អន្តរជាតិ
របាយការណ៍​ថ្មី​ព្រមាន​ថា​វិបត្តិ​កូ​វីដ​១៩​ធ្វើ​ឲ្យ​ការអភិវឌ្ឍ​មនុស្សជាតិ​ធ្លាក់ចុះ​ជា​លើកដំបូង​ក្នុងពេល​៣០​ឆ្នាំ​ចុងក្រោយ​
22, May 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ សិស្សជនជាតិបារាំងកំពុងរៀនក្នុងថ្នាក់រៀនមួយ នៅតំបន់ Strasbourg ប្រទេសបារាំង កាលពីថ្ងៃទី១៤ ខែឧសភា​ ឆ្នាំ២០២០។
រូបឯកសារ៖ សិស្សជនជាតិបារាំងកំពុងរៀនក្នុងថ្នាក់រៀនមួយ នៅតំបន់ Strasbourg ប្រទេសបារាំង កាលពីថ្ងៃទី១៤ ខែឧសភា​ ឆ្នាំ២០២០។
ដោយ: VOA
​វ៉ាស៊ីនតោន ៖ របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (United Nations Development Programme) ឬ​ហៅ​កាត់​ថា UNDP បាន​បង្ហាញថា ការអភិវឌ្ឍ​មនុស្ស​ជាស​កល អាច​នឹង​ធ្លាក់ចុះ​ជា​លើកដំបូង​នៅ​ឆ្នាំ ២០២០ នេះ ដែលជា​ការធ្លាក់ចុះ​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ៣០ ឆ្នាំ​ចុង​ក្រោយនេះ​។​

 
​របាយការណ៍​ដែលមាន​ចំណងជើង​ថា «Covid-19 and Human Development: Assessing the Crisis, Envisioning the Recovery» ចេញផ្សាយ កាលពី​យប់​ថ្ងៃ​ពុធ ទី​២០ ខែឧសភា ឆ្នាំ​២០២០ បាន​រកឃើញថា ជំងឺ​កូ​វីដ​១៩ បាន​វាយប្រហារ​យ៉ាងដំណំ​ទៅលើ​សុខភាព ការអប់រំ និង​ប្រាក់ចំណូល​របស់​មនុស្ស​នៅ​ទូទាំង​សកលលោក​។​
 
​ការណ៍​នេះ​បានធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ទំនោរ​នៃ​ការអភិវឌ្ឍ​មនុស្ស ចាប់តាំងពី​ឆ្នាំ ១៩៩០ មក​។​
 
​រហូតមកដល់​ពេលនេះ ជំងឺ​កូ​វីដ​១៩ ដែល​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​បាន​ឆ្លងទៅ​មនុស្ស​ជាង ៥ លាន​នាក់​និង​បានសម្លាប់​មនុស្ស​អស់​ជាង ៣ សែន​នាក់ ក្នុងប្រទេស​និង​ដែនដី​ប្រមាណ ២០០ ទូទាំង​សកលលោក​។ នេះ​បើ​ផ្អែក​តាម​ទិន្នន័យ​នៃ​មជ្ឈមណ្ឌល​ធនធាន​ព័ត៌មាន​អំពី​វីរុស​កូ​រ៉ូ​ណា នៃ​សកល​វិទ្យាល័យ​Johns Hopkins ក្នុង​សហរដ្ឋអាមេរិក​។​
 
​របាយការណ៍ UNDP បញ្ជាក់ថា ដោយសារ​សាលា​បិទទ្វារ ៦០ ភាគរយ​នៃ​កុមារ​ដែល​សិក្សា​នៅ​បឋមសិក្សា​មិន​បានទទួល​ការអប់រំ ហើយ​ចំណូល​ប្រចាំឆ្នាំ​សម្រាប់​មនុស្ស​ម្នាក់ៗ​នៅ​ទូទាំង​សកលលោក​នៅ​ឆ្នាំ ២០២០ នេះ​ត្រូវគេ​រំពឹងថា នឹង​ធ្លាក់ចុះ ៤ ភាគរយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com