​របស់​Watford ក៏​ឆ្លង​ដែរ​។ រូបគេ​អះអាង ខ្លួន​ពិតជា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅ​ពិនិត្យឃើញ​មាន​ឆ្លង COVID-19 ដ្បិត​ខ្លួន​មិនដែល​ចាក​ចេញពីផ្ទះ​ទាល់តែសោះ​អំឡុង​ការ​រាតត្បាត​ខ្លាំង​នៃ​ជំងឺ​នេះ​។​
 
«​ក្រៅពី​ការហាត់​ប្រាណ​ខ្លះ និង​ការដើរ​ជាមួយ​ក្មេងៗ​ខ្ញុំ​ភាគច្រើន​រៀន​នៅផ្ទះ​និង​មាន​សុខ​ភាពល្អ​ធម្មតា​។ របៀប​រស់នៅ​របស់ខ្ញុំ​គឺ​ស្ងប់ស្ងាត់​ណាស់ ហើយ​មិនមាន​ពិធីជប់លៀង ឬ​ចេញទៅ​ក្រៅ​នោះទេ ដូច្នេះ​ខ្ញុំ​ពិតជា​មិនដឹងថា​តើ​ខ្ញុំ​ត្រូវធ្វើ​យ៉ាងម៉េច​ទៀត​ទេ​»​។ នេះ​ជាការ​រៀបរាប់​របស់ Mariappa ដែល​បាន​ឆ្លង COVID-19 ទាំង​មិន​អស់ចិត្ត​។​
 
​ដោយឡែក N'Golo Kante ខ្សែបម្រើ​ក្រុម Chelsea បាន​ខកខាន​ចូលរួម​ហ្វឹកហាត់​នៅ​ថ្ងៃទី​ពីរ ក្រោយ​បង្ហាញខ្លួន​នៅ​ថ្ងៃ​ដំបូង​រួចហើយ ព្រោះ​រូបគេ​ភ័យខ្លាច​ឆ្លង COVID-19 ។ យ៉ាងណាក៏ដោយ​អវត្តមាន​របស់​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ ទទួលបាន​ការអនុញ្ញាត​ពី​សំណាក់​អ្នកចាត់ការ​ទូទៅ​លោក Frank Lampard រួចហើយ​។​
 
Kante សម្រេចចិត្ត​បន្ត​ការហ្វឹកហាត់​នៅផ្ទះ ដូច​ការសម្រេចចិត្តរ​បស់​ប្រធាន​ក្រុម Watford កិ​ឡាករ Troy Deeney និង​មិត្ត​រួម​ក្រុម​របស់គេ​មួយចំនួនទៀត​ដែរ​៕
 

Tag:
 COVID-19
  Adrian Mariappa
  Watford
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម