អន្តរជាតិ
លោក ត្រាំ គ្រោងដកអាមេរិកពីសន្ធិសញ្ញាចំហមេឃជាមួយរុស្ស៊ី ប្រធានាធិបតី ដូណាល់ ត្រាំ និងក្រុមឧត្តមសេនីយ៍អាមេរិក។ រូបភាព AFP
× ប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃទី២១ ខែឧសភា ប្រកាសផែនការដកអាមេរិកចេញពីសន្ធិសញ្ញាចំហមេឃ (Open Skies Treaty) ជាមួយរុស្ស៊ី ដោយចោទរុស្ស៊ីថា មិនគោរពសន្ធិសញ្ញនេះ។ សម្ព័ន្ធមិត្តអាមេរិកនៅអឺរ៉ុប បានទាមទារឲ្យអាមេរិកគិតគូរពីជំហរខ្លួនឡើងវិញ ព្រោះសន្ធិសញ្ញានេះ ជាឯកសារសំខាន់សម្រាប់ការការពារសន្តិសុខអឺរ៉ុប។ ប៉ុន្តែប្រមុខការទូតអាមេរិកអះអាងថា អាមេរិក នឹងផ្ដើមនីតិវិធីដកខ្លួនដោយមិនអែអង់ឡើយ។
សន្ធិសញ្ញចំហមេឃដែលចូលជាធរមាននៅឆ្នាំ២០០២ ទំនងជាសន្ធិសញ្ញាយោធាទីបីដែលលោក ដូណាល់ ត្រាំ ដកអាមេរិកចេញ ចាប់តាំងពីការឡើងកាន់តំណែងនៅឆ្នាំ២០១៧ មក។ នៅថ្ងៃទី២១ ខែឧសភា លោក ត្រាំ និយាយថា លោកមានផែនការដកអាមេរិកចេញពីសន្ធិសញ្ញានេះ ព្រោះរុស្ស៊ីមិនបានអនុវត្តតាមឡើយ។
«រុស្ស៊ី មិនបានប្រកាន់ខ្ជាប់សន្ធិសញ្ញានេះឡើយ។ រហូតដល់ពេលពួកគេគោរព យើងនឹងដកខ្លួន។» លោក ត្រាំ និយាយបែបនេះទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន។
ទាក់ទងរឿងនេះ អ្នកនាំពាក្យមន្ទីរបញ្ចកោណ Jonathan Hoffman បញ្ជាក់ថា រុស្ស៊ីបានបំពានសន្ធិសញ្ញាម្ដងហើយម្ដងទៀត តែបើអនុវត្តវិញ គឺបង្កការគំរាមកំហែងដល់សន្តិសុខអាមេរិក និងសម្ព័ន្ធមិត្តតែម្ដង។ អ្នកនាំពាក្យរូបនេះបានលើកករណីមួយមកបង្ហាញ គឺការជំទាស់របស់រុស្ស៊ីក្នុងការអនុញ្ញាតឲ្យមានការហោះហើរលើតំបន់ដែលអាមេរិកជឿថា មូស្គូកំពុងពង្រាយមីស៊ីលចម្ងាយមធ្យមដែលអាចគំរាមអឺរ៉ុបដូចជានៅ Kaliningrad និងនៅព្រំដែនរុស្ស៊ី-ហ្សកហ្ស៊ី។ បើតាមអាមេរិក ទង្វើនេះជាការបំពានសន្ធិសញ្ញា។
ទីក្រុងមូស្គូឯណោះវិញ បានព្រមានថា ការដើរចេញរបស់អាមេរិក នឹងបំផ្លាញសន្តិសុខអឺរ៉ុប ហើយប៉ះពាល់ប្រយោជន៍សម្ព័ន្ធមិត្តអាមេរិកផងដែរ។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Heiko Maas បានទទូចឲ្យមេដឹកនាំអាមេរិកពិចារណាឡើងវិញ ព្រោះអាល្លឺម៉ង់ អង់គ្លេស ប៉ូឡូញ និងបារាំង ធ្លាប់ពន្យល់អាមេរិករួចអស់ហើយថា សកម្មភាពរុស្ស៊ី មិនទាន់អាចកយកធ្វើជាមូលហេតុដកខ្លួនឡើយ។ លោកអះអាងថា សមាជិកសន្ធិសញ្ញាទាំងឡាយ នឹងធ្វើគ្រប់គ្រងយ៉ាងដើម្បីការពារសន្ធិសញ្ញានេះ។
យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ បញ្ជាក់ថា អាមេរិក នឹងចេញលិខិតបញ្ជាក់បំណងដកខ្លួនទៅកាន់រដ្ឋសមាជិកផ្សេងទៀត។ ៦ខែក្រោយការជូនដំណឹងនេះ បើគ្មានអ្វីប្រែប្រួលទេ អាមេរិក នឹងដកខ្លួនជាផ្លូវការតែម្ដង។ លោក ប៉ុមប៉េអូ លើកឡើងថា អាមេរិកនឹងពិចារណាឡើងវិញ បើរុស្ស៊ីអនុវត្តតាមសន្ធិសញ្ញានេះវិញនោះ។
សន្ធិសញ្ញាចំហមេឃ គឺជាសន្ធិសញ្ញសំខាន់មួយដែលមានគោលដៅបង្កើតតម្លាភាពផ្នែកយោធា និងការទុកចិត្តរវាងមហាអំណាច។ សន្ធិសញ្ញានេះ អនុញ្ញាតឲ្យរដ្ឋសមាជិកមួយអាចហោះហើរស៊ើបការណ៍ផ្នែកយោធាក្នុងស្ថានភាពជាក់លាក់ពីលើរដ្ឋសមាជិកឯទៀតជាមួយការជូនដំណឹងពេលខ្លី។ អ្វីដែលសំខាន់នោះ សន្ធិសញ្ញានេះ មានគោលដៅកាត់បន្ថយជម្លោះដែរ ព្រោះភាគីទាំងអស់សុទ្ធតែអាចស៊ើបការណ៍ពីគ្នាទៅមក។
ប្រទេសចំនួន៣៥ជាសមាជិកសន្ធិសញ្ញានេះមាន រុស្ស៊ី អាមេរិក សមាជិកណាតូទាំងអស់ និងប្រទេសមួយចំនួនទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com