COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
FC Seoul ត្រូវពិន័យជាង៨ម៉ឺនដុល្លារ ដោយសារដាក់តុក្កតាសិចជំនួសអ្នកគាំទ្រក្នុងកីឡដ្ឋាន
×
ក្លិប FC Seoul ត្រូវបានគណៈកម្មាធិការវិន័យនៃលីគកំពូលកូរ៉េ ពិន័យជាប្រាក់១០០លានវ៉ុន (ជាង៨ម៉ឺនដុល្លារអាមេរិក) ជុំវិញការប្រើប្រាស់តុក្កតាសិចជំនួសឲ្យអ្នកគាំទ្រដើម្បីបំពេញកន្លែងទំនេរអំឡុងពេលប្រកួតលីគកាលពីចុងសប្ដាហ៍មុន។ នេះបើតាមការប្រកាសរបស់ K-League នៅថ្ងៃទី២០ ខែឧសភា។
ស្របពេលរដូវកាលថ្មី ២០២០-២១ បានចាប់ផ្តើមនៅថ្ងៃទី៨ ខែឧសភា អ្នកគាំទ្រកូរ៉េខាងត្បូងមិនទាន់ត្រូវបានអនុញ្ញាតឲ្យចូលក្នុងកីឡដ្ឋានទស្សនាផ្ទាល់ឡើយ ដោយសារនៅមានការព្រួយបារម្ភពីជំងឺរាតត្បាត COVID-19។ ក្នុងការប្រកួតក្នុងទឹកដីខ្លួនលើកដំបូងក្នុងក្របខណ្ឌ K-League 1 ដោយយកឈ្នះ Gwangju FC ១-០ FC Seoul បានតុក្កតាប្រមាណ ២០ ដោយឈរពាក់ម៉ាស់ និងអង្គុយកាន់បដាដែលតំណាងឲ្យអ្នកគាំទ្រសកម្មបំផុតរបស់ក្លិប។
យ៉ាងណាក៏ដោយ រូបភាពតុក្កតាដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះ Dalkom នោះ ជាតុក្កតាសិចទៅវិញដែលធ្វើឲ្យមានការរិះគន់ពីអ្នកគាំទ្ររបស់ខ្លួន។ ក្រោយមក FC Seoul ក៏បានប្រកាសសុំទោសអ្នកគាំទ្រ ដោយអះអាងថា ខ្លួនមានការធ្វេសប្រហែសក្នុងការពិនិត្យមើលទំនិញពេលក្រុមហ៊ុនប្រគល់ឲ្យ ហើយអ្នកពិនិត្យក៏មិនដឹងថាតុក្កតាទាំងនោះគឺជាផលិតផលសិចសម្រាប់មនុស្សពេញវ័យដែរ។
បើទោះនេះជាការធ្វេសប្រហែស និងជាអចេតនាក្តី ប៉ុន្តែ FC Seoul នៅតែទទួលបានការពិន័យពីសំណាក់គណៈកម្មាធិការវិន័យជាទឹកប្រាក់៨០០០០ដុល្លារអាមេរិកជុំវិញការដាក់តាំងតុក្កតាសិចនៅក្នុងទីលានប្រកួតលីគរបស់កូរ៉េខាងត្បូង។
«គណៈកម្មាធិការវិន័យបានសម្រេចចិត្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដោយពិចារណាលើភាពមិនគប្បីតាមរយៈការប្រើ «តុក្កតាសិច» ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកគាំទ្រជាស្ត្រី។ នេះជាសំណេរក្នុងសេចក្តីប្រកាសរបស់ K-League។
ឆ្លងកាត់ពីរប្រកួត FC Seoul រកបាន៣ពិន្ទុ ឈរនៅចំណាត់ថ្នាក់ទី៦ក្នុងតារាង K League 1 បន្ទាប់ពីប្រកួតឈ្នះមួយ និងចាញ់មួយ។ Ulsan Hyundai ឈរកំពូលតារាងមាន៦ពិន្ទុ តាមពីក្រោយដោយ Jeonbuk FC ដែលមាន៦ពិន្ទុដូចគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com