COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19 បង្ខំ Ligue 2 បារាំង កើន២២ក្រុមជាលើកដំបូង នៅរដូវកាលក្រោយ
× ការប្រកួតលីគលំដាប់ទី២បារាំង Ligue 2 នឹងមានការប្រកួតប្រជែងចំនួន២២ក្រុមជាដំបូងនៅរដូវកាលក្រោយ។ ការបន្ថែម២ក្រុមនេះ គឺបណ្តាលមកពីការរាតត្បាតជំងឺឆ្លង COVID-19 យ៉ាងខ្លាំងក្លា។
Pau និង Dunkerque គឺជាក្រុមចំនួន២បន្ថែមទៀតនៅក្នុងក្របខណ្ឌ Ligue 2 នៅរដូវកាល ២០២០-២១ ដែលនាំឲ្យលីគទីពីររបស់បារាំងឡើងដល់២២ក្រុម។ នេះក៏ព្រោះក្រុម Le Mans និង Orleans នៅបន្តលេងនៅលីគកម្រិតទីពីរដដែលបើទោះស្ថិតនៅបាតតារាងក្តី ខណៈ Pau និង Dunkerque នឹងត្រូវឡើងទៅលេងនៅលីគកម្រិតទីពីរនេះ ដោយសា ជាក្រុមកំពូលតារាងនៅលីគទី៣ (National)។
សូមបញ្ជាក់ថា លីគកីឡាបាល់ទាត់អាជីពបារាំង (LFP) បានប្រកាសឲ្យ Paris Paris-Germain ក្លាយជាម្ចាស់ជើងឯក Ligue 1 បន្ទាប់ពីលីគរដូវកាល ២០១៩-២០ នេះត្រូវរំសាយចោលដោយសារវិបត្តិ COVID-19។ ដោយគិតតាមពិន្ទុក្រោយឆ្លងកាត់២៨ប្រកួត PSG អាចបន្តការពារតំណែងជើងឯករបស់ខ្លួនដ្បិតមានពិន្ទុលើសគេ ខណៈ Amiens និង Toulouse ដែលនៅបាតតារាងត្រូវកាត់ចោលទៅលីគទី២។
Lorient និង Lens នឹងមានវត្តមាននៅ Ligue 1 វិញរដូវកាលក្រោយ ហើយ Amiens និង Toulouse ត្រូវធ្លាក់ទៅលីគទី២។ Ligue 2 មិនតម្រូវឲ្យក្រុមបាតតារាងចំនួនពីរ Le Mans និង Orleans កាត់ចោលទៅលីគទី៣ឡើយ ប៉ុន្តែបែរជាអនុញ្ញាតឲ្យក្រុមកំពូលតារាង National ចំនូនពីរក្រុមឡើងទៅលីគទីកម្រិត២របស់បារាំងវិញ ដែលក្រុមទាំងពីរនោះគឺ Pau និង Dunkerque តែម្ដង។ ដូច្នេះ Ligue 2 រដូវកាលក្រោយ ២០២០-២១ ត្រូវមានក្រុមចំនួន ២២ ប្រកួតប្រជែងគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com