COVID-19
អន្តរជាតិ
រដ្ឋមន្ត្រី​សុខាភិបាល​បារាំង​៖ គ្មាន​សញ្ញា​កើនឡើង COVID-19 ជាថ្មី​ឡើយ បន្ទាប់ពី​បន្ធូរ​ការ​រឹតត្បិត​
21, May 2020 , 4:10 pm        
រូបភាព
រដ្ឋមន្រ្តីសុខាភិបាលបារាំង លោក Oliver Veran។ រូបភាព៖ Reuters
រដ្ឋមន្រ្តីសុខាភិបាលបារាំង លោក Oliver Veran។ រូបភាព៖ Reuters
​គ្មាន​សញ្ញា​ណាមួយ បញ្ជាក់​នៅឡើយ​ថា ការបន្ធូរបន្ថយ​ការ​ការ​រឹតត្បិត​នៅក្នុង​ប្រទេស នឹង​បង្ក​ឲ្យ​មាន​ករណី​ឆ្លង ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ជាង​មុន នៅក្នុង​ប្រទេស​បារាំង​។ រដ្ឋមន្ត្រី​សុខាភិបាល​បារាំង​Oliver Veran បានលើកឡើង​បែបនេះ នៅ​ថ្ងៃទី​២០ ខែឧសភា ប៉ុន្តែ​ក៏​ទទួលស្គាល់ថា នេះ​ក៏​ជាការ​វាយតម្លៃ​លឿន​ពេក​ផងដែរ​។


​បារាំង បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​តាំងពី​ថ្ងៃទី​១១ ខែឧសភា​មក​ម្លេះ ដើម្បី​ជួយសង្គ្រោះ​សេដ្ឋកិច្ច​របស់ខ្លួន ដែល​បាន​រង​ការគំរាមកំហែង​ដោយសារ​ការបិទ​ប្រទេស​ក្នុង​រយៈពេល​ជិត ២​ខែ​កន្លងមក​។ យ៉ាងណាក៏ដោយ ការបើក​ប្រទេស​នេះ បារាំង​ធ្វើឡើង​តែមួយ​ផ្នែក​ប៉ុណ្ណោះ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការកើនឡើង​ករណី​ឆ្លង COVID-19 ជាថ្មី ក៏ដូចជា​រលក​ឆ្លង​ទី​២ នៃ​កូ​រ៉ូ​ណាវី​រុស​។ 
 
​ពាក់ព័ន្ធ​នឹង​កា​បើក​ប្រទេស​ឡើងវិញ លោក​រដ្ឋមន្ត្រី​សុខាភិបាល​បារាំង Oliver Veran បាន​បញ្ជាក់ថា បន្ទាប់ពី​បន្ធូរបន្ថយ​ការបិទ​ប្រទេស​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ បារាំង មិនបាន​បង្ហាញ​សញ្ញា​នៃ​ការកើនឡើង​ករណី​ឆ្លង COVID-19 ជាថ្មី​ឡើយ ប៉ុន្តែ​វា​មិនមែន​មានន័យថា បារាំង​នឹងមិន​កើនឡើង​ករណី​ឆ្លង​នាពេលខាងមុខ​នោះទេ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​យ៉ាងណាក៏ដោយ ការវាយតម្លៃ​នេះ ក៏​លឿន​ពេក​ដែរ ព្រោះ​បារាំង​ទើបតែ​បើក​ប្រទេស​ដោយ​ផ្នែក​ឡើងវិញ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ពោលគឺ ត្រូវការ​ពេល​យ៉ាងហោចណាស់​ពី ១០​ថ្ងៃ ទៅ​១៥​ថ្ងៃ ដើម្បី​ដឹង​ពី​ផលប៉ះពាល់ ឬ​ការកើនឡើង​ករណី​ឆ្លង​នៃ COVID-19​។ លោក​រដ្ឋមន្ត្រី​សុខាភិបាល​បារាំង​វ័យ​៤០​ឆ្នាំ បានបញ្ជាក់​បែបនេះ ដោយ​បន្តថា តួលេខ​អ្នកជំងឺ​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​អ្នកជំងឺ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ គឺមាន​ការធ្លាក់ចុះ​ជា​លំដាប់​។ 
 
​ចំណែក​ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អ៊ែ​ល ម៉ា​ក្រុង នៅក្នុង​ថ្ងៃ​ដដែល​នេះ ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាជន​បារាំង​បន្ត​ប្រុងប្រយ័ត្ន​ចំពោះ COVID-19 ផងដែរ ខណៈពេល​ប្រជាជន​បារាំង ត្រៀម​ប្រារព្ធ​ពិធីបុណ្យ​ព្រះ​យេស៊ូ​មានជីវិត​ឡើងវិញ (Ascension Day) នៅក្នុង​ប្រទេស នា​ថ្ងៃទី​២១ ខែឧសភា​។ 
 
​គិត​មក​ត្រឹម​ពេលនេះ បារាំង​មាន​ករណី​COVID-19 សរុប​ចំនួន ១៨១១៣២​ករណី អ្នកស្លាប់​ចំនួន ២៨១៣២​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៦៣៣៥៤​នាក់​៕ 

Tag:
 បារាំង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com