COVID-19
អន្តរជាតិ
ទោះ​ករណី​ឆ្លង COVID-19 ធ្លាក់ចុះ ថៃ​នឹង​បន្ត​ស្ថិតក្រោម​ភាពអាសន្ន​ដល់​ចុងខែ​មិថុនា​
22, May 2020 , 9:59 pm        
រូបភាព
​មជ្ឈមណ្ឌល​សម្រាប់​រដ្ឋ​បាល COVID-19 របស់​ថៃ នៅ​ថ្ងៃទី​២២ ខែឧសភា បាន​យល់ព្រម​លើ​សំណើ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ដែល​បន្ថែម​រយៈពេល​បិទ​ប្រទេស​ដល់​ដំណាច់​ខែមិថុនា​។ គណៈរដ្ឋមន្ត្រី​ថៃ នឹង​យល់ព្រម​លើ​សំណើ​ដូចគ្នានេះ​ក្នុង​កិច្ចប្រជុំ​សប្ដាហ៍​ក្រោយ​ផងដែរ មុននឹង​អនុវត្ត​ជា​ផ្លូវការ​។ លើសពីនោះ បម្រាម​គោចរ​ពេលយប់ ទំនងជា​ត្រូវ​បង្រួម​ថែមទៀត​ផងដែរ​។

 
​មជ្ឈមណ្ឌល​សម្រាប់​រដ្ឋ​បាល COVID-19 របស់​ថៃ បើក​កិច្ចប្រជុំ​របស់ខ្លួន​ថ្ងៃទី​២២ ខែឧសភា ដោយមាន​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ដែលជា​ប្រធាន​មជ្ឈមណ្ឌល​ដឹកនាំ​កិច្ចប្រជុំ​។ សំណើ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ថៃ​លើ​ការពន្យារ​រយៈពេល​ប្រកាសអាសន្ន​រយៈពេល​មួយខែ​ទៀត​។ 
 
​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ លោក Taweesilp Visanuyothin អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ខាងលើ និយាយថា កិច្ច​ប្រជុំបាន​ឯកភាព​តាម​សំណើ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ ដោយ​ភាពអាសន្ន​នឹង​បន្ត​ដល់​ចុងខែ​មិថុនា​។ បច្ចុប្បន្ន ការប្រកាសអាសន្ន​នេះ នឹង​ត្រូវអស់​សុពលភាព​ត្រឹម​ដំណាច់​ខែឧសភា​នេះ​។ ជាមួយគ្នានេះ គណៈរដ្ឋមន្ត្រី ក៏​នឹង​ផ្ដល់​ភ្លើង​បៃតង​ដល់​ការពន្យារ​ផងដែរ​ក្នុង​កិច្ចប្រជុំ​ថ្ងៃទី​២៦ ខែឧសភា​ខាងមុខ​។ 
 
​លោក Taweesilp បញ្ជាក់ថា ការបន្ត​សុពលភាព​ភាពអាសន្ន ដែលជា​ឧបករណ៍​សំខាន់​ក្នុង​យុទ្ធនាការ​ទប់ស្កាត់ COVID-19 ជា​រឿង​ចាំបាច់ ព្រោះ​សមរភូមិ​ប្រឆាំង COVID-19 មិនទាន់​ចប់​នៅឡើយ​ទេ ខណៈ​ការប្រឹងប្រែង​នៅតែ​បន្ត ពិសេស​ការទប់ស្កាត់​ក​រ​ណី​នាំចូល​ពី​ក្រៅប្រទេស​។ សព្វថ្ងៃ ថៃ ក៏​មិនទាន់​អនុញ្ញាត​ឲ្យ​មានការ​ហោះហើរ​ចូល​ប្រទេស​ដែរ ប៉ុន្តែ​បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​ក្នុងស្រុក​ជាច្រើន​ដូចជា ការបើកទ្វារ​ផ្សារ​ទំនើប និង​សកម្មភាព​ចាំបាច់​ផ្សេងទៀត​។​
 
​បន្ថែម​ពីលើ​នេះ ថៃ​ក៏​គ្រោង​អនុញ្ញាត​ឲ្យ​អាជីវកម្ម​ជាច្រើន​ទៀត​បើកទ្វារ​រកស៊ី​វិញ​ដែរ ចាប់ផ្ដើម​ពី​ខែមិថុនា​ទៅ ដែលជា​ផ្នែក​មួយ​នៃ​វិធានការ​បន្ធូរបន្ថយ​ដំណាក់កាល​ទី​បី ក្រោយ​ការ​បន្ធូរ​ពីរដង​កន្លងទៅ​។ ការ​បង្រួម​រយៈពេល​ប​ម្រាម​គោចរ ក៏​ស្ថិតក្នុង​ការពិចារណា​ដែរ ព្រោះ​ករណី​ឆ្លង COVID-19 ថ្មី​បន្ត​ធ្លាក់ចុះ​។ កាលពី​សប្ដាហ៍​មុន ថៃ​បាន​បន្ថយ​រយៈពេល​បម្រាម​គោចរ​ពី​ម៉ោង​១០​យប់​ដល់​៤​ព្រឹក​ទៅ​ម៉ោង​១១​យប់​ដល់​ម៉ោង​៤​ព្រឹក​វិញ​។​
 
​គិត​ត្រឹម​ថ្ងៃទី​២២ ខែឧសភា ថៃ​មាន​ករណី​ឆ្លង​ចំនួន​៣០៣៧​នាក់ និង​ស្លាប់​៥៦​នាក់​។ អ្នក​សះស្បើយ​មាន​ចំនួន​២៩១០​នាក់​៕
 
 
 

Tag:
 ​ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com