COVID-19
អន្តរជាតិ
សិង្ហ​បុរី មាន​ករណី​ឆ្លង COVID-19 សរុប​កើន​លើសពី ៣​ម៉ឺន​ករណី​
22, May 2020 , 4:33 pm        
រូបភាព
ពលករបរទេស ដែលស្នាក់នៅនិវេសនដ្ឋាន។ រូបភាព Reuters
ពលករបរទេស ដែលស្នាក់នៅនិវេសនដ្ឋាន។ រូបភាព Reuters
សិង្ហ​បុរី នៅ​ថ្ងៃទី​២២ ខែឧសភា បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង COVID-19 ថ្មី​ចំនួន ៦១៤​ករណី​។ តួលេខ​នេះ បានធ្វើ​ឲ្យ​សិង្ហ​បុរី​មាន​ករណី​ឆ្លង​សរុប​លើសពី ៣​ម៉ឺន​ករណី ដែល​នៅតែ​រក្សា​តំណែង​ជា​ប្រទេស​មាន​ករណី​ឆ្លង COVID-19 ច្រើនជាងគេ​នៅក្នុង​តំបន់​អាស៊ាន​។


​តាមរយៈ​សេចក្តីប្រកាស​តួលេខ​COVID-19 ប្រចាំថ្ងៃ​របស់​ក្រសួងសុខាភិបាល សិង្ហ​បុរី បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន ៦១៤​ករណី​។ ភាគច្រើន​នៃ​ករណី​ថ្មី​នេះ គឺជា​កម្មករ​បរទេស ដែល​រស់នៅក្នុង​និវេសនដ្ឋាន និង​៤​ករណី​ផ្សេងទៀត គឺជា​ជនជាតិ​សិង្ហ​បុរី​។ យ៉ាងណាក៏ដោយ នេះ​គ្រាន់តែ​ជា​តួលេខ​បឋម​តែប៉ុណ្ណោះ ក្រសួង នឹង​ប្រកាស​ព័ត៌មាន​លំអិត​នៅពេល​ក្រោយ​។ 
 
​តួលេខ​ឆ្លង​COVID-19 សរុប​របស់​សិង្ហ​បុរី​មាន​ចំនួន ៣០៤២៦​ករណី និង​អ្នកស្លាប់​ចំនួន ២៣​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ១២១១៧​ករណី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ Channel News Asia​។ 
 
​កន្លងមក ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី រដ្ឋាភិបាល​សិង្ហ​បុរី បានចេញ​វិធានការ​រឹតត្បិត​ការធ្វើដំណើរ​នៅក្នុង​ប្រទេស បិទ​សាលារៀន​បណ្តោះអាសន្ន បញ្ចេញ​ថវិកា​ជួយសង្គ្រោះ​សេដ្ឋកិច្ច​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​វិធាន​ការការពារ​ផ្សេងទៀត​។ 
 
​សូមបញ្ជាក់ថា ក្នុងចំណោម​បណ្តា​ប្រទេស​ទាំងអស់​នៅក្នុង​តំបន់​អាស៊ាន សិង្ហ​បុរី គឺជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង COVID-19 ច្រើនជាងគេ ខណៈពេល​ឡាវ មាន​ករណី COVID-19 សរុប​តិចជាងគេ ត្រឹមតែ ១៩​ករណី​ប៉ុណ្ណោះ បើ​ធៀប​ជាមួយ​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់​៕ 

Tag:
 សិង្ហ​បុរី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com