COVID-19
កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​៣​រូប ពិចារណា​បើក​ការប្រកួត​កីឡា​ឡើងវិញ​
21, May 2020 , 5:29 pm        
រូបភាព
ដោយ:
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​សារ​បែកធ្លាយ​ជា​សំឡេង បាន​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​៣​រូប ពិចារណា​ពាក់ព័ន្ធ​ការបើក​ឲ្យ​មានការ​ប្រកួត​កីឡា​ឡើងវិញ​។ ​សម្តេច​យល់ថា ការប្រកួត​កីឡា​ដោយ​បិទទ្វារ ពុំមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​នោះទេ ក្នុង​កាលៈទេសៈ​កម្ពុ​ជាប​ច្ចុ​ប្បន្ន​។ រដ្ឋមន្ត្រី​ទាំង​៣​រូប នឹង​ជួបជុំគ្នា ដើម្បី​ពិភាក្សាគ្នា​ពាក់ព័ន្ធ​បញ្ហា​នេះ​នៅ​ល្ងាច​ថ្ងៃទី​២១ ឧសភា ឆ្នាំ​២០២០​។

 
​នៅក្នុង​សារ​ជា​សំឡេង ដែល​បាន​បែកធ្លាយ​នៅ​ថ្ងៃទី​២១ ឧសភា ឆ្នាំ​២០២០ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា វា​ល្មម​ដល់ពេល ដែល​កម្ពុជា​ត្រូវ​បើក​ឲ្យ​មានការ​ប្រកួត​កីឡា​ឡើងវិញ​ហើយ បន្ទាប់ពី​បាន​ផ្អាក​សកម្ម​ភាពជា​បណ្តោះអាសន្ន​អស់​រយៈពេល​ជិត​៣​ខែ​កន្លងមកនេះ​។ សម្តេច ជំរុញ​ឲ្យ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​, លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ពិភាក្សាគ្នា​ពាក់ព័ន្ធ​បញ្ហា​នេះ​។ 
 
« កន្លងទៅ​វិស័យ​កីឡា​យើង​អនុញ្ញាត​ឲ្យ​បណ្តា​ស្ថានីយទូរទស្សន៍​ប្រកួត ដោយ​បិទទ្វារ ហើយ​កីឡា​ដទៃទៀត គឺ​ស្ងប់ស្ងាត់​។ ខ្ញុំ​ពិនិត្យឃើញថា យើង​គួរ​ចាប់ផ្តើម​ឲ្យ​មាន​សកម្មភាព​កីឡា​គ្រប់​ទម្រង់​។ ប៉ុន្តែ​បើសិន​មានការ​ប្រកួត គឺ​ក៏​ប្រកួត​បិទទ្វារ​ដែរ អ៊ីចឹង​ទេ​ខ្ញុំ​គិតថា ហានិភ័យ​នៅ​កន្លែង​នឹងមិន​ច្រើន​ទេ​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច ហ៊ុន សែន​។ 
 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​អះអាងថា សំឡេងដែល​បាន​បែកធ្លាយ​នោះ​ពិតជា​សំឡេង​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតប្រាកដ​មែន ខណៈ​លោក​ក៏បាន​ទទួល​សំឡេង​នេះដែរ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក​បាន​បន្ថែមថា លោក​រដ្ឋមន្ត្រី​ទាំង​៣​រូប​រួមមាន​លោក ម៉ម ប៊ុនហេង​, លោក ថោង ខុន និង​លោក ហង់ ជួន ណា​រ៉ុ​ន នឹង​ជួប​ពិភាក្សាគ្នា​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នៅ​ល្ងាច​ថ្ងៃទី​២១ ឧសភា ឆ្នាំ​២០២០​។​
 
​ការជំរុញ​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​នេះ ទំនង​ធ្វើឡើង​ក្រោម​ហេតុផល​ស្ថានភាព​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា មាន​ភាព​ធូរស្បើយ បន្ទាប់ពី​អ្នកជំងឺ​ទាំង​១២២​នាក់​បាន​ព្យាបាល​ជាសះស្បើយ​១០០​ភាគរយ​។ ម្យ៉ាងទៀត សម្តេច​យល់ឃើញថា ការប្រកួត​កីឡា​ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ផ្ទាល់ ពុំមាន​ហានិភ័យ​ខ្ពស់​សម្រាប់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​នោះទេ​។ 
 
​សម្តេច​បាន​ប្រៀបធៀប​ថា វិស័យ​កីឡា​មាន​ហានិភ័យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ទាប​ជាង​វិស័យ​ទេសចរណ៍​។ តែ​យ៉ាងណា សម្តេច ជំរុញ​ឲ្យ​ស្ថាប័ន ដែល​ទទួលបន្ទុក​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​នីមួយៗ បន្ត​ចាត់វិធានការ​ការពារ​ឲ្យ​បាន​ម៉ឺងម៉ាត់ ក្នុងការ​បង្ហារ​និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។  
 
​សម្តេច​បានលើកឡើង​ដូច្នេះ​ថា​៖«​យើង​ត្រូវ​កំណត់​ទាក់ទិន​នឹង​ការប្រកួត ដូចជា​ប្រកួត​បាល់ទាត់​យើង​មិនត្រូវ​ឲ្យ​មាន​អ្នក​ចូល​មើល​នោះទេ គឺ​ខ្ញុំ​គិតថា ក្នុង​មួយកន្លែង​មិន​ច្រើន​ទេ បើ​បាល់ទាត់​យើង​ថា​យ៉ាងច្រើន​៥០​ទៅ​៦០​នាក់​ទៅ​ចុះ ហើយ​ទីធ្លា​ក៏​ធំ ដូច្នេះ​ហានិភ័យ​មិនជា​ខ្ពស់​ទេ​។ ម្យ៉ាងទៀត​យើង​ប្រគល់​ឲ្យ​សហព័ន្ធ និង​ក្លិប​ទទួលខុសត្រូវ ហើយ​កន្លែង​ប្រកួត​យើង​ត្រូវមាន​វិធានការ​ម៉ឺងម៉ាត់​ទៅ​បញ្ហា​ការត្រួតពិនិត្យ​កម្តៅ និង​វិធានការ​ផ្សេងៗ​ទៀត មុន​អនុញ្ញាត​ឲ្យ​ចូល​ទីលាន​ប្រកួត​»​។  
 
​ការជំរុញ​ឲ្យ​មានការ​ពិចារណា​នេះ ធ្វើឡើង​ក្រោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បារម្ភ​ពី​ការធ្លាក់ចុះ​គុណភាព​កីឡា​នៅ​កម្ពុជា ដ្បិត​នៅសល់តែ​៣​ឆ្នាំ​ទៀត​ប៉ុណ្ណោះ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​។ សម្តេច​បាន​បន្ថែមថា​៖«​ធនធាន​កីឡា​របស់​យើង បើ​យើង​ពន្យា​ចោល​យូរពេក គឺ​ការហ្វឹកហាត់​ក៏​មិន​បានធ្វើ ការប្រកួត​ក៏​មិនបាន​ធ្វើ គឺ​ធ្វើ​ឲ្យ​វិស័យ​កីឡា​យើង​ក៏​ចុះខ្សោយ​ដែរ​។ ដូច្នេះ​ត្រូវ​ពិចារណា​លើ​រឿង​នឹង ហើយ​ត្រូវ​ផ្តល់​មតិ​មក​ឲ្យ​ខ្ញុំ​វិញ បើ​ឯកភាពគ្នា​ហើយ​យើង​ប្រកាស​ឲ្យ​បើក​ការប្រកួត​តែម្តងទៅ​។ ខ្ញុំ​គិតថា វា​ល្មម​ដល់ពេល​ហើយ​»​។   
​ទោះបី​សម្តេច ហ៊ុន សែន ជំរុញ​ឲ្យ​ពិចារណា​ក្នុង​ការបើក​ឲ្យ​មានការ​ប្រកួត​កីឡា​ឡើងវិញ​ក៏ពិតមែន តែ​រាល់​អាជីវកម្ម​ក្លិប​ហាត់ប្រាណ ខារ៉ាអូខេ ម៉ាស្សា​ស្ប៉ា និង​កន្លែង​កម្សាន្ត​នានា សម្តេច ពុំទាន់​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​ឡើយ​៕  
 

Tag:
 សម្តេច ហ៊ុន សែន​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com