ជាតិ
ក្រសួង​ការងារ សន្យា​ទូទាត់​ប្រាក់​សំណង​ដល់​អតីត​បុគ្គលិក The Great Duke នៅ​សប្ដាហ៍​ក្រោយ
21, May 2020 , 4:39 pm        
រូបភាព
សកម្មភាពអតីតបុគ្គលិករបស់សណ្ឋាគារ The Great Duke (រូបពីទំព័រហ្វេសប៊ុករបស់ សង់ត្រាល់ - CENTRAL)
សកម្មភាពអតីតបុគ្គលិករបស់សណ្ឋាគារ The Great Duke (រូបពីទំព័រហ្វេសប៊ុករបស់ សង់ត្រាល់ - CENTRAL)
ភ្នំពេញ​៖ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សន្យា​នឹង​រកប្រាក់​ទូទាត់​ឲ្យ​អតីត​បុគ្គលិក The Great Duke នៅ​សប្ដាហ៍​ក្រោយ​។ នេះ​បើតាម​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​។​



​លោក ហេង សួរ បាន​ចុះ​ជួប​អតីត​បុគ្គលិក​នៅមុខ​សណ្ឋាគារ The Great Duke នៅ​ថ្ងៃទី​២១ ឧសភា​នេះ បាន​បញ្ជាក់ថា ក្រសួង​នឹង​ទូទាត់​ឱ្យ​បុគ្គលិក​សិន មុននឹង​ដោះស្រាយ​ជាមួយ​ម្ចាស់​សណ្ឋាគារ​តាម​ក្រោយ​។ «​សុំ​បងប្អូន​ធ្វើការ​រំសាយ​(​តវ៉ា​)​ទៅ ដោយសារតែ​ក្រសួង​នឹង​ខិតខំ​រកប្រាក់​ធ្វើ​យ៉ាងម៉េច ដើម្បី​ដោះស្រាយ​ជូន​បងប្អូន​យើង ហើយ​ចាំ​ធ្វើការ​ជាមួយ​ម្ចាស់​សណ្ឋាគារ​តាម​ក្រោយ​»​។ នេះ​បើតាម​លោក ហេង សួរ ។​
 
​ចំពោះ​ប្រភព​ទឹកប្រាក់​ដែល​នឹងត្រូវ​យកមក​ទូទាត់ លោក ហេង សួរ ក៏​មិនទាន់​អាច​បញ្ជាក់​ច្បាស់​ដែរ​។ ប៉ុន្តែ​លោក​ថា អ្វីដែល​ត្រូវធ្វើ គឺ​រក​ប្រភព​ថវិកា​ជាមួយ​ម្ចាស់​សណ្ឋាគារ​និង​ប្រភព​ផ្សេងទៀត ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​អតីត​បុគ្គលិក​ទទួលបាន​ប្រាក់​។ 
 
​ការតវ៉ា​នៅ​ថ្ងៃ​២១ ឧសភា​នេះ គឺជា​លើក​ទី​៨ ដែល​អតីត​បុគ្គលិក The Great Duke បាននាំគ្នា​ទាមទារ​សំណង​ពួកគេ​។ ការទាមទារ​នេះ មាន​៣​ចំណុច រួមមាន ប្រាក់​អតីតភាព​ការងារ​មុន​ឆ្នាំ​២០១៩ ប្រាក់​ជួស​ឲ្យ​ការឈប់​សម្រាក​ប្រចាំឆ្នាំ និង​ប្រាក់​សំណង​ជួស​ឲ្យ​ការជូនដំណឹង​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ទូច កុសល ប្រធាន​សហជីព​របស់​អតីត​បុគ្គលិក​សណ្ឋាគារ​នេះ ដោយ​បន្ថែមថា អតីត​បុគ្គលិក​ទាំងអស់​មាន​១៥២ ដែល​នឹង​ទទួល​ប្រាក់​សំណង​សរុប​ប្រមាណ​៣២​ម៉ឺន​ដុល្លារ​។ 
 
​មេ​សហជីព​រូបនេះ សង្កត់ធ្ងន់ថា បើ​ក្រសួង​មិន​ធ្វើតាម​សន្យា​ទេ ក្រុម​របស់ខ្លួន​នឹងធ្វើ​ការតវ៉ា​បន្តទៀត ហើយនឹង​អាច​តវ៉ា​ដល់​មុខផ្ទះ​សម្ដេច ហ៊ុន សែន ថែម​ទៀតផង​៕ 
 

Tag:
 The Great Duke
© រក្សាសិទ្ធិដោយ thmeythmey.com