COVID-19
អន្តរជាតិ
លោក ត្រាំ ថា នឹងមិន​បិទ​ប្រទេស​ទេ បើសិន​ជាមាន​រលក​ឆ្លង​ជំងឺ COVID-19 លើក​ទី​២
22, May 2020 , 2:17 pm        
រូបភាព
លោកដូណាល់ ត្រាំ ក្នុងដំណើរទស្សនកិច្ចរោងចក្រFord។រូបភាពAP
លោកដូណាល់ ត្រាំ ក្នុងដំណើរទស្សនកិច្ចរោងចក្រFord។រូបភាពAP
ដោយ:
​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃទី​២១ ខែឧសភា​នេះ បាន​និយាយថា អាមេរិក នឹងមិន​បិទ​ប្រទេស​ឡើយ បើសិនជា​អាមេរិក​រង​រលក​ឆ្លង​ជំងឺ COVID-19 ជា​លើក​ទី​២​។ លោក ត្រាំ ថ្លែង​បែបនេះ ក្នុង​ដំណើរ​ទស្សនកិច្ច​រោងចក្រ Ford ដែល​ផលិត​ឧបករណ៍​ជំនួយ​ដង្ហើម​សម្រាប់​ព្យាបាល​COVID-19 នៅក្នុង​រដ្ឋ Michigan ។​



 
​យោងតាម​តួលេខ​ពី​សាកលវិទ្យាល័យ John Hopkins នៅក្នុង​រលក​ឆ្លង​លើក​ទី​១​ដែល​បន្ត​មាន​ដល់​សព្វ​ថ្ងៃទី​២១ ខែឧសភា​នេះ អាមេរិក​មាន​ករណី​ឆ្លង​ចំនួន​១,៥​លាន​ករណី និង​ស្លាប់​ចំនួន​៩៣,៤៣៩​នាក់​ហើយ​។ ខណៈ​ស្ថានការណ៍​ធូរ​បន្តិច ហើយ​សេដ្ឋកិច្ច​កាន់តែ​យ៉ាប់យ៉ឺន អាមេរិក ក៏​ចាប់ផ្ដើម​បើក​ដំណើរការ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងប្រទេស​ខ្លះ​។ បើសិន​រលក​ទី​ពីរ​កើតមាន​ពេល​បើក​សេដ្ឋកិច្ច​នេះ លោក ដូ​ណា​ល់ ត្រាំ បញ្ជាក់ថា អាមេរិក​មិន​បិទទ្វារ​ទៀតឡើយ​។ 
 
​យោងតាម​សារព័ត៌មាន CNBC នៅពេល​អ្នកសារព័ត៌មាន​សួរ​ពី​ការឆ្លង​រលក​ទី​២ អំឡុង​ទស្សនកិច្ច​រោងចក្រ Ford លោក ត្រាំ និយាយថា​៖ «​អ្នកណា​ក៏​និយាយ​ដែរ​ថា​វា​អាចទៅរួច វា​ជា​ស្តង់ដារ​ទៅហើយ​។ យើង​នឹង​ពន្លត់ភ្លើង តែ​យើង​នឹងមិន​បិទ​ប្រទេស​របស់​យើង​ឡើយ​»​។ លោក​ត្រាំ បន្ត​ដោយ​ប្រៀបធៀប​ទៀតថា អាមេរិក​អាច​នឹង​ពន្លត់ភ្លើង​បាន មិន​ថា​វា​ជា​អណ្តាតភ្លើង ឫ​រងើកភ្លើង​ឡើយ តែ​នឹងមិន​បិទ​ប្រទេស​ទេ​។​
 
​កន្លងមក លោក ត្រាំ ធ្លាប់បាន​និយាយថា ជំងឺ COVID-19 នេះ​នឹង​បន្ត​រហូតដល់​ខែសីហា ហើយនឹង​ចប់​តែម្ដង​។ ប៉ុន្តែ​អ្នកជំនាញ​សុខភាព រួមបញ្ចូល​ទាំង​មនុស្ស​នៅក្នុង​រដ្ឋបាល​លោក​ត្រាំ​ផងដែរ បាន​ព្រមាន​ថា​ជំងឺ COVID-19 អាច នឹង​បន្ត​រហូតដល់​ខែកញ្ញា រហូតដល់​ខែ​ចុងខែ​កុម្ភៈ​ឆ្នាំ​២០២១ ហើយនឹង​កាន់តែ​ពិបាក​គ្រប់គ្រង​ទៅទៀត​នៅពេល​រដូវ​ផ្តាសាយ​ចាប់ផ្តើម​។​
 
​ចំណែកឯ​លោក​វេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញ​ជំងឺឆ្លង និង​សមាជិក​ក្រុមការងារ COVID-19​របស់​សេត​វិមាន ប្រាប់​កាសែត Washington Post កាលពី​សប្តាហ៍​នេះ​ថា វា​មិនមែនជា​រឿង​សង្ស័យ​ទេ ដែល​នឹងមាន​រលក​ឆ្លង​ថ្មី​។ លោក​បន្ថែមថា វីរុស​ស​នេះ​នឹងមិន​ទៅណា​ឡើយ ហើយ​វា​ងាយ​ឆ្លង​ទោះជា​នៅពេលណា​ឫ កន្លែង​ណាក៏ដោយ ហើយ​ដរាបណា​នៅមាន​ករណី​ឆ្លង វា​នឹងមាន​ហានិភ័យ​នៃ​ការ​ងើប​ឡើងវិញ​។​
 
​សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ​តាម​រដ្ឋ​នីមួយៗ បានដាក់​ចេញ​វិធានការ​តឹងតែង​រៀងៗ​ខ្លួន​លើ​ប្រជាពលរដ្ឋ និង​អាជីវកម្ម​។ ប៉ុន្តែ​ក្រោយ​ពេលដែល​ឃើញ​មាន​ផលប៉ះពាល់​ខ្លាំង​លើ​សេដ្ឋកិច្ច លោក​ប្រធានាធិបតី ត្រាំ បាន​ទទូច​ក្តែ​ងៗ ឲ្យ​ចាប់ផ្តើម​បើក​សេដ្ឋកិច្ច​ឡើងវិញ​។ មកទល់ពេលនេះ​រដ្ឋ​ចំនួន​៥០ រួមទាំង​រដ្ឋ​ញូវយ៉ក​ដែលជា​កន្លែង​ផ្ទុះ​ជំងឺ​នៅ​អាមេរិក បានចាប់ផ្តើម​បើក​សេដ្ឋកិច្ច​ខ្លះ​ហើយ​។ ការបិទ​ប្រទេស​ក្នុង​រយៈពេល​ជាង​៩​សប្តាហ៍​នេះ បានធ្វើ​ឲ្យ​អ្នកគ្មានការងារ​ធ្វើ បាន​កើន​ឡើងដល់​៣៨​លាន់​នាក់​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com