ក្រសួង​អប់រំ ពុំទាន់​អនុញ្ញាត​ឲ្យ​បន្ត​ប្រកួត​លី​គ​បាល់ទាត់ ការហ្វឹកហាត់ និង​អាជីវកម្ម​ក្លិប​ហាត់ប្រាណ​
COVID-19
កីឡាជាតិ
ជាតិ
ក្រសួង​អប់រំ ពុំទាន់​អនុញ្ញាត​ឲ្យ​បន្ត​ប្រកួត​លី​គ​បាល់ទាត់ ការហ្វឹកហាត់ និង​អាជីវកម្ម​ក្លិប​ហាត់ប្រាណ​
21, May 2020 , 2:28 pm        
រូបភាព
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា, រូបភាពពី MoEYS Cambodia
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា, រូបភាពពី MoEYS Cambodia
​ក្រសួង​អប់រំ​យុវជន​និង​កីឡា ពុំទាន់​អនុញ្ញាត​ឲ្យ​បើក​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឡើយ ដោយសារ​បារម្ភ​រលក​ទី​២​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។ ជាមួយគ្នានេះ ក្រសួង​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន ទោះបី​បច្ចុប្បន្ន​កម្ពុជា​គ្មាន​អ្នកជំងឺ​កូ​វីដ​-១៩​ក៏ដោយ​។

 
​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នៅ​ថ្ងៃទី​២០ ខែឧសភា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​សម្រេច​បន្ត​ដាក់​បម្រាម​លើ​សកម្មភាព​កីឡា​មួយចំនួន​។ ក្នុងនោះ ក្រសួង ពុំទាន់​អនុញ្ញាត​ឲ្យ​បើក​ការប្រកួត​លី​គ​កំពូល​, ពុំទាន់​អនុញ្ញាត​ឲ្យ​កីឡាករ​កីឡាការិនី​ហ្វឹកហាត់ និង​ពុំទាន់​អនុញ្ញាត​ឲ្យ​បើក​អាជីវកម្ម​ក្លិប​ហាត់ប្រាណ​ជាដើម​។ 
 
​ការសម្រេច​នេះ គឺ​ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ទោះបី​ក្នុង​រយៈពេល​១​ខែ​កន្លងមកនេះ​កម្ពុជា​ពុំមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី ហើយ​អ្នកជំងឺ​ទាំង​១២២​នាក់​បាន​ព្យាបាល​ជាសះស្បើយ​ទាំងអស់​ក៏ដោយ តែ​ក្រសួង​នៅតែ​បារម្ភ​ពីរ​លក​ទី​ពីរ​នៃ​ការឆ្លង​ជំ​ងឹ​កូ​វីដ​-១៩​។ ក្រសួង​បាន​វាយតម្លៃថា​៖«​តាម​ការវាយតម្លៃ​ស្ថានភាព​កូ​វីដ​១៩ នៅតែមាន​ហានិភ័យ​ខ្ពស់​នៅឡើយ ដែល​អាចមាន​រលក​ឆ្លង​ថ្មី​ជា​លើក​ទី​២ ហើយ​ទាមទារ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​»​។ 
 
​ចំណុច​ទី​១​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ ក្រសួង ដាស់តឿន​ប្រជាពលរដ្ឋ​ឲ្យ​បន្ត​រក្សា​គម្លាត​សង្គម និង​ពង្រឹង​វិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការកែប្រែ​ទម្លាប់ និង​ឥរិយាបថ​នៃ​ការរស់នៅ​ឲ្យ​ស្របតាម​បរិបទ​ថ្មី ដូចជា​ការរក្សា​អនាម័យ​ដៃ​ស្អាត ពាក់​ម៉ាស់ និង​វាស់​កម្តៅ​ពេល​មាន​អា​ការៈសង្ស័យ​។​
 
​ក្រសួង​បាន​បន្ថែមថា ការដក​បម្រាម​ខាងលើ​អាចធ្វើ​ទៅបាន លុះត្រា​មាន​លិខិតអនុញ្ញាត​ផ្លូវការ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។ ក្រសួង​សង្ឃឹមថា ថ្នាក់ដឹកនាំ​សហព័ន្ធ គ្រូបង្វឹក កីឡាករ​កីឡាការិនី និង​ម្ចាស់​អាជីវកម្ម​ក្លិប​ហាត់ប្រាណ​ទាំងអស់​យោគយល់​ចំពោះ​ការសម្រេច​នេះ ហើយ​ចូលរួម​សហការ​ការពា​រ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ប្រក​ដ​ដោយ​ការទទួលខុសត្រូវ​ខ្ពស់​៕ 

Tag:
 ក្រសួង​អប់រំ​យុវជន​និង​កីឡា​
  កូ​វីដ​-១៩
  Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com