COVID-19
អន្តរជាតិ
ស្ត្រី​ស្រីលង្កា​៣​នាក់ ត្រូវគេ​ជាន់​ដល់​ស្លាប់​ខណៈ​តម្រង់​ជួរ​យកលុយ​អំណោយ​៨​ដុល្លារ​
22, May 2020 , 10:08 am        
រូបភាព
រូបភាពនៅកន្លែងកើតហេតុ_AFP
រូបភាពនៅកន្លែងកើតហេតុ_AFP
ដោយ:
​ស្ត្រី​៣​នាក់​ត្រូវគេ​ជាន់​រហូតដល់​ស្លាប់ អំឡុងពេល​ប្រទាញប្រទង់​យកលុយ​អំណោយ​៨​ដុល្លារ​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​ក្នុង​ទីក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា កាលពី​ថ្ងៃទី​២១ ខែឧសភា ខណៈ​ពលរដ្ឋ​ស្រីលង្កា​ជាច្រើន​រស់នៅ​យ៉ាង​លំបាកលំបិន អំឡុងពេល​បិទ​ប្រទេស​ទប់ស្កាត់ COVID-19 ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ពួកគេ​។

 
​មនុស្ស​ប្រមាណ​១០០០​នាក់ បាន​ឈរ​តម្រង់​ជួរ​នៅក្រៅ​ឃ្លាំង​អ្នកជំនួញ​ស្រីលង្កា​ម្នាក់ សម្រាប់​ការចែក​លុយ​ប្រចាំឆ្នាំ​របស់លោក អំឡុង​ខែ​បួស​របស់​អ្នក​កាន់សាសនា​ឥស្លាម​។ សមាជិកសភា​តំបន់​ម្នាក់ លោក Mujibur Rahman បញ្ជាក់​បែបនេះ​។ លោក បន្តថា នៅពេល​អ្នកយាម​បើកទ្វារ​ឃ្លាំង មនុស្សម្នា​បាននាំគ្នា​សម្រុក​ទៅយក​អំណោយ​ជា​លុយ​៨​ដុល្លារ ដែល​ស្មើនឹង​ប្រាក់ចំណូល​កម្មករ​ម្នាក់​អាច​រកបាន​ក្នុង​មួយថ្ងៃ​។ 
 
​លោក Rahman បញ្ជាក់ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកខ្លះ​បាន​ព្យាយាម​ជ្រែក​ជួរ​សម្រុក​ចូលទៅក្នុង​ឃ្លាំង ហើយ​ពេលនោះ ស្ត្រី​ដែល​នៅ​ជួរមុខ​គេ បាន​ដួល​ដល់​ដី និង​ត្រូវបាន​គេ​ជាន់​រហូតដល់​អស់​ជីវិត​តែម្ដង​។ 
 
​ក្នុង​ហេតុការណ៍​ជាន់គ្នា​នេះ មនុស្ស​៩​នាក់​ផ្សេងទៀត រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។ លោក​សមាជិកសភា​ស្រីលង្កា​ខាងលើ ក៏​កត់សម្គាល់ថា ឆ្នាំនេះ​គឺមាន​មនុស្ស​ច្រើន​ឈរ​តម្រង់​ជួរ​ចាំ​យកប្រាក់​អំណោយ​ជាង​ឆ្នាំ​សព្វដង​ក្នុងពេល​១០​ឆ្នាំ​ចុងក្រោយ​។ 
 
​តាម AFP លោក Rahman បន្តថា ប្រជាជន​គ្មាន​រកប្រាក់​ចំណូល​សូម្បី​មួយ​សេន​ក្នុងពេល​២​ខែ​ចុង​ក្រោយនេះ ព្រោះតែ​បញ្ជា​បិទ​ប្រទេស​ដើម្បី​ទប់ស្កាត់ COVID-19 ដែល​ឆ្លង​មនុស្ស​ក្នុងប្រទេស​នេះ​សរុប​ជាង​១​ពាន់​នាក់ និង​សម្លាប់​៩​នាក់​ហើយ​។ លោក​សង្កត់ធ្ងន់ថា ពលរដ្ឋ​ស្រេកឃ្លាន ហើយ​នៅពេល​ពួកគេ​ដឹងថា​មានការ​ចែក​លុយ មនុស្ស​ជាង​១​ពាន់​នាក់​បានបង្ហាញ​ខ្លួន​បែបនេះ​។​
 
​ស្នងការ​ប៉ូលិស​ក្រុង កូឡុំបូ Deshabandu Tennakoon ប្រាប់​អ្នកសារព័ត៌មាន​ថា អ្នកជំនួញ​ដែល​អាជ្ញាធរ​ស្រីលង្កា​សម្រេច​មិន​បង្ហាញ​ឈ្មោះ និង​បុគ្គលិក​លោក​៥​នាក់​ទៀត ត្រូវបាន​ចាប់​ឃាត់ខ្លួន​ពីបទ​បំពាន​បញ្ជា​បិទ​ប្រទេស​។ 
 
​សូម​បញ្ជាក់ដែរថា ការចែក​លុយ​របស់រ​ដ្ឋា​ភិ​បាល​ស្រីលង្កា​សម្រាប់​ខែឧសភា​នេះ ដែល​លុយ​ជាង​២៦​ដុល្លារ​ត្រូវ​ផ្ដល់ជូន​ពលរដ្ឋ​៥,១៤​លាន​គ្រួសារ​ដែល​រស់នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ ក៏បង្ក​ចលាចល​ក្នុងភូមិ​ជាច្រើន​ផងដែរ​ក្នុងប្រទេស​៕ 

Tag:
 ស្រីលង្កា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com