COVID-19
អន្តរជាតិ
រដ្ឋាភិបាលអាមេរិក បើកផ្លូវឲ្យលក់មីស៊ីលបំពាក់លើនាវា១៨ដើមឲ្យតៃវ៉ាន់តម្លៃ១៨០លានដុល្លារ កងទ័ពជើងទឹកតៃវ៉ាន់ក្នុងពិធីមួយនាពេលកន្លងមក។ រូបភាព AFP
× រដ្ឋាភិបាលអាមេរិក បានឯកភាពលើគម្រោងលក់មីស៊ីលបំពាក់លើនាវា Torpedo ចំនួន១៨ដើមឲ្យកោះតៃវ៉ាន់ ក្នុងតម្លៃ១៨០លានដុល្លារ។ ក្រសួងការបរទេសអាមេរិកប្រកាសបែបនេះនៅថ្ងៃទី២០ ខែឧសភា ចំថ្ងៃដែលលោកស្រី Tsai Ing-wen ស្បថចូលកាន់តំណែងប្រធានាធិបតីតៃវ៉ាន់អាណត្តិទីពីរ។ ទីក្រុងប៉េកាំង ក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង និងប្រាប់ឲ្យអាមេរកបញ្ឈប់ផែនការរបស់ខ្លួនជាបន្ទាន់ព្រោះនឹងប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី។
ឯកសារពាក់ព័ន្ធគម្រោងលក់មីស៊ីលប្រភេទ MK-48 Mod6 Torpedo ១៨ដើមដែលមានទម្ងន់ធ្ងន់ និងគ្រឿងបរិក្ខារអមក្នុងតម្លៃ១៨០លានដុល្លារ ត្រូវបានបញ្ជូនទៅកាន់ស្ថាប័ននីតិបញ្ញត្តិហើយ។ នេះជាការប្រកាសរបស់ក្រសួងការបរទេសអាមេរិកនៅថ្ងៃទី២០ ខែឧសភា។
ក្នុងសេចក្ដីប្រកាសរបស់ខ្លួន ក្រសួងការបរទេសអាមេរិកហៅការទិញលក់នេះជាការផ្លាស់ប្ដូរនាំមកប្រយោជន៍ទាំងសងខាង។ សេចក្ដីប្រកាសបន្ថែមថា សំណើលក់នេះ បម្រើប្រយោជន៍ជាត សេដ្ឋកិច្ច និងសន្តិសុខរបស់អាមេរិកតាមរយៈការពង្រឹងសមត្ថភាពយោធារបស់ប្រទេសអ្នកទិញដើម្បីធ្វើទំនើបកម្មកងទ័ពរបស់ខ្លួន និងពង្រឹងសមត្ថភាពការពារខ្លួនឲ្យបានល្អ។
ដូចប្រទេសជាច្រើនទៀតដែរ អាមេរិកគ្មានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ឡើយ។ ប៉ុន្តែអាមេរិកមានច្បាប់មួយដែលកំណត់ឲ្យរដ្ឋាភិបាលជួយគាំពារកោះមួយនេះ។ MK-48 Mod6 ជាប្រភេទមីស៊ីលបំពាក់លើនាវាក៏បាន និងលើនាវាមុជទឹកក៏បាន ហើយក៏អាចបំពាក់លើយន្តហោះរួចទម្លាក់ចូលទឹកដើម្បីកម្ទេចគោលដៅបានដែរ។ សម្រាប់ការលក់ពេលនេះ អាមេរិកយកមីស៊ីលដែលមានក្នុងឃ្លាំងស្រាប់លក់ឲ្យតៃវ៉ាន់
កន្លងទៅ ការលក់ទិញសព្វាវុធរវាងអាមេរិក និងតៃវ៉ាន់ ធ្វើឲ្យចិនខឹងសម្បារយ៉ាងខ្លាំង។ មិនខុសពីលើមុនដែរ ទីក្រុងប៉េកាំង បានបង្ហាញជំហរជំទាស់ម្ដងទៀត ដោយអ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lijian អះអាងថា ចិនប្រឆាំងដាច់ខាតការលក់អាវុធរបស់អាមេរិក។ មន្ត្រីរូបនេះបន្ថែមថា ចិនស្នើឲ្យអាមេរិកបញ្ឈប់ការលក់អាវុធទាំងអស់ឲ្យតៃវ៉ាន់ ផ្ដាច់ទំនាក់ទំនងយោធា និងយោធា សំដៅបញ្ចៀសទំនាក់ទំនងមិនល្អ៕
Tag:
តៃវ៉ាន់
ចិន
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com