ជាតិ
វិធីសាស្ត្រកុំឲ្យហ្គេមអនឡាញ Jumpy Jumpy រំខានគណនីហ្វេសប៊ុកលោក-អ្នក!
× ហ្គេមអនឡាញ (Instant Game) ដែលមានឈ្មោះថា Jumpy Jumpy និងហ្គេមមួយចំនួនទៀត បានរំខានដល់អ្នកប្រើប្រាស់បណ្តេញសង្គមហ្វេសប៊ុក តាមរយៈការទាញយករូប Profile របស់អ្នកប្រើប្រាស់ទៅភ្ជាប់ជាមួយអ្នកដទៃ ទាំងសាម៉ីខ្លួនមិនដឹងរឿង។ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីល្ងាចថ្ងៃទី២១ ខែឧសភា បានចេញការណែនាំពីវិធីសាស្ត្រទប់ស្កាត់ការវាយលុករបស់ហ្គេមមួយនេះ ក៏ដូចជាហ្គេមផ្សេងទៀត។
Jumpy Jumpy ត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្រាប់អ្នកប្រើប្រាស់គណនី Facebook លេងកម្សាន្ត ហើយការបង្កើតហ្គេមប្រភេទ Instant Game គឺក្នុងគោលបំណងរកប្រាក់ចំណូលតាមរយ:ការទិញ Items (សម្ភារក្នុងហ្គេម) ឬបានមកពីការផ្សាយពាណិជ្ជកម្មផ្សេងៗ។
«ការទាញយករូប Profile របស់គណនី Facebook មកបង្ហាញលើអត្ថបទហ្គេម និងមានការចែករំលែកបន្ត ដោយអ្នកលេងហ្គេមនេះ ជាមួយនឹងពាក្យអសីលធម៌លើចំណងជើងអត្ថបទ ធ្វើឲ្យអ្នកប្រើប្រាស់មានការយល់ច្រលំថាបុគ្គលនោះយករូបខ្លួនទៅផុស និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ»។ នេះជាការកត់សម្គាល់របស់នាយកដ្ឋានព័ត៌មានវិទ្យា។
ស្ថាប័នជំនាញរបស់ក្រសួងមហាផ្ទៃ បានស្នើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម រក្សាឲ្យបាននូវសេចក្ដីថ្លៃថ្នូរ សីលធម៌សង្គម ដោយអ្នកលេងហ្គេមទាំងអស់ គួរបញ្ឈប់នូវសកម្មភាពអសីលធម៌ ជាបន្ទាន់ ។
ខាងក្រោមនេះជាការណែនាំរបស់នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ
ប្រសិនបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជួបនូវបញ្ហាដូចរៀបរាប់ខាងលើ អាចធ្វើការ Report អត្ថបទហ្គេមនេះបាន ដោយអនុវត្តវិធីសាស្ត្រ ដូចខាងក្រោម៖
- នៅផ្នែកខាងស្តាំលើអត្ថបទ ចុចលើសញ្ញា "…"
- ជ្រើសរើសយក "Find Support or Report Post"
- ជ្រើសរើសយក "Spam" -> "Next" -> "Done"
បើអ្នកបានលេងហ្គេមនេះ អាចចូលទៅលុបវាបាន តាមរយ:៖
- ក្នុងគណនី Facebook ជ្រើសរើសយក Settings -> Instant Games
- ធ្វើការ Remove ប្រភេទហ្គេមដូចរៀបរាប់ខាងលើ (ឧទាហរណ៍៖ Jumpy Jumpy ជាដើម)៕
© រក្សាសិទ្ធិដោយ thmeythmey.com