អន្តរជាតិ
អ្នកការទូត​អាមេរិក ព្រមាន​ឥណ្ឌា​ពី​ការឈ្លានពាន​តាម​ព្រំដែន​ដោយ​ចិន​
21, May 2020 , 8:19 pm        
រូបភាព
ទ័ពចិន និងឥណ្ឌាតាមព្រំដែន។រូបភាពAFP
ទ័ពចិន និងឥណ្ឌាតាមព្រំដែន។រូបភាពAFP
ដោយ:
អ្នកការទូត​ជាន់ខ្ពស់​អាមេរិក នៅ​ថ្ងៃទី​២១ ខែឧសភា​នេះ បាន​ចោទប្រកាន់​ចិន​ថា មាន​ចេតនា​ចង់​ផ្លាស់ប្តូរ​ស្ថានការណ៍​ដែល​បច្ចុប្បន្ន​នៅតាម​ព្រំដែន​ជាមួយ​ឥណ្ឌា​តាមរយៈ​ការបង្ក​ហេតុ​ឲ្យ​មានការ​ប៉ះទង្គិច​តាម​ព្រំដែន​ដ៏​វែង​អន្លាយ​រវាង​ប្រទេស​នេះ​។ លោកស្រី Alice Wells ទទូច​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​តបត​ទៅនឹង​សកម្មភាព​ខាងលើ​វិញ​។

 
​បើតាម​ទីភ្នាក់ងារសារព័ត៌មាន AFP លោកស្រី Alice Wells  អ្នកការទូត​ជាន់ខ្ពស់​ក្រសួងការបរទេស​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាងត្បូង និង​កណ្តាល​បានធ្វើការ​ប្រៀបធៀបរ​វា​ង​ការកើនឡើង​នៃ​ការប៉ះទង្គិច​តាម​ព្រំដែន​រវាង​ឥណ្ឌា​និង​ចិន​នៅតាម​ជួរ​ភ្នំ​ហិមាល័យ ទៅនឹង​ការកើនឡើង​សកម្មភាព​ដ៏​កម្រោល​របស់​ចិន​នៅ​តំបន់​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ 
 
​លោកស្រី Wells និយាយ​ទៅកាន់​ស្ថាប័ន​ស្រាវជ្រាវ Atlantic Council ថា​៖« សម្រាប់​អ្នក​រវើរវាយ ហើយ​គិតថា​ការ​គម្រាមកំហែង​របស់​ចិន​គ្រាន់តែ​ជា​រឿង​វោហារសាស្ត្រ​នោះ ខ្ញុំ​គិតថា​គេ​គួរតែ​និយាយ​ជាមួយ​ឥណ្ឌា​។​» លោកស្រី Wells បន្ថែមថា បើសិន​មើលទៅ​សមុទ្រ​ចិន​ខាងត្បូង គេ​ឃើញ​សកម្មភាព​ប្រតិបត្តិការ​របស់​ចិន ដែល​ក្នុងនោះ​មានការ​ឈ្លានពាន​ជាប្រចាំ និង​ការប៉ុនប៉ង​កែប្រែ​ច្បាប់ទម្លាប់​ឥតឈប់ឈរ ដើម្បី​ផ្លាស់ប្ដូរ​ស្ថានការណ៍​ដែល​កំពុង​កើតមាន (Status quo)​។​
 
​កងទ័ព​ឥណ្ឌា និង​ចិន​បាន​ប៉ះទង្គិច​គ្នា​ជារឿយៗ តែ​មិន​ធំដុំ​ឡើយ​នៅតាម​ព្រំដែន​ប្រទេស​ទាំងពីរ​។ ការប្រឈមមុខ​ថ្មីៗ កើតឡើង​នៅ​ច្រក​តាម​ភ្នំ Nathu La ដែល​ភ្ជាប់​ឥណ្ឌា​ទៅនឹង​រដ្ឋ Sikkim និង​ជាប់​តំបន់​ទី​បេ​របស់​ចិន​ផងដែរ​។ 
 
​ប្រទេស​ដែលមាន​ប្រជាជន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទាំង​២​នេះ មាន​ជម្លោះ​តានតឹង​តាម​ព្រំដែន ហើយក៏​ធ្លាប់ធ្វើ​សង្គ្រាម​ជាមួយគ្នា​មួយ​ប្រាវ​ផងដែរ​នៅ​ឆ្នាំ​១៩៦២​។ សង្គ្រាម​នេះ ធ្វើ​ឲ្យ​ក្តីសង្ឃឹម​របស់លោក ហ្សា​វ៉ា​ហា​ឡា​ល់ នេ​ហ៍​រុ នាយករដ្ឋមន្ត្រី​ដំបូង​របស់​ឥណ្ឌា​បែក​ខ្ចាត់ខ្ចាយ ដោយសារ​វា​បាន​បំផ្លាញ​សាមគ្គីភាព​រវាង​ប្រជាជាតិ​អាស៊ី​។​
 
​មកទល់ពេលនេះ ចិន​នៅ​បន្ត​ទាមទារ​ទឹកដី ៩​ម៉ឺន​គីឡូ​ម៉ែត្រក្រឡា ដែល​ស្ថិតក្រោម​ការកាន់កាប់រ​បស់​ឥណ្ឌា​។ ទោះជា​យ៉ាងណាក្តី លោកស្រី Wells បានបញ្ជាក់​ឲ្យ​អាមេរិក​គាំទ្រ​ការទាមទារ​របស់​ឥណ្ឌា ប៉ុន្តែ​ក៏​លើកទឹកចិត្ត​ឲ្យ​ចិន និង​ឥណ្ឌា​ដោះស្រាយ​បញ្ហា​តាមផ្លូវ​ទូត​ផងដែរ​។​
 
​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ អាមេរិក​បាន​បង្ខិត​ទំនាក់ទំនង​ការទូត​ជាមួយ​ឥណ្ឌា ខណៈ​ទំនាក់ទំនង​ជាមួយ​ចិន​កាន់តែ​ជូរចត់​ទៅលើ​បញ្ហា​ជាច្រើន​។ ក្នុង​ក្រសែភ្នែក​អាមេរិក ឥណ្ឌា​ដើរតួនាទី​សំខាន់​ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន​ក្នុង​តំបន់​ដែល​កំពុង​កើនឡើង​កាន់តែខ្លាំង​៕

© រក្សាសិទ្ធិដោយ thmeythmey.com